ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសុំការយោគយល់ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រជាជននៅទីក្រុងភ្នំពេញអាចជួបការលំបាកបន្តិចព្រោះត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ចឹងក៏សុំអភ័យទោសទុកជាមុនសម្រាប់ប្រជាពលរដ្ឋរបស់យើងយើងធានាសុវត្ថិ ភាពយ៉ាងណាដើម្បីកុំឲ្យស្ទះចរាចរណ៍ឬរហូតទៅដល់បង្កឲ្យមានបញ្ហាជាមួយនឹង ភ្ញៀវរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងបិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យានិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួនជាង ៦ ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែ វិច្ឆិកា ២០២២ ។

សម្តេចតេជោមានប្រសាសន៍ថា៖«ខ្ញុំព្រះករុណា ខ្ញុំ សុំយកឱកាសនេះអំពាវនាវ និងសុំអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះ ប្រជាជននៅទីក្រុងភ្នំពេញយើង អាចជួបការលំបាកបន្តិចព្រោះយើងត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ ​ចឹងក៏សុំអភ័យទោសទុកជាមុនសម្រាប់ប្រជាពលរដ្ឋ របស់យើង យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឲ្យស្ទះចរាចរណ៍ឬរហូតទៅដល់បង្កឲ្យមានបញ្ហាជា មួយនឹងភ្ញៀវរបស់យើង។ ផ្លូវមួយចំនួននឹងត្រូវបិទបណ្ដោះអាសន្ននៅពេលមាន ភ្ញៀវ​បរទេសឆ្លងកាត់ដើម្បីសម្រួលការធ្វើដំណើរ ។ ចឹងផ្លូវមួយចំនួនច្បាស់ជាត្រូវបិទ មិនមែនបិទទាំងស្រុងទេគឺថាពេលណាដែលភ្ញៀវត្រូវចេញគឺយើងចាប់ផ្ដើមបិទដើម្បីរុញឲ្យភ្ញៀវ ធ្វើដំណើរ ចឹងទេសុំការខន្តីអភ័យទោសទុកជាមុនចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ»។

សម្តេចតេជោបានបន្តឲ្យដឹងថានៅពេលនោះសម្តេចក៏ត្រូវមកសម្រាកនៅសណ្ឋាគារសុខាផងដែរ ព្រោះសម្តេចត្រូវជួបសន្ទនាជាមួយភ្ញៀវច្រើន និងត្រូវដឹកនាំកិច្ចប្រជុំច្រើននៅ ទីនេះ ដូចនេះត្រូវសម្រាកនៅសណ្ឋាគារសុខាប្រហែលជា ២ យប់ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថាភាពមមាញឹកនៃកិច្ចប្រជុំកំពូលអ៊ាសាននឹងចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា តទៅ ដោយត្រូវទទួលទស្សនកិច្ចនាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី ៨ ,ទស្សនកិច្ចនាយករដ្ឋមន្រ្តីចិននៅថ្ងៃទី ៩ តែទោះបីយ៉ាងណាសម្តេចក៏មិនអាក់ខានជាមួយនឹងការដង្ហែល ព្រះមហាក្សត្រដុតភ្លើងទានថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានោះទេ… ។

សូមជម្រាបថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ៕