ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃដំបូងនៃកម្មវិធីអុំទូកសហគមន៍ នៅបារាយណ៍ មេបុណ្យ បន្ទាយឆ្មារ នាភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានភ្ញៀវជាតិជាង ២​ ម៉ឺននាក់ ទៅទស្សនា ចំណែកឯភ្ញៀវបរទេស មានតិចតួច ក្នុងអំឡុងមួយល្ងាច ថ្ងៃទី៣០ និងមួយថ្ងៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ចំពោះ ដំណើរការព្រឹត្តិការណ៍កម្សាន្តសប្បាយនេះ ក៏ប្រព្រឹត្តទៅរលូន បើទោះបីជាមាន ការបារម្ភថា ភ្ញៀវច្រើនពេក ដើរនិងឈរលើស្ពានឈើ (ស្ពានភ្ជាប់និស្ស័យ ប្រវែងជាង ៨០០ ម៉ែត្រ) ក្នុងបារាយណ៍នោះ អាចនឹងបាក់ស្ពានបង្កគ្រោះថ្នាក់ របួសឬលង់ទឹក ក៏ដោយ។

ដោយឡែក ក្នុងអំឡុងពេលប្រកួតបញ្ចប់ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា នេះ ក្រុមការងារ មិនអនុញ្ញាត ឱ្យភ្ញៀវឆ្លងកាត់ ឬឈរទស្សនាពីលើស្ពានភ្ជាប់និស្ស័យឡើយ។

លោក តាត សុផល ប្រធានសហគមន៍ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានឱ្យកាសែត រស្មីកម្ពុជាដឹង កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ពេលគណៈអធិបតី និង ព្រះសង្ឃ អញ្ជើញ និមន្តបើកសម្ពោធកម្មវិធី ដោយកិច្ចខាងសាសនា និងសំណេះ សំណាល និងកីឡាករចំណុះទូក ហើយមានការសមកម្លាំង នៅល្ងាចថ្ងៃទី៣០ ខែតុលា មានភ្ញៀវប្រមាណ ១៣.០០០ នាក់ និងថ្ងៃដំបូង ថ្ងៃទី៣១ ខែតុលា មានភ្ញៀវ ១២.៥០០ នាក់ ទៅទស្សនា។

ក្នុងការរកកន្លែងអង្គុយ ឬឈរទស្សនា ភ្ញៀវភាគច្រើន បាននាំគ្នាទៅឈរលើស្ពានឈើ ភ្ជាប់និស្ស័យ ដើម្បីទស្សនា ព្រោះ ១-ងាយស្រួលទស្សនា ដ្បិតវាស្របបណ្តោយនឹង ទិសដៅអុំទូក គឺពីខាងកើត មកខាងលិច (ពីដើមទី មកកងព័ន្ធទី១ និងកងព័ន្ធទី២ ឬទីបញ្ចប់ ត្រង់កំពង់ទឹកបារាយណ៍ប្រាសាទមេបុណ្យ។ ២- ទេសភាព បរិយាកាស ខ្យល់ និងទឹកត្រជាក់ ជាមួយនឹងស្ពានឈើនៅប៉ប្រះទឹក ។ ៣- អាចគយគន់ទេសភាពផ្ទៃទឺក ធំធេង វារីជាតិ ព្រៃព្រឹក្សា នារដូវរំហើយ ។

គួររំលឹកដែរថា ដោយសារឆ្នាំ២០២២ នេះ ទឹកធំ គឺមានទឹកជំនន់ និងការបិទទំនប់ ខ្នងបារាយណ៍ ប្រាសាទមេបុណ្យ ស្ថិតភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនោះ បានធ្វើឱ្យមានទឹកបរិបូរណ៍ ក្នុងបារាយណ៍ ប្រាសាទមេបុណ្យ ហើយមានជម្រៅ ២ ទៅ ២,៥ ម៉ែត្រ ដែលផ្តល់អំណោយផលល្អ សម្រាប់រៀបចំពិធីប្រណាំងទូកសហគមន៍ នៅទីនេះ បានជាលើកដំបូង ។

សូមបញ្ជាក់ថា កម្មវិធីរៀបចំប្រណាំងទូកសហគមន៍ បន្ទាយឆ្មារ ឆ្នាំ២០២២ ដែលប្តូរពី ប្រារព្ធធ្វើនៅកសិណប្រាសាទបន្ទាយឆ្មារ ទៅធ្វើក្នុងទឹកបារាយណ៍ ប្រាសាទមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នាល្ងាចថ្ងៃទី៣០-៣១ខែតុលា និង០១វិច្ឆិកាឆ្នាំ២០២២ ។
មានតែទូក ៤​ គ្រឿង (ធំ២ និងតូច ២ គ្រឿងប៉ុណ្ណោះ) ចូលរួម ។ កីឡាករចំណុះទូក ដែលត្រូវប្រកួត ត្រូវប្រកួតវិលជុំ លើចំនួន២៤ក្រុម (តូច១៦ក្រុម និងធំ៨ក្រុម)ចូលរួម ។
ទូកតូច២គ្រឿង គឺសម្រាប់១៦ក្រុម កីឡាករនៃចំណុះទូក ១០-១១នាក់ និងទូកធំ ២គ្រឿង សម្រាប់ ៨ក្រុមកីឡាករ នៃចំណុះទូក ២២ នាក់ ។

យោងកម្មវិធី គឺព្រឹត្តិការណ៍នោះ មាននៅល្ងាចថ្ងៃទី៣០ ខែតុលា គណៈអធិបតី និងព្រះសង្ឃ អញ្ជើញ និមន្តបើកសម្ពោធកម្មវិធី ដោយកិច្ចខាងសាសនា និងសំណេះ សំណាលនឹងកីឡាករចំណុះទូក ដែលបែងចែកជាឈ្មោះក្រុមៗ សម្រាប់ប្រកួតយក ជ័យលាភី (មិនមែនឈ្មោះទូកទេ)។

ដល់ព្រឹក-រសៀល ថ្ងៃទី៣១ ខែតុលា ប្រកួតវិលជុំ និងរសៀលថ្ងៃទី១ ខែវិច្ឆិកា ប្រកួតផ្តាច់ព្រ័ត្ររកជ័យលាភីលេខ១, លេខ២, លេខ៣ ដែលត្រូវទទួលពានរង្វាន់ និងរង្វាន់ ចំណែកក្រៅពីនោះ ទទួលការលួងចិត្ត៕/V-PC