ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់មនុស្សមួយចំនួន ដែលបានលើកឡើង ពាក់ព័ន្ធនឹងការតែងតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈលោក ឌិត ទីណា ជាវិស្វកររ៉ែ ដោយសម្ដេច បានថ្លែងថា សម្ដីបែបនេះ បង្ហា​ញឲ្យឃើញ អំពីការខ្វះការចេះដឹង ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ អ្នកខ្លះបានលើកជាមតិថា មន្ត្រីកសិកម្មមួយគ​គោក មិនយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែ ឯណា ទៅធ្វើរដ្ឋមន្ត្រីកសិកម្ម ជាការល្អហើយ រដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្ម ចេះអស់នៅ? ស្អីខ្លះកសិកម្មនោះ? និយាយឲ្យវាច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ ។

សម្ដេចតេជោ បានមានប្រសាសន៍ថាៈ ” វិស័យកសិកម្ម មិនមែនគ្រាន់តែធ្វើស្រែចម្ការ តែមួយមុខទេ គឺមានកិច្ចការងារជាច្រើន ។ ដូច្នេះ ថាតើអ្នកដែលរិះគន់ អំពីការតែងតាំង រដ្ឋមន្ត្រីក្រសួងកសិកម្មនោះ ចេះកសិកម្ម អស់ឬនៅ ? សម្ដេចតេជោ ថ្លែងថា ចេញសម្ដី បែបនេះមក បង្ហា​ញឲ្យឃើញ អំពីការខ្វះការចេះដឹង អ្វីទៅដែលហៅថា ភាពដឹកនាំ? “។

សម្ដេចតេជោ បានបញ្ជាក់ថាៈ ” ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យធ្វើការ។ បញ្ហាវា នៅត្រង់ហ្នឹង។ ខ្ញុំមិនប្រដៅ ចំពោះអ្នកវិភាគ ឬអ្នកលើកឡើងនោះទេ ក៏ប៉ុន្តែខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថា វាទាល់តែជំនាញកសិ កម្ម ទើបសមរម្យ ” ៕ V / N