ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមទទួលឥទ្ធិពលទ្រនុងសម្ពាធ ខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់បក់ មកពីទិសឦសាន ដែលនាំមកនូវធាតុអាកាស ចុះត្រជាក់ពេលព្រឹក នៅបណ្តាខេត្តមួយចំនួន ដូចជា មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អអ្សាសេ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាព អប្បបរមា មានពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ១៧ ទៅ ២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ធាតុអាកាស អាចចុះត្រជាក់ នៅពេលព្រឹក នៅបណ្តាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អង្សាសេ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច៕ V / N