​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham អាច​នឹង​ធ្លាក់​បើ​ហ៊ាន​តែ​ចាញ់​នៅ​ទឹកដី​របស់ Marseille ដូច្នេះ​ពួកគេ​សុំ​ត្រឹមតែ​ស្មើ គឺ​សុវត្ថិភាព​ក្នុង UCL​។ ចំណែក ហង្ស​ក្រហម Liverpool ដែល​ជាប់​ទៅ​វគ្គ​បន្ទាប់​រួចហើយ​និង​ជាប់​លេខ​២​ស្វ័យប្រវត្តិ គឺ​គ្មានអ្វី​ត្រូវ​លេង​នោះទេ នៅពេល​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​លេខ​១ Napoli​។

​ការព្យាករណ៍ ៖

– Marseille vs Tottenham

* Tottenham អាច​ឈរ​ទី​កំពូល​ក្នុង​ពូ​ល​ជាមួយនឹង​ការ​ឈ្នះ​។​
* ក្រុម​ភ្ញៀវ​បាន​វាយបក​ពី​ចាញ់ ២-០ មក​ឈ្នះ Bournemouth វិញ ២-៣ កាលពី​ថ្ងៃ​សៅរ៍​។​
* Marseille មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ការប្រកួត​៤​លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ចាញ់​៣​ដង​។​
* ក្រុម​ម្ចាស់ផ្ទះ​បាន​ចាញ់ ៧ ដង​ក្នុង​ចំណោម​ការ​ប៉ះគ្នា ៩ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម​មក​ពី​អង់គ្លេស​។​

​ពូ​ល D គឺជា​ពូ​ល​បើកចំហ​ជាងគេ​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​នេះ ដោយ​ក្រុម​ទាំង​៤​សុទ្ធ​តែ​អាច​មានឱកាស​ឡើង​វគ្គ​បន្ទាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បើទោះបីជា​បច្ចុប្បន្នកំពុង​ឈរ​នៅ​បាត​តារាង​ក៏ដោយ ក៏ Marseille នៅតែ​អាច​ឈរ​នៅលើ​កំពូល​តារាង ប្រសិនបើ​លទ្ធផល​ឈ្នះ​បានមក​ខាង​ពួកគេ​។​

Tottenham ដឹង​ច្បាស់​ថា មួយ​ពិន្ទុ​គឺ​គ្រប់គ្រាន់​ដើម្បី​ឡើង​វគ្គ​បន្ទាប់ ដោយសារ​ក្រុម​ពីរ​ផ្សេង​ទៀត​ចាញ់​ប្រៀប​ការប្រកួត​ពីរ​ជើង​ទល់នឹង​ពួកគេ​។ ទោះយ៉ាងណា ជ័យជម្នះ​នឹង​ធ្វើឱ្យ Spurs ឈរ​កំពូល​តារាង និង អាច​ឱ្យ​ពួកគេ​ចាប់​គូ​ចំ​ក្រុម​ងាយស្រួល​នៅ​ជុំ​បន្ទាប់​។​

Marseille មិន​ឈ្នះ​សោះ​ក្នុង​ការប្រកួត​៩​លើក​ចុងក្រោយ​របស់​ពួកគេ​ទល់​នឹង​ក្រុម​អង់គ្លេស​នៅ Champions League ដោយ​ចាញ់​៧​ប្រកួត​ក្នុងចំណោម​នោះ​។ ឱកាស​របស់​ពួកគេ​ក្នុង​ឆ្លងទៅ​វគ្គ​បន្ទាប់​ក្នុង​សប្តាហ៍​នេះ​មើល​ទៅ​មិន​ទំនង​កើតឡើង​ទេ បើ​ទោះបីជា​ខំ​ប្រឹង​រក្សា​ការប្រកួតប្រជែង​ដ៏​តឹងតែង​ក្នុង​ពូ​ល​បាន​ក៏​ដោយ​។​

​ក្រុម​ម្ចាស់ផ្ទះ​បាន​ឆ្លងកាត់​៤​ប្រកួត​ដោយ​មិន​មាន​ជ័យជម្នះ​រហូតដល់​ចុង​សប្តាហ៍​នេះ ដោយ​ចាញ់​៣​លើក​។ ពួក​គេ​មើល​ទៅ​ហាក់ដូចជា​ត្រឡប់​ទៅរក​វិថី​ឈ្នះៗ​វិញ​នៅ​ទឹកដី​របស់ Strasbourg កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​ការ​របូត​លឿនៗ ២-០ បានធ្វើឱ្យ Marseille ជ្រុះ​២​ពិន្ទុ​ដ៏​សំខាន់​ក្នុង​ការដេញ​យក​កៅអី Champions League ក្នុង​ក្របខណ្ឌ Ligue 1 ។​

​ជាមួយ​នឹង​បរាជ័យ​៣​លើក​ក្នុង​ការប្រកួត​អឺរ៉ុប​ចំនួន​៥​លើក​ក្នុង​រដូវ​កាល​នេះ ក្រុម​ម្ចាស់ផ្ទះ​មើលទៅ​ហាក់​ចាញ់​ប្រៀប​លើសលប់​បន្តិច​ធៀប​នឹង​ក្រុម Spurs ដែល​កំពុង​តែ​លេង​ឡើង​ជើង​ឡើងវិញ​។​

Tottenham បាន​វាយបក​ពី​លទ្ធផល ២-០ កាលពី​ចុង​សប្តាហ៍​ដើម្បី​យកឈ្នះ Bournemouth ៣-២ ក្នុង​ជ័យជម្នះ​ដ៏​សំខាន់​។ លទ្ធផល​នោះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី Spurs បាន​ត្រឹម​ស្មើ Sporting Lisbon ដូច្នេះ​គេ​រំពឹង​ថា​ស្មារតី​នឹង​មាន​ខ្ពស់​នៅក្នុង​ជំរំ​របស់​ក្រុម​មាន់​ខ្នាយ​មាស​។ ដោយហេតុ​ថា​ទម្រង់​លេង​កំពុង​អន់​និង​កំណត់ត្រា​ខ្សោយ​របស់ Marseille ទល់​នឹង​ក្រុម​មក​ពី​អង់គ្លេស Spurs គួរតែ​អាច​យកឈ្នះ​លើ​ពួកគេ​ក្នុង​លទ្ធផល​ទស្សនទាយ ២-១​។​

– Liverpool vs Napoli

* Napoli បានឈ្នះ ១៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* Napoli បានឈ្នះ​ការប្រកួត​ទាំង ៥ ក្នុង​ពូ​ល រួម​ទាំង​ការ​ឈ្នះ ៤-១ លើ​ក្រុម Liverpool​។​
* ម្ចាស់ផ្ទះ​ចាញ់ Leeds និង Forest ក្នុង​៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ក្រុម​ភ្ញៀវ​បាន​ស៊ុត​បញ្ចូល​ទី ២០ គ្រាប់​ក្នុង​ការប្រកួត ៥ លើក​ក្នុង​ពូ​ល​នៃ UCL​។​

​លោក Jurgen Klopp គ្រោង​នឹង​ទទួល​បន្ទុក​ដឹកនាំ​ការប្រកួត Champions League លើក​ទី ១០០ របស់​គាត់​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​នៅ​សប្តាហ៍​នេះ ដែល​ជា​គ្រូបង្វឹក​អាល្លឺម៉ង់​ដំបូង​គេ​អាច​សម្រេចបាន​នូវ​ស្នាដៃ​នេះ​។ ទោះយ៉ាងណា ក្រោយ​ចាញ់​ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Leeds កាលពី​ចុង​សប្តាហ៍ វា​អាច​ក្លាយ​ជា​យប់ UCL ដ៏​លំបាក​មួយ​សម្រាប់​គ្រូបង្វឹក Liverpool រូបនេះ​។​

​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ឡើង​ជើង​ខ្លាំង Napoli នៅ​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុម​ភ្ញៀវ​កំពុង​នាំមុខ​កំពូល​តារាង​ទាំង​ក្នុង​ក្របខណ្ឌ Serie A និង​ក្នុង​ពូ​ល A​។ ពួកគេ​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​លេចធ្លោ​បំផុត ដូច្នេះ​ជ័យជម្នះ​មួយ​ផ្សេង​ទៀត​អាច​នឹង​កើតឡើង បើ​ទោះបីជា​ក្រុម Liverpool ជា​ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​ប្រៀប​ជាង​ក៏​ដោយ​។​

​ម្ចាស់ផ្ទះ​អាច​មាន​ប្រៀប​ឈ្នះ​ជាង​ក៏ពិតមែន ក៏​ប៉ុន្តែ​វា​នឹង​មិន​ងាយស្រួល​នោះ​ឡើយ​ពេល​ប៉ះ Napoli ថ្ងៃនេះ​។ ក្រុម​ហង្ស​ក្រហម​បាន​ចាញ់ ៤-១ ក្នុង​ការប្រកួត​ជើង​ទីមួយ ហើយ​ពួកគេ​កំពុង​ឈរ​នៅ​ជិត​តំបន់​កាត់ចោល​ក្នុង​តារាង Premier League បន្ទាប់​ពី​បរាជ័យ​កាលពី​ចុង​សប្តាហ៍​។​

​ខណៈ​ក្រុម​ម្ចាស់ផ្ទះ​កំពុង​ជួប​ការលំបាក ក្រុម Napoli ឯណោះ​វិញ​កំពុង​បំបែក​ឯតទគ្គ​កម្មជា​បន្តបន្ទាប់​។ ក្រុម Napoli បាន​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​ក្រុម​ផ្សេង​ទៀត​តាមរយៈ​ការប្រកួត ៥ លើក​ក្នុង​ក្រប​ខណ្ឌ Champions League រដូវ​កាល​នេះ ដោយ​ស៊ុត​ចូល​ជា​មធ្យម ៤ គ្រាប់​ក្នុង​មួយ​ប្រកួត​។​

​ខណៈ Napoli បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​និង​ធានា​បាន​លេខ​១​ក្នុង​ពូ​ល​រួច​ក៏ពិតមែន ក៏​ប៉ុន្តែ​គេ​ពិបាក​នឹង​មើលឃើញ​ថា​ពួកគេ​សុខចិត្ត​លះបង់​សន្ទុះ​ឈ្នះ​មិន​គួរឱ្យ​ជឿ​របស់​ពួកគេ ដោយ​ផ្លាស់ប្តូរ​ក្រុម​ទាំង​ស្រុង​សម្រាប់​ការធ្វើដំណើរ​ថ្ងៃនេះ​នោះឡើយ ដូច្នេះ​ហង្ស​ក្រហម​អាច​នឹង​ពិបាក​ម្តងទៀត​។​

Liverpool បាន​ជាប់​ទៅ​វគ្គ​បន្ទាប់​និង​អស់​លទ្ធភាព​ដណ្តើម​យក​លេខ​១​ក្នុង​ពូ​ល​រួចហើយ ដូច្នេះ​ពួកគេ​មិន​ទំនង​ប្រថុយ​ដាក់​ក្រុម​ខ្លាំង​មក​លេង​ទល់នឹង Napoli នោះឡើយ​។

​លទ្ធផល​ព្យាករណ៍ Napoli ឈ្នះ ២-១៕

Napoli ត្បិត​លេង​នៅក្រៅ​ដី​ក៏​នៅតែ​មាន​សង្ឃឹម​ឈ្នះ​នៅ​ផ្ទះ Liverpool