ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ​ទៅពិនិត្យ​មើល​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

994
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​និយាយថា​លោក​ទទួលដំណឹង​អំពី​អំពើ​ឃោរឃៅ​ដែល​មិនអាច​នឹកស្មាន​ដល់​នៅក្នុង​អំឡុង​​ពេលធ្វើ​ទស្សនកិច្ច​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ទទួលខុសត្រូវ​ចំពោះ ” ឧ​ក្រិ​​ដ្ឋ​កម្ម ” ប្រឆាំង​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​។​

​លោក Antonio Guterres បានចាត់ទុក​ស្ថានភាព​នៃ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម ដែល​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ​ថា​ជា “​ស្ថានភាព​វិបត្តិ​ជំនួយ​មនុស្សធម៌​​និង​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​អាក្រក់ ” ។ លោក​បាន​និយាយ​ដូចនេះ នៅមុន​ពេលធ្វើ​ដំណើរ​ទៅពិនិត្យ​មើល​ទីជម្រក​បណ្តោះអាសន្ន​ដែល​ពោរពេញ​ដោយ​មនុស្ស​ដែល​​រត់​ភៀសខ្លួន​ពី​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំមុន ដែល​អង្គការសហប្រជាជាតិ​បាន​ប្រៀបធៀប​ទៅនឹង​អំពើ​បោសសម្អាត​ជនជាតិភាគតិច​។​

​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ​នេះ​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​អំពី​ការចាប់រំលោភ​និង​អំពើហិង្សា​ពី​ក្រុម​ជនភៀសខ្លួន​ដែល​កំពុង​រស់នៅក្នុង​ជំរំ​ដែលមាន​មនុស្ស​​ច្រើន ជាទី​កន្លែង​ដែល​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់ បាន​ស្វែងរក​ការ​ជ្រកកោន​ពី​អំពើហិង្សា​បន្តបន្ទាប់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក Antonio Guterres បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ជំរំ​ជនភៀសខ្លួន​Kutupalong ថា​” វា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​អាក្រក់​បំផុត​ជា​ប្រវត្តិសាស្ត្រ​។ ជួន​​កាល គេ​ទំនងជា​ភ្លេច​ថា​នរណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​អ្វីដែល​បានកើត​ឡើង​នេះ ។ ដូច្នេះ សូម​ដឹង​ឱ្យ​ច្បាស់​ថា​ការទទួលខុសត្រូវ​ចេញពី​កន្លែង​ណា​នោះ គឺ​វា​​ស្ថិតនៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧០០.០០០​នាក់ បាន​រត់​ភ្លៀស​ខ្លួន​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ខែសីហា​ដើម្បី​គេចចេញ​ពី​អំពី​ហិង្សា​នេះ​៕ដោយ៖សុខា/sn

លោក Antonio Guterres (​រូប​លើកដៃ​) មកដល់​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

ទីតាំងផ្សាយពាណិជ្ជកម្ម