​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការ​ជាន់គ្នា ដែល​បាន​សម្លាប់​មនុស្ស ១៥៤ នាក់​នៃ​ពិធីបុណ្យ​ហាល់​ឡូ​វីន (Halloween) នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​រំលឹក​ពី​ភាព​ភ័យរន្ធត់​​នៃ​ការ​ឃើញ​សាកសព​ចំនួន ៤០ រាយប៉ាយ​នៅ​ជុំវិញ​ខ្លួន​នាង បន្ទាប់ពី​បាន​គេចផុត​ពី​ឧបទ្ទវហេតុ​នេះ​។​

​អាជ្ញាធរ​កំពុង​រង​ការស្តីបន្ទោស​ចំពោះ​ការគ្រប់គ្រង​ហ្វូងមនុស្ស​មិនល្អ បន្ទាប់ពី​មនុស្ស ១០០.០០០ នាក់​ដែល​ភាគច្រើន​ក្នុង​វ័យ​ជំទង់​និង​អាយុ​២០​ស្តើង​ក្នុង​ឈុត​សម្លៀកបំពាក់​ហាល់​ឡូ​វីន​នៅ​រាត្រី​ដើរ​​ហើរ​ខាងក្រៅ​ដំបូង​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​កូវី​ដ​ក្នុង​រយៈពេល​បី​ឆ្នាំ បាន​សម្រុក​ដើរ​តាម​ដងផ្លូវ​ក្នុង​សង្កាត់​កម្សាន្ត​ពេល​រាត្រី អ៊ីតេ​វ៉ុន (Itaewon)​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​ថា ពួកគេ​បាន​ដាក់ពង្រាយ​មន្ត្រី​ចំនួន ១៣៧ នាក់​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដែល​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​។ ប៉ុន្តែ​សាក្សី​បាន​និយាយថា ពួកគេ​ផ្តោតលើ​ការដោះស្រាយ​ជាមួយ​ការប្រើប្រាស់​គ្រឿងញៀន​ជាជាង​ការគ្រប់គ្រង​ហ្វូង​មនុស្ស​នៅ​តាម​ផ្លូវ​តូចចង្អៀត​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​តារា​សម្ដែង​និង​ជា​តារាចម្រៀង​វ័យ ២៤ ឆ្នាំ លី ជី ហាន (Lee Ji Han) ដែល​បាន​បង្ហាញខ្លួន​ក្នុង​រឿង​ភាគ​ទូរទស្សន៍ Produce 101 ដើម្បី​បង្កើត​ក្រុម K-pop​។ ក្រោយមក រូបគេ​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង​ភាគ​ដ៏​ពេញនិយម​មួយ​ទៀត​គឺ​រឿង Nam Hyan Day ក្នុង​ឆ្នាំ ២០១៩​។​

​ភ្នាក់ងារ​របស់​គាត់​បា​ន​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ​តារា​វ័យក្មេង​រូបនេះ ដែល “​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការសម្ដែង​យ៉ាង​ស្រស់បំព្រង​”​។​

​នាង​មីន (Mink) និង ហ្វេ​ដេ​រីកា (Federica) ជា​និស្សិត​មកពី​ប្រទេស​ហូ​ឡង់​និង​អ៊ីតាលី​បាន​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​គ្រា​ដែល​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​បាន​ដួល​​ជាន់​លើ​គ្នា​និង​ទទួល​ការសង្គ្រោះ CPR ។​

​នាង​មីន​បាន​ប្រាប់ BBC ថា “​នៅ​ចុង​ផ្លូវ​មាន​សាកសព ៣០ ទៅ ៤០ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​។ អ្នក​រាល់គ្នា​មាន​ភាពសប្បាយ​រីករាយ ញញឹម​ស្រស់ លេង​វីវក់ មើល​ទៅ​អស្ចារ្យ​ណាស់​។​សោកនាដកម្ម​នេះ​មិនមែន​​ជា​រឿង​ដែល​អ្នក​អាច​ស្រមៃ​ថា​នឹង​កើតឡើង​នោះទេ​”​។​

​នាង​ហ្វេ​ដេ​រីកា​បាន​បន្ថែមថា “​សេ​អ៊ូ​ល​ល្បី​ណាស់​ខាង​ការពង្រាយ​ប៉ូលិស​គ្រប់កន្លែង ហើយ​ពួក​យើង​តែងតែ​មាន​អារម្មណ៍​សុវត្ថិភាព​។ រឿង​នេះ​គួរតែ​អាច​គ្រប់គ្រង​បាន​ល្អ​ជាង​នេះ​”៕

​លី ជី ហាន​ក៏​ស្ថិតក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ១៥៤ នាក់​ដែរ