ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ កិច្ច​គាំពារ​បរិស្ថាន និង​ការវាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ត្រូវបាន​ពង្រឹង កែលម្អ និង​សម្រួច​ជា​បន្តបន្ទាប់ ក្លាយជា​យន្តការ សំខាន់​ដែល​ត្រូវបាន​ទទួលយក​យ៉ាង​ទូលំទូលាយ ដើម្បី​គាំពារ​សុខុមាលភាព​សាធារណៈ និង​ធានាបាន​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ក្នុងឱកាស​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ លោក ប៉ាក សុខា​រ៉ាវុត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​លទ្ធផល​សិក្ខាសាលា​ស្តីពី​កិច្ច​គាំពារ​បរិស្ថាន ដោយបាន​លើកយក​ប្រធានបទ​រង​ចំនួន​ប្រាំមួយ មក​បង្ហាញ​រួមមាន​ដូចជា​៖

​ទី​១).​វិធានការ​ពង្រឹង​ការគ្រប់គ្រង​គុណភាព​ខ្យល់​៖ ការតាមដាន​គុណភាព​ខ្យល់​សាធារណៈ និង​ទិសដៅ វិធានការ​ទប់ស្កាត់​ការបំពុល​ខ្យល់

​ទី​២).​វិធានការ​គ្រប់គ្រង​គុណភាព​ទឹក​៖ ការងារ​តាមដាន​គុណភាព​ទឹក​នៃ​ប្រភពទឹក​សាធារណៈ​, ស្ថានភាព​គុណភាព​ទឹក​នៃ​ប្រភពទឹក​សាធារណៈ និង​ទិសដៅ វិធានការ​ទប់ស្កាត់​ការបំពុល​ទឹក

​ទី​៣).​វិធានការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​៖ ស្ថានភាព​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​, បញ្ហា​ប្រឈម​លើ​ការគ្រប់គ្រង សំណល់​រឹង​ទីប្រជុំជន និង​ទិសដៅ វិធាន​ការពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​

​ទី​៤).​វិធានការ​គ្រប់គ្រង​សារធាតុ​គ្រោះថ្នាក់​និង​សំណល់​គ្រោះថ្នាក់​៖ ស្ថានភាព​ការគ្រប់គ្រង​សារធាតុ​និង​សំណល់​គ្រោះថ្នាក់​, បញ្ហា​ប្រឈម​លើ​ការគ្រប់គ្រង​សារធាតុ​និង​សំណល់​គ្រោះថ្នាក់ និង​ទិសដៅ វិធានការ​ពង្រឹង​ការគ្រប់គ្រង​សារធាតុ​និង​សំណល់​គ្រោះថ្នាក់

​ទី​៥).​វិធានការ​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្តិ​កិច្ច​គាំពារ​បរិស្ថាន​៖ ស្ថានភាព​ការជំរុញ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​កិច្ច​គាំពារ​បរិស្ថាន​, បញ្ហា​ប្រឈម​ក្នុង​ការជំរុញ​អនុវត្ត​ច្បាប់​គាំពារ​បរិស្ថាន និង​ទិសដៅ វិធានការ​ជំរុញ​ការអនុវត្ត​ច្បាប់​គាំពារ​បរិស្ថាន​នៅតាម​ប្រភព​បំពុល

​ទី​៦).​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​៖ ការចុះ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​, បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​។​

​ដោយឡែក​លោក វ៉ាន់ មុនីនាថ អគ្គនាយក​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ក្រសួងបរិស្ថាន​ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​របាយការណ៍​លទ្ធផល​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣​។​

​ក្នុងឱកាស​នៃ​ការធ្វើ​បទ​បង្ហាញ លោក​អគ្គនាយក បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ​រួមមាន​៖

១).​តួនាទី​ស្នូល​ក្រសួងបរិស្ថាន និង​យន្តការ​និរន្តរភាព ២).​សមិទ្ធផល​ការងារ​សំខាន់​ដែល​សម្រេច ៣).​លទ្ធផល​ពី​អង្គសិក្ខាសាលា​របស់​អគ្គ​នាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ
៤).​បញ្ហា​ប្រឈម និង​៥).​ទិសដៅ​ការងារ​ឆ្នាំ​២០២៣​។

​ដោយឡែក លោក វ៉ាន់ មុនីនាថ បាន​លើកឡើងថា អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ នៃ​ក្រសួងបរិស្ថាន ដែលជា​លេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានដាក់​ចេញ​ការងារ​អាទិភាព​នៅក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៩-២០២៣ ដោយ​កំណត់​កម្មវិធី​សកម្ម​ភាពជា​យុទ្ធសាស្ត្រ​ចំនួន​៦ រួមមាន ក្របខណ្ឌ​ច្បាប់ និង​គោលនយោបាយ​ជាតិ​, ការប្រែប្រួល​អាកាសធាតុ​, ជីវៈចម្រុះ និង​ជីវៈ​សុវត្ថិភាព​, សេដ្ឋកិច្ច​បៃតង​, វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា និង​ការ​ប្រតិ​ប​ត្ដិ​ការ​។​

​ជាមួយគ្នានេះ​លោក អគ្គនាយដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ នៃ​ក្រសួងបរិស្ថាន បាន​ត្រៀមខ្លួន​ក្នុងការ​សម្រប​ទៅនឹង​ការផ្លាស់ប្តូរ​បរិបទ នៃ​ការអភិវឌ្ឍ​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ដើម្បី​រួមចំណែក​ជំរុញ​សមាហរណកម្ម​វិធានការ​គោលនយោបាយ​ជាតិ​ជា​យុទ្ធសាស្ត្រ​ប្រកបដោយ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្នុង​វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព តាមរយៈ​ការបង្កើន​ប្រ​សិ​ទិ្ធ​ភាព និង​យន្តការ​អនុវត្ត​ឱ្យបាន​កាន់តែ​ប្រសើរ​។​

​ជាមួយគ្នានេះ​លោក ជ្រិ​ន សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងបរិស្ថាន​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​លទ្ធផល​សិក្ខាសាលា​បូកសរុប​ការងារ​របស់​អង្គភាព​ថវិកា​ទី​៦ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣ ដោយបាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​បី រួមមាន​៖ ទី​១)​លទ្ធផល​ការងារ​សម្រេចបាន​រប​ស់​អង្គភាព​ថវិកា​ទី​៦, ទី​២)​បញ្ហា​ប្រឈម និង​ទី​៣)​ទិសដៅ​អនុវត្ត​និង​សំណូមពរ​។​

​លោក ជ្រិ​ន សុខា បានឱ្យដឹង​បន្ថែមថា ការសម្រេចបាន​នូវ​ទស្សនវិស័យ​រដ្ឋបាល​ទំនើប​នាពេល​បច្ចុប្បន្ន ត្រូវបាន​ចាត់ទុកជា​ចលករ​គន្លឹះ​ដែល​ជំរុញ​ដល់​ការអនុវត្ត​គោលបំណង គោលនយោបាយ នៃ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព​៕​