​ភ្នំពេញ​៖​កាលពី​ឆ្នាំ​២០០៨ ម៉ាលី គីម ជា​ជនជាតិដើម​ភាគតិច​មកពី​សហគម​ន៍​ភូមិ​ពូ​លុ ស្ថិត​ក្នុងចំណោម​អ្នកភូមិ​ជនជាតិដើម​ភាគតិច​ជាច្រើន​នាក់​មកពី​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដែល​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​អ្វីដែល​ពួកគេ​ចោទថា​ជាការ​ឈ្លានពាន​មកលើ​ដីព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​មួយកន្លែង​នៅ​តំបន់​នោះ ។​

​គីម បាន​រំឭក​ការចងចាំ​ពី​ព្រឹត្តិការណ៍​នោះ​ឡើងវិញ ថា មាន​ពេល​មួយ​នោះ ការតវ៉ា​បានក្លាយ​ជា​អំពើហិង្សា ដោយ​គ្រឿងចក្រ​ឈូសឆាយ​របស់​ក្រុមហ៊ុន​មួយចំនួន​ត្រូវបាន​ដុតបំផ្លាញ ។ ​ម៉ាលី គីម រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​វិវាទ​ដីធ្លី​នេះ​បាន​កើតឡើង​ដំបូង​បំផុត នៅ​ឆ្នាំ​២០០៨ ហើយ​កាលណោះ វិវាទ​នេះ​វា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ ឈ្មោះថា ខូវ ជាលី ប៉ុន្តែ​ក្រោយមកទៀត ក៏​លេចឡើង​នូវ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ឈ្មោះ សុក​ហ្វី​ន ។ កាល​ហ្នុ​ង មានការ​តវ៉ា ហើយ​គ្រឿងចក្រ​មួយចំនួន​របស់​ក្រុមហ៊ុន​ត្រូវបាន​ដុត​ឆេះ នៅពេលនោះ​» ។​

​បើ​យោងតាម ម៉ាលី គីម មានការ​ប្រឹងប្រែង​ជាច្រើនលើក​ច្រើនសា​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ប៉ុន្តែ ពុំមាន​ដំណោះស្រាយ​ឡើយ​ហើយ​វិវាទ​នេះ​ក៏បាន​អូសបន្លាយ​ពេល​អ​ស់​ជាច្រើន​ឆ្នាំ ។ ប៉ុន្តែ នៅ​ឆ្នាំ​២០១៧ អង្គការ​តំបន់​មួយ​ឈ្មោះថា គម្រោង​អភិបាលកិច្ច​ដីធ្លី​តំបន់​ទន្លេមេគង្គ (MRLG) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ​បានចាប់ផ្ដើម​អនុវត្ត​សាកល្បង​លើកដំបូង​បង្អស់​នៅ​កម្ពុជា នូវ​យន្តការ​សន្ធានកម្ម​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី ។​

​សន្ធានកម្ម ឬ​និយាយ​ជា​សាមញ្ញ​ថា ការសម្រុះសម្រួល​គ្នា​នេះ បាន​នាំយក​គូភាគី​វិវាទ គឺ​សហគមន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន សុក​ហ្វី​ន​-​ខេ​ស៊ី​ឌី​មក​ចូលរួម​ក្នុង​ដំណើរការ​ចរចា​គ្នា​មួយ​ដែល​ស៊ីពេល​យូរ​គួរសម និង​ដែល​ទីបំផុត​ទៅ ក៏បាន​ឈាន​មកដល់​កិច្ច​ព្រមព្រៀងគ្នា​ដើម្បី​បញ្ចប់​វិវាទ​នៅក្នុង​ឆ្នាំនេះ ។​

​សេចក្ដីថ្លែងការណ៍​រួមមួយ​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ស្ដីពី​ការដោះស្រាយ​វិវាទ​តាមរយៈ​ដំណើរការ​សម្រុះសម្រួល​ឯករាជ្យ រវាង​សហគមន៍​នៅក្នុង​ឃុំ​ប៊ូ​ស្រា និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វ៉ា​រ៉ា​ណា​ស៊ី និង​ក្រុមហ៊ុន សេដ្ឋី​កុឡា (​ក្រុមហ៊ុន សុក​ហ្វី​ន​-​ខេ​ស៊ី​ឌី​) និង​ក្រុមហ៊ុន កូ​វី​ផា​ម៉ា​។​ដំណើរការ​សម្រុះសម្រួល​នេះ​មាន​បំ​ណ​អនុវត្ត​នូវ​ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ និង​ជា​គម្រោង​សាកល្បង​សម្រាប់​ប្រទេស​កម្ពុជា ។ វា​ជា​ដំណើរការ​សហការ​ដោយ​ស្ម័គ្រចិត្ត ដែល​ភាគី​ទាំងពីរ​បានលើក ឡើង​អំពី​បញ្ហា​ដែល​បាន​រកឃើញ បង្កើត​ជម្រើស ពិចារណា​លើ​ជម្រើស​ផ្សេងៗ និង​បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា ។

​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​រួម សហគមន៍​បានទទួល​ការណែនាំ​និង​ការគាំទ្រ​ពី​អង្គការ Legal Aid of Cambodia (LAC) ហើយ​អ្នកសង្កេតការណ៍​និង​សាក្សី រួម មាន​ចាស់ទុំ​នៅក្នុង​ភូមិ មេឃុំ​ប៊ូ​ស្រា និង​តំណាង​មកពី​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UN OHCHR)​។​ការចរចា​នេះ​ត្រូវបាន​សម្រុះ សម្រួល​ដោយ​ក្រុមការងារ​សម្រុះសម្រួល​ឯករាជ្យ (IMG) ។ កិច្ចពិភាក្សា​ត្រូវបាន​ធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា​សម្រាប់​សហគមន៍​នីមួយៗ និង​រៀបចំឡើង​ទៅតាម​ប្រភេទ​នៃ​ការកាន់កាប់​ដី ។​

​យោងតាម​សេចក្ដីថ្លែងការណ៍​ដដែល ពាក់ព័ន្ធ​នឹង​ដី​រួម​របស់​សហគមន៍​ដែល​រួមមាន​ដីព្រៃ​អារក្ស ដីព្រៃ​តំណម ដីព្រៃ​ខ្មោច និង​ដី​បម្រុង​ទុក ភាគី​ក្រុមហ៊ុន​និង​សហគមន៍​ពូ​ទឺ​ត ពូ​រាំង ពូ​ចា និង​ពូ​លុ បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​ទីតាំង ទំហំ និង​ព្រំប្រទល់​ដី​រួម​សហគមន៍​ទំហំ ៥១១​ហិកតា ស្ថិតនៅក្នុង ELCs ។ តំណាង​សហគមន៍​បាន​ព្រម​ព្រៀង​ដាក់​ពា​ក្ស្នើ​សុំ​ចុះបញ្ជី​ដី​ប្រភេទ​ទាំងនេះ​នៅក្រោម​កម្មសិទ្ធិ​ជា​ដី​រួម​សហគមន៍ ទៅកាន់​រាជរដ្ឋាភិបាល ដើម្បី​ឱ្យមាន​ការទទួល​ស្គាល់​ស្របច្បាប់ ។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​រួម ។ ទន្ទឹមនឹងនេះ ដំណោះស្រាយ​ក៏​សម្រេចបាន​ផងដែរ សម្រាប់​ប្រភេទ​ដី​ផ្សេងទៀត ដូចជា ដីចម្ការ​តាម​ដងអូរ​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដីចម្ការ​ពាក់ព័ន្ធ ព្រមទាំង​ចម្ការកៅស៊ូ​គ្រួសារ ។

​សេចក្ដីថ្លែងការណ៍​រួម​បាន​និយាយថា «​តាមរយៈ​ដំណោះស្រាយ​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុងអំឡុងពេល​ដំណើរការ​សម្រុះសម្រួល​នេះ និង​ដែល​បាន​រៀបរាប់​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ភាគី​ទាំងអស់​បានធ្វើ​ការដោះស្រាយ​គ្រប់​បណ្ដឹង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ដែល​បាន​ចរចា​គ្នា ។​»

​យោងតាម​អង្គការ MRLG ករណី​នៅ​ខេត្តមណ្ឌលគិរី​នេះ គឺជា​គម្រោង​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ដំបូង​គេ​បង្អស់​ហើយ ដែល MRLG ផ្ដល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ទៅឱ្យ​អង្គការ​ក្នុងស្រុក NGO Forum on Cambodia និង​ក្រុម​សម្រុះសម្រួល​ឯករាជ្យ IMG ដើម្បី​គាំទ្រ​ដំណើរការ​សម្រុះសម្រួល​វិវាទ​នេះ និង​ទៅឱ្យ​អង្គការ Legal Aid of Cambodia (LAC)​ដើម្បី​ផ្ដល់​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន ។ អង្គការ​អនុវត្ត​គម្រោង​ទាំងនេះ​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ។

​ខណៈដែល​អ្នកភូមិ​ជាច្រើន​នាក់​មកពី​ភូមិ​ទាំង​ប្រាំ​នៅក្នុង​ឃុំ​ប៊ូ​ស្រា​ជ្រើស​រើសយក​ការចូលរួម​ដោះស្រាយ​វិវាទ​តាមរយៈ​សន្ធានកម្ម ឬ​ការសម្រុះសម្រួល​ក៏មាន​អ្នកភូមិ​មួយចំនួនទៀត​បានសម្រេច​ចិត្ត​បន្ត​ប្ដឹងតវ៉ា​ទៅកាន់​តុលាការ ផងដែរ ។​

​លោក សេក សោភ័ណ មេធាវី​នៃ​ការិយាល័យ​មេធាវី អ & អិ​ល នៅ​កម្ពុជា បានឱ្យដឹងថា អ្នកភូមិ​ជនជាតិដើម​ភាគតិច​ប្រមាណ ៨០​គ្រួសារ​មកពី​ឃុំ​ប៊ូ​ស្រា​ធ្លាប់បាន​ពឹងពាក់​រូបលោក​ដើម្បីឱ្យ​ផ្ដល់​ការណែនាំ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​របស់​ពួកគេ​ជាមួយនឹង​ក្រុមហ៊ុន សុក​ហ្វី​ន​-​ខេ​ស៊ី​ឌី ។ លោក​បាន​បន្ថែមថា នៅ​ទីបំផុត​គ្រួសារ​ទាំងនោះ​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ប្រទេស​បារាំង​ដោយមាន​ជំនួយ​ពី​មេធាវី​បរទេស​មួយរូប ។

​លោក សោភ័ណ បាន​និយាយថា លោក​ស្វាគមន៍​លទ្ធផល​នៃ​ការសម្រុះសម្រួល​ក្នុងករណី​វិវាទ​នៅ​ខេត្តមណ្ឌលគិរី ដោយ​លោក​ថា​គូភាគី​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ដំណោះស្រាយ​នេះ ។

​លោក​មេធាវី សេក សោភ័ណ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ស្វាគមន៍​នូវ​ដំណោះស្រាយ​នេះ ។ ខ្ញុំ​គិតថា វា​ល្អ ប្រសិនបើ​ដំណើរការ​ធ្វើឡើង​ដោយ​សុចរិត​និង​ត្រឹមត្រូវ ។​គូភាគី​ទាំងសងខាង​ទទួលបាន​ផលប្រយោជន៍​ពី​ការដោះស្រាយ​នេះ ។​»

​នៅក្នុង​ការឆ្លើយតប​តាម​អ៊ីមែល​មកកាន់​អ្នកសារព័ត៌មាន​តាមរ​យៈ​ក្រុមហ៊ុន​សេវា​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន សុក​ហ្វី​ន​-​ខេ​ស៊ី​ឌី បាន​និយាយថា​បុគ្គល​ទាំងអស់​ដែល​អះអាងថា​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ត្រូវបាន​ផ្ដល់ឱកាស​គ្រប់គ្នា​ឱ្យចូល​រួម​[​នៅក្នុង​ដំណើរការ​សម្រុះសម្រួល​] ។

​ក្រុមហ៊ុន​បាន​និយាយថា «​ប្រសិនបើ​មាន​អ្នកខ្លះ​ជ្រើសរើស​មិន​ចូលរួម​នៅក្នុង​ដំណើរការ​នេះ វា​ជាការ​សម្រេចចិត្ត​ដោយ​សេរី​របស់​ពួកគេ ហើយ​ក្រុមហ៊ុន​គោរព​ការ​សម្រេច​ចិត្ត​នោះ ។​» ​ក្រុមហ៊ុន សុក​ហ្វី​ន បាន​បន្ថែមថា «​យើង​ជឿជាក់ថា លទ្ធផល​នៃ​ការសម្រុះសម្រួល​បង្ហាញថា តាមរយៈ​តម្លាភាព ការចរចា​គ្នា និង​កិច្ចប្រឹងប្រែង​រួមគ្នា​ក្នុង​គោលដៅ​ស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក លទ្ធភាព​ប្រាកដ​ជាមាន​ដើម្បីឱ្យ​សហគមន៍​មូលដ្ឋាន​និង​វិស័យ​ឯកជន​អាច​សម្រេចបាន​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​គ្រប់ភាគី ។​»

​ក្នុងការ​អត្ថាធិប្បាយ​លើ​ករណី​សម្រុះសម្រួល​វិវាទ​នៅ​ខេត្តមណ្ឌលគិរីលោក Antoine Deligne អនុប្រធាន​ក្រុម​នៃ​គម្រោង​អភិបាលកិច្ច​ដីធ្លី​នៅ​តំបន់​ទន្លេមេគង្គ (MRLG)​​ដែលជា​អង្គការ​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​ដំណើរការ​សម្រុះសម្រួល បាន​និយាយថា បទពិសោធន៍​បាន​បង្ហាញថា ប្រសិនបើ​ភាគី​ទាំងពីរ​មាន​សុច្ឆន្ទៈ​ពិតប្រាកដ​នឹង​ពុំមាន​វិវាទ​ណាមួយ​ដែល​មិនអាច​ដោះស្រាយបាន​នោះឡើយ ។

​លោក Deligne បាន​និយាយថា «​ក្នុងករណី​ដែល​វិវាទ​រ៉ាំរ៉ៃ​ដែល​មិន​ត្រូវបាន​ដោះស្រាយ ឬ​ដែល​មិនអាច​ដោះស្រាយបាន​តាមរយៈ​ប្រព័ន្ធតុលាការ ការសម្រុះសម្រួល​គឺជា​យន្តការ​មួយ​ដ៏​មាន​ប្រយោជន៍​ខ្លាំងណាស់ ។​»

​នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធតុលាការ​ត្រូវបាន​រាយការណ៍​ថា បាន​ជួបប្រទះ​នឹង​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន​ហើយ​រដ្ឋាភិបាល​បាននិងកំពុង​ធ្វើការ​លើ​ការបង្កើត​គោល​នយោបាយ​និង​ក្របខ័ណ្ឌគតិយុត្តិ​នានា ដើម្បី​ជំរុញឱ្យមាន​ការដោះស្រាយ​វិវាទ​នៅក្រៅ​ប្រព័ន្ធតុលាការ ។

​យោងតាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កិច្ចការ​ជាច្រើន​បាននិងកំពុង​អនុវត្ត​ដើម្បី​បង្កើត​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដូចជា សន្ធានកម្ម នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ។​

​លោក ជិន ម៉ា​លីន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ការបញ្ចប់​វិវាទ​តាមរយៈ​យន្តការ​ក្រៅ​ប្រព័ន្ធតុលាការ ដូចជា សន្ធានកម្ម ឬ​ការសម្រុះសម្រួល​នេះ គឺជា​រឿង​ល្អ​ពីព្រោះ​វា​ចំណេញ​ទាំង​ពេលវេលា ទាំង​ថវិកា ។ វា​បង្កើត​នូវ​ភាព​សុខដុម​រម្យ​នារ​វាង​គូភាគី ពីព្រោះ​ពួកគេ​ស្ម័គ្រចិត្ត​ទទួលយក​ការបញ្ចប់​វិវាទ ។ ដូច្នេះ ខ្ញុំ​គិតថា ការបញ្ចប់​វិវាទ​តាមរយៈ​ការសម្រុះសម្រួល​នេះ គឺជា​ការល្អ​បំផុត​ហើយ ។​»

​លោក​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​បន្ថែមថា«​មិនមែន​គ្រប់​វិវាទ​ទាំងអស់​សុទ្ធតែ​ត្រូវ​ដោះស្រាយ​នៅ​តុលាការ​ទាំងអស់​នោះទេ។ ដូច្នេះ​ប្រសិនបើ​វិវាទ​អាច​ដោះ​ស្រាយបាន​តាមរយៈ​ការសម្រុះសម្រួល វា​ជា​ការជួយ​សម្រាល​ដល់​ប​ន្ទុ​ក​របស់​តុលាការ ដែល​កំពុង​ជួបប្រទះ​បញ្ហា​កង្វះ​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ។​»

​សម្រាប់​អ្នកភូមិ​ជនជាតិដើម​ភាគតិច ម៉ាលី គីម ការបញ្ចប់​វិវាទ​ដែល​អូស​បន្លាយពេល​យូរ​នៅក្នុង​សហគមន៍​របស់គាត់ មានន័យ​ស្មើនឹង​ក្ដីសង្ឃឹម​សម្រាប់​អនាគត ។ ម៉ាលី គីម ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សហគមន៍​ភូមិ​ពូ​លុ​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​ការសម្រុះសម្រួល​ដើម្បី​ស្វែងរក​ការដោះស្រាយ ដើម្បីឱ្យ​ភូមិ ឃុំ​សហគមន៍​របស់​យើង​អាចមាន​ការអភិវឌ្ឍន៍​ដូច​កន្លែង​ដទៃទៀត​នៅក្នុង​ប្រទេស​យើង​ដែរ​» ៕Ph

​ចំណងជើង​រូប ៖ សហគមន៍​ជនជាតិដើម​ភាគតិច នៅក្នុង​ឃុំ ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ចូលរួម នៅក្នុងកិច្ចចរចា រក​ដំណោះស្រាយ ចំពោះ​វិវាទ​ដីធ្លី តាមរយៈ យន្តការ​សម្រុះសម្រួល ។​