ដោយ៖ វណ្ណៈ / ព្រះសីហនុ៖ រយៈពេលមួយខែ នៃការបើកឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​បានបិទបញ្ចប់ហើយ ដូចនេះ ការធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ផ្តើមគិតតម្លៃ ចាប់ពីព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ដែលការបង់ប្រាក់ ត្រូវធ្វើឡើង​តាមចម្ងាយជាក់ស្តែង។

យោងតាមមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាៈ ចាប់ពីថ្ងៃនេះ តទៅ ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវបង់ប្រាក់ តាមចម្ងាយជាក់ស្តែង ឧទាហរណ៍ចម្ងាយ​«ភ្នំពេញ-ក្រុងព្រះសីហនុ​» បង់ ១២ ដុល្លារ(បានចុះតម្លៃ មក ៨០%) យានយន្ត Type​ «A»: ១. រថយន្តប្រភេទគ្រួសារ​ ៧ កៅអីចុះក្រោម​,
២. រថយន្តផ្ទុកទំនិញក្រោម ២តោន ៣. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡើងមាន​បិទលតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាត ដោយក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវតារាងកម្រៃលម្អិត ត្រូវគិតជា​ គីឡូម៉ែត្រ តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ​ក៏មានបិទ នៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមានៈ ផ្លាកលេខសម្គាល់យានយន្ត​ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព កាតព្វកិច្ចផ្សេងៗ តាមផ្លូវច្បាប់ ដែលបានកំណត់៕/V-PC