ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាការិនី ខាន់ ចេសា រួមជាមួយកីឡាករជឺជីតស៊ូ ជម្រើសជាតិកម្ពុជា ២ នាក់ទៀត គឺកីឡាករ ហួរ សេងហុង និង ថន អេនដ្រូ បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសរ៉ាប់រួមហើយ ដើម្បីចូលរួមការប្រកួតកីឡា ជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022។

សម្រាប់អត្តពលិកកម្ពុជា ទាំង ៣ រូបខាងលើ នឹងត្រូវប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ដូចគ្នា ប៉ុន្តែក្នុងប្រភេទទម្ងន់ខុសគ្នា។ ក្នុងនោះ ម្ចាស់មេដាយមាស កីឡាអាស៊ី ខាន់ ចេសា ត្រូវប្រកួតទម្ងន់ក្រោម ៥២ គីឡូក្រាម នាថ្ងៃទី២ ខែវិច្ឆិកា ស្អែក នេះ ។ រីឯកីឡាករ ហួរ សេងហុង ត្រូវប្រកួតទម្ងន់ក្រោម ៦៩ គីឡូក្រាម និងកីឡាករ ថន អេនដ្រូ ត្រូវប្រកួតទម្ងន់ក្រោម ៦២ គីឡូក្រាម នាថ្ងៃទី៣ ខែវិច្ឆិកា ដូចគ្នា។

ការចេញទៅប្រកួតនេះ ដឹកនាំដោយលោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏ដូចជាលោក សៀន សុភ័ក្ដ្រ ជាអគ្គលេខាធិការ និងគ្រូបង្វឹកជនជាតិ ហូឡង់ លោក Jasper Paas ។

ក្រៅពីការប្រកួត ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ក៏នឹងចូលរួមមហាសន្និបាត កីឡាជឺជីតស៊ូ ពិភពលោក ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងអាប៊ូដាប៊ី នាថ្ងៃទី២ ខែវិច្ឆិកា ស្អែកនេះ ទៀតផង។

ប្រធានសហព័ន្ធកីឡាជីជីតស៊ូកម្ពុជា លោកបណ្ឌិត សេង ប៊ុនសុង បានចាត់ទុក ការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែង ជាមួយដៃគូខ្លាំងៗ ជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មា ធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ និងអនុញ្ញាតឲ្យប្រតិភូកីឡា ជឺជីតស៊ូកម្ពុជា ចេញទៅប្រកួតកីឡាជឺជីតស៊ូ ជើងឯកពិភពលោក ឆ្នាំ២០២២ ដែលជា កត្តារួមចំណែកអភិវឌ្ឍ និងតេស្តសមត្ថភាពកីឡាករ កីឡាការិនី ឆ្ពោះទៅព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ខាងមុខ៕/V-PC