ដោយៈ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាៈ «ការបង្កើតតំបន់ការពារធម្មជាតិ គឺដើម្បីអភិរក្សជីវៈចម្រុះ។ ការបង្កើតតំបន់ការពារ ធម្មជាតិ មានសារៈសំខាន់ជាសារវ័ន្ត និងជាសសរកន្លោង សម្រាប់រក្សាលំនឹង និងទ្រទ្រង់ ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាសហគមន៍ មូលដ្ឋាន និងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់»។

 

លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងដូច្នេះ នាពេលព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ ។

នៅថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ បានចាប់ផ្តើម ដោយការធ្វើបទបង្ហាញរបស់លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ ទាក់ទងនឹងរបាយការណ៍លទ្ធផលការងារ សិក្ខាសាលាការត្រួតពិនិត្យ វឌ្ឍនភាពការងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ។

លោក គឹម ណុង បានលើកឡើងពីសមិទ្ធផលការងារចម្បងៗ ដែលអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ សម្រេចបានរួមមាន៖ ១)កិច្ចការពារ ថែរក្សា និងអភិរក្សធនធាន ធម្មជាតិនិងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ, ២)កិច្ចការពារ និងអភិរក្សព្រៃឈើ សម្រាប់គាំទ្រ ដល់ការលក់ឥណទានកាបូន, ៣)ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ តាមតំបន់ការពារធម្មជាតិ, ៤)ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស, ៥)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ តាមតំបន់ការពារធម្មជាតិ, ៦)ការរៀបចំចងក្រង ឯកសារ សម្រាប់ពង្រឹងការអនុវត្ត និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និង៧) កិច្ចសហការជាមួយ បណ្តាអង្គការដៃគូអភិរក្សជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត។

លោក បានគូសបញ្ជាក់ឱ្យដឹងថាៈ ផែនការយុទ្ធសាស្រ្តជាតិ សម្រាប់គ្រប់គ្រងតំបន់ ការពារធម្មជាតិ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវ សម្រាប់កៀរគរធនធាន និងដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួម អនុវត្តចក្ខុវិស្ស័យ លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យមាននិរន្តរភាព មានជាអាទិ៍៖ ១) កំណត់អាទិភាព ពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ , ២) បង្កើនការ គ្រប់គ្រង តំបន់ការពារធម្មជាតិ ដោយចីរភាព, ៣) ពង្រីកការចូលរួម និងបង្កើនផលប្រយោជន៍ របស់សហគមន៍មូលដ្ឋាន និង ៤)ពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការ៕ V / N