ដោយៈ សរិទ្ធ / ភ្នំពេញ៖ ជនសង្ស័យចំនួន ១០នាក់ ដែលបានប្រព្រឹត្តអំពើលួច ដែលមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា ប្រើកាំបិត ដាវ កាប់ប្លន់ម៉ូតូ ពីជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅវេលាម៉ោង ២ រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ រួចបញ្ជូនខ្លួនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

ជនសង្ស័យ ជាមនុស្សប្រុសទាំង ១០ នាក់ ក្នុងនោះមាន ៩នាក់ ជាយុវជន មានអាយុ ១៨ ឆ្នាំដូចគ្នា និងស្នាក់នៅរាជធានីភ្នំពេញ រួមមានៈ ១. ឈ្មោះ សួន មុន្នីវឌ្ឍនា មុខរបរ ដឹកជញ្ជូនទំនិញ ស្នាក់នៅ ផ្ទះលេខ៤៤៣អា ផ្លូវលំ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ២. ឈ្មោះ ជា បូណាធីស័ក្ក មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
៣. ឈ្មោះ សុខ សុភី មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ៤. ឈ្មោះ សែត រ៉ាវី មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ។ ៥. ឈ្មោះ រ៉ែត ការិទ្ធ មុខរបរ លក់ទាអាំង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ៦. ឈ្មោះ ញាន សុផាន មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ៧. ឈ្មោះ ឌឹម វិត្ថារ៉ះ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួល សង្កែ ១ ខណ្ឌឬស្សីកែវ ។ ៨. ឈ្មោះ សាន សុវិសាល មុខរបរ សិស្សសាលាប៊ែលធី ស្នាក់នៅផ្ទះលេខ៤ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ៩. ឈ្មោះ ប្រុស ពុទ្ធិណា មុខរបរ សិស្សវិទ្យាល័យពោធិចិនតុង ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ដោយឡែក ទី១០. ឈ្មោះ ភូ សុំខហេង អាយុ ៣១ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវបេតុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថាៈ ចំពោះជនសង្ស័យទាំង ១០ នាក់នេះ គឺពាក់ព័ន្ធនឹងករណី ២ បទល្មើសផ្សេងគ្នា គឺករណីទី១ កាលពីវេលាម៉ោង ៩ៈ៣០ នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២២ មានជនសង្ស័យចំនួន ៣ នាក់ បានប្រព្រឹត្តបទល្មើសអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយជិះម៉ូតូបំបុក ជនរងគ្រោះ រួចនាំគ្នាយកបានដោយសុវត្ថិភាព ព្រមទាំងវាយទាត់ធាក់ ទៅលើជនរង គ្រោះ បណ្តាលឲ្យរងរបួស នៅចំណុចបុរីឡុងនី ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីទី២ កាលពីវេលាម៉ោង ០៤ៈ៣០ ទៀបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយជនសង្ស័យ ចំនួន ៧ នាក់ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាយកដាវ កាំបិត ប៉័ងតោ និងមួកសុវត្ថិភាព វ៉ៃកាប់ទៅលើជនរងគ្រោះ ប្លន់យកម៉ូតូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចចំនួន ៤ លើក គឺក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៣ ករណី និងភូមិសាស្ត្រខណ្ឌកំបូល ១ ករណី។

ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ រហូតបានសម្រេច៕/V-PC