ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ២០២២ នេះថា មកដល់ម៉ោងនេះយើង អត់ទាន់ទទួលបានការឆ្លើយតបពីប្រធានាធិបតីរុស្ស៊ីនៅឡើយទេសម្រាប់ការមកចូលរួមប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងការប្រជុំអាស៊ីបូព៌ាក៏ប៉ុន្តែយ៉ាងណាយើងបានអញ្ជើញគាត់ មកចូលរួមប្រជុំនៅទីនេះ ។ ខណៈលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានឆ្លើយតបហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖សហរដ្ឋអាមេរិកបានដឹករថយន្តមកដល់ប្រទេសកម្ពុជាហើយនិងសម្ភារមួយចំនួនសម្រាប់ការពារប្រធានាធិ បតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនិងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ការបញ្ជូនរថយន្តនិងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះវាជាទម្លាប់របស់អាមេរិកមិនមែនសម្រាប់តែមកកម្ពុ ជាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាសម្រាប់ការមកជួបជុំគ្នានៅកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃប្រធានអាស៊ានគឺមិនមែនជារឿងតូចតាចនោះទេសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយ ។ ក៏ប៉ុន្តែយើងត្រូវដឹងឱ្យច្បាស់ខ្លួនឯងថាដោយសារតែប្រទេសមានសន្តិភាពទើបមិត្តភក្តិហ៊ានមកដោយ សារតែប្រទេសយើងមិនមានសកម្មភាពវាយ ប្រហារភេរវកម្មដែលយើងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងគាត់មកប្រជុំសុទ្ធតែជាមហាអំណាច ។

ជាមួយគ្នានេះសម្តេចតេជោក៏បានឱ្យដឹងផងដែរថា៖ ពិតមែនហើយមកដល់ម៉ោងនេះយើងអត់បានទទួលព័ត៌មានពីការឆ្លើយតបរបស់ពីប្រធានាធិបតីរុស្ស៊ីលោក ផ្លាឌីមីរ ពូទីន នោះទេសម្រាប់ការមកចូលរួមប្រជុំរវាងអាស៊ានជាមួយរុស្ស៊ីនិងការប្រជុំអាស៊ីបូព៌ាក៏ប៉ុន្តែយ៉ាងណាយើងបានអញ្ជើញគាត់មកចូលរួមប្រជុំនៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាចនឹងខកខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន ។

សូមបញ្ជាក់ថាបើតាមសេតវិមានកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបដើម្បី ចូលរួមក្នុងកិច្ចប្រជុំកំពូល UNស្ដីពីការប្រែប្រួលអាកាសធាតុ COP27 នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះមុននឹងបន្តបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានិងឥណ្ឌូណេស៊ី។

លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាននិងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

គួរបញ្ជាក់ថាបើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕