​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​ថា បុរស​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​វាយប្រហារ​ប្តី​របស់​ប្រធាន​សភា ណាន់​ស៊ី ផេ​ឡូ​ស៊ី ដោយ​ញញួរ​បាន​ប្រាប់​​ប៉ូលិស​ថា គាត់​ចង់​ចាប់​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយ “​បំបែក​ក្បាលជង្គង់​របស់គាត់​” ដើម្បី​បង្ហាញ​សមាជិក​សភា​ផ្សេង​ទៀត​ថា​នឹងមាន​”​ផលវិបាក​ចំពោះ​រាល់​​សកម្មភាព​”​។​

​នៅក្នុង​ពាក្យបណ្តឹង​សហព័ន្ធ​ដ៏​ព្រឺព្រួច​មួយ ក្រុមមន្ត្រី​បាន​និយាយថា លោក ដេវីដ ដឺ​ផា​ផេ (David DePape) អាយុ ៤២ ឆ្នាំ ដែល​ផ្ទុក​ខ្សែ​រឹតដៃ ស្កុត និង​ខ្សែ​ចង​នៅ​ក្នុង​កាបូបស្ពាយ​បាន​សម្រុក​​ចូល​ទៅក្នុង​ផ្ទះ​របស់​គូស្នេហ៍​មួយគូ​នេះ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ឡើង​ជាន់​លើ កន្លែង​ដែល​លោក ផូល ផេ​ឡូ​ស៊ី (Paul Pelosi) អាយុ ៨២ ឆ្នាំ​កំពុង​ដេក​លក់​ហើយ​ទាមទារ​​និយាយ​ជាមួយ “​ណាន់​ស៊ី​”​។​

​ដេវីដ ដេ​ប៉ាប៉េ (ឆ្វេង) លោកស្រីផេឡូស៊ី និងស្វាមី

​លោកស្រី ប្រូ​ក ជែន​គីន (Brooke Jenkins) រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​ប្រកាស​ពី​ការចោទប្រកាន់​របស់​​រដ្ឋ​ប្រឆាំង​នឹង​លោក​ដឺ​ផា​ផេ រួម​ទាំង​ការប៉ុនប៉ង​ធ្វើឃាដ យ៉ាង​ដូច្នេះ​ថា “​ផ្ទះ​នេះ​និង​ប្រធាន​សភា​ផ្ទាល់​គឺជា​គោលដៅ​ជាក់លាក់​”​។​

​លោកស្រី​ជែន​គី​ន​បាន​និយាយថា “​នេះ​គឺជា​ចេតនា​នយោបាយ​”​។ លោកស្រី​បាន​អង្វរ​សាធារណជន​ឱ្យ “​ប្រយ័ត្ន​ពាក្យសម្ដី​ដែល​យើង​និយាយ ហើយ​បន្ថយ​កម្រិត​សំឡេង​វោហា​សាស្ត្រ​នយោបាយ​របស់​យើង​”​។​

​លោកស្រី​ជែន​គី​ន​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ថា ក្រុម​អ្នក​ស៊ើបអង្កេត​ជឿថា ដឺ​ផា​ផេ​បាន​ស្រាវជ្រាវ​ជា​មុន​ដើម្បី​កំណត់​គោលដៅ​លើ​​លោកស្រី​ផេ​ឡូ​ស៊ី​។​

​លោកស្រី​បាន​និយាយថា “​នេះ​មិនមែន​ជា​អ្វី​ដែល​គាត់​ធ្វើ​ដោយ​គ្មាន​ផែនការ​នោះទេ​”​។​

​អាជ្ញាធរ​បាន​និយាយថា ដឺ​ផា​ផេ​បាន​វាយកម្ទេច​ទ្វារ​កញ្ចក់​នៅ​ខាងក្រោយ​ផ្ទះ​ដោយ​ញញួរ ចូល​ទៅ​បន្ទប់​គេង​នៅ​ជាន់​ខាងលើ ហើយ​ប្រាប់​លោក​ផូល ផេ​ឡូ​ស៊ី​ឱ្យ​ភ្ញាក់ឡើង​។​ដោយ​ប្រឈម​មុខ​នឹង​លោក​​ផេ​ឡូ​ស៊ី រូប​គេ​ទាមទារ​ចង់ដឹងថា​តើ “​ណាន់​ស៊ី​” នៅឯណា ហើយ​និយាយ​ថា​រូប​គេ​នឹង​រង់ចាំ​លោកស្រី នេះ​បើ​យោង​តាម​អាជ្ញាធរ​។​

​ការលើកឡើង​របស់​រដ្ឋអាជ្ញាបាន​ធ្វើឡើងខ​ណៈ​ដែល​ការអត្ថាធិប្បាយ​ដ៏​អាក្រក់​លើ​ការវាយប្រហារ​នេះ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​និង​ខណៈ​ដែល​ការវាយប្រហារ​ដ៏​អាក្រក់​នេះ​បាន​បង្កើន​បរិយា​​កាស​នយោបាយ​ដ៏​វឹកវរ​នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​៕

​លោកស្រី ប្រូ​ក ជែន​គីន អង្វរ​សាធារណជន​ឱ្យ “​ប្រយ័ត្ន​ពាក្យសម្ដី​ដែល​យើង​និយាយ ហើយ​បន្ថយ​កម្រិត​សំឡេង​វោហា​សាស្ត្រ​នយោបាយ​របស់​យើង​”