​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុយ​ក្រែ​ននិង​សំរេច​ចិត្តផ្អាក​ការចូលរួម​កម្មវិធី​នាំចេញ​ធញ្ញជាតិ​សមុទ្រ​​ខ្មៅ​ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​កង​នាវា​របស់​រុស្ស៊ី​នៅគ្រីម៉េ ដែល​លោក​បន្ទោស​លើ​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​

​ពូ​ទីន បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ដ្រូ​ន​របស់​អ៊ុយ​ក្រែន​បាន​ប្រើផ្លូវ​សមុទ្រ​ដូច​ដែល​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ប្រើ​នៅ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​សម​ប្រប​សម្រួល​ដោយ​អង្គការ​​សហប្រជាជាតិ​។​

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានចោទប្រកាន់អ៊ុយក្រែនថាប្រើច្រកដឹកជញ្ជូនសមុទ្រខ្មៅនាំគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោកដើម្បី«គោលបំណងយោធា និងវិច្ឆេទកម្មប្រឆាំងកងនាវារបស់រុស្ស៊ី ហើយវាជាមូលហេតុដែលខ្លួនផ្អាកការចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ។លោកបានព្រមានថារុស្ស៊ីនឹងមិនអនុញ្ញាតអោយនាវាដឹកដឹកគ្រាប់ ធញ្ញជាតិចេញដោយគ្មានការយល់ព្រមពីខ្លួនជាមុនឡើយ។

​រដ្ឋាភិបាល​ទីក្រុង​គៀវ​មិនបាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ និង​បាន​បដិសេធថា​ខ្លួន​មិន​បាន​ប្រើ​ផ្លូវ​សន្តិសុខ​នៃ​កម្មវិធី​នាំចេញ​គ្រាប់​ធញ្ញជាតិ​នេះ​សំរាប់​គោលដៅ​យោធា​ដែរ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា មិន​មាន​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ណា​ប្រើ​ផ្លូវ​សមុទ្រ​ខ្មៅ​ទេ​កាលពី​ថ្ងៃ​សៅរ៍​នៅពេល​រុស្ស៊ី​បាន​និយាយថា​នាវា​របស់​ខ្លួន​នៅគ្រីម៉េ​រង​ការវាយប្រ​ហា​រ​។​

​ក្នុងពេល​ជាមួយគ្នា នៅ​ចំ​ថ្ងៃ​២៥០​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន កាំជ្រួច​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់ស្រោច​ចូល​ទូទាំង​អ៊ុ​យក្រែន​។​ការផ្ទុះ​បានធ្វើអោយ​កក្រើក​រដ្ឋធានី​គៀវ ដោយ​បញ្ជូន​ផ្សែងខ្មៅ​ចូលក្នុង​អា​​កាស​។​

​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​ហេដ្ឋារចនាសម្ពន្ធ​នៅ​យ៉ាងតិច​ប្រាំមួយ​តំបន់​របស់​អ៊ុយ​ក្រែន​កាលពីថ្ងៃ​ចន្ទ ។​ពួក​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយ​ថា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថាមពល រួម​មាន​ទំនប់​វា​រី​អគ្គិសនី​រង​​ការវាយប្រហារ​ដោយ​នាំអោយផ្តាច់​ភ្លើង កំដៅ​និង​ការផ្គត់ផ្គង់​ទឹក​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​ចំនួន​៤៤​គ្រាប់ តែ​ការវាយប្រហារ​នាំអោយ​ទីក្រុង​គៀវ​ដាច់​ភ្លើង​និង​៨០​ភាគរយ​គ្មាន​ទឹកស្អាត​ប្រើ​។​បើ​តាម​ប៉ូលិស ការវាយប្រហារ​របស់​​រុស្ស៊ី​នៅ​ទីក្រុង​គៀវ​បណ្តាលអោយ​របួស​មនុស្ស​១៣​នាក់​៕

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន និយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ

អ្នកទីក្រុងគៀវបារម្ភអំពីការខ្វះទឹកស្អាតក្រោយការវាយប្រហាររបស់រុស្ស៊ី