​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone គឺ Foxconn “​បន្ត​ការផលិត​និង​ការរកស៊ី​ឡើងវិញ​” ក្នុង​លក្ខណៈ​មាន​សណ្តាប់ធ្នាប់​បន្ទាប់​​ពី​រោងចក្រ​មួយ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ចេងចូ​វ (Zhengzhou)​ក្នុង​ប្រទេស​ចិន​ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅក្រោម​ការបិទ​ខ្ទប់​ដោយ​ផ្នែក​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​ជាហេតុ​បណ្តាលឱ្យ​កម្មករ​ជា​ច្រើន​នាក់​​ភៀសខ្លួន​ចេញពី​អន្តេវាសិកដ្ឋាន​ដោយ​ថ្មើរជើង​។​

​វីដេអូ​កាលពី​ចុង​សប្តាហ៍​បានបង្ហាញ​កម្មករ​រាប់រយ​នាក់​ដើរកាត់​វាលស្រែ​និង​សងខាង​ផ្លូវ​ហាយវេ​ព្រមទាំង​ផ្លោះ​របង ខណៈ​អូស​អីវ៉ែអីវ៉ាន់​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ពី​រដ្ឋបាល​ខណ្ឌ​ហាង​ហៃ​កាង (Hanghaigang) ក្នុង​ទីក្រុង​ចេងចូ​វ ជា​កន្លែង​ដែល​រោងចក្រ​របស់ Foxconn​ស្ថិតនៅ បានសរសេរថា “​ក្រុមការងារ​រួមមួយ ដែល​បាន​បញ្ជូន​ទៅ​សួន​ឧស្សាហកម្ម​របស់ Foxconn បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ជា​ចម្បង​”​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា ក្រុមហ៊ុន​ត្រូវបាន​បញ្ជា​ឱ្យ​ចាត់វិធានការ​នានា​រួម​ទាំង​ការពង្រឹង​វិធានការ​តឹងរ៉ឹង​សម្រាប់​ការបង្ការ​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​​និង​ការបង្កើន​ការយល់ដឹង​អំពី​វិធានការ​បែប​នេះ​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ផលិតកម្ម​ប៉ុន្មាន​បាន​ដំណើរការ​ឡើងវិញ​នៅ​រោងចក្រ​ដែល​ទទួលរង​ផលប៉ះពាល់​ប៉ុន្តែ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខណ្ឌ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បានបង្ហាញ​កម្មករ​​ត្រឡប់​ទៅ​ញ៉ាំ​អាហារ​នៅក្នុង​កង់​ទីន​របស់​ក្រុមហ៊ុន​វិញ ទោះបីជា​មាន​ផ្ទាំង​ប្លា​ស្ទិក​ដាក់​នៅ​ចន្លោះ​អ្នក​ទទួល​ទាន​អាហារ​ក៏ដោយ​។​

​អាជ្ញាធរ​ខណ្ឌ​បាន​និយាយថា ទីក្រុង​បាន​បញ្ជូន​ការគាំទ្រ​ជា​ច្រើន រួមទាំង​អ្នក​ធ្វើតេស្តិ៍​រក​កូវី​ដនិង​បុគ្គលិក​បន្ថែមទៀត​ដើម្បី​សម្លាប់​មេរោគ​ខណៈ​ផ្តល់ជូន​អ្នក​ប្រឹក្សា​ជាច្រើន​នាក់​ដើម្បី​​ផ្តល់​ជំនួយ​សុខភាព​ផ្លូវចិត្ត​។​

Foxconn មាន​រោងចក្រ​បី​នៅ​ទីក្រុង​ចេងចូ​វ និង​មាន​បុគ្គលិក​ធ្វើការ ៣០០.០០០ នាក់ ប៉ុន្តែ​រោងចក្រ​បាន​ស្ថិតក្រោម​ការបិទ​ខ្ទប់​ដោយ​ផ្នែក​តាំងពី​ដើម​ខែ​តុលា​មក ក្រោយ​ពី​រកឃើញ​ករណី​កូ​វីដបី​បួន​នាក់​៕

បុគ្គលិក Foxconn ផ្លោះ​របង​រត់គេច​ពី​រោងចក្រ ក្រោយ​វា​ស្ថិតក្រោម​ការបិទ​ខ្ទប់