ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញៈ ឆ្លងកាត់ការប្រកួតប្រជែង យ៉ាងស្វិតស្វាញ នៅទីបំផុត កម្មវិធីប្រកួតសម្រស់ Miss & Mister Freshy 2022 បានរកឃើញម្ចាស់ ជយលាភីទាំង ៣ គូហើយ ដោយមានស្រី ៣ នាក់ និងប្រុស ៣ នាក់ ដែលពួកគេ សុទ្ធសឹងតែមានសមត្ថភា និងរូបសម្រស់ស្រស់ស្អាត រៀងៗខ្លួន។

ម្ចាស់ជយលាភីទាំង ៦ រូបនេះ មានដូចជា ម្ចាស់ជយលាភីបេក្ខនារី បានទៅលើកញ្ញា ផៃ វ៉ាលីហ្សា និងលោក ស៊ូរ៉ា តារា ។ សម្រាប់ជយលាភីលំដាប់រងទី១ បានទៅលើកញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារា ហើយសម្រាប់ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា គង់ ស្រីលិៈ និងលោក អ៊ុង ច័ន្ទចក្រី។

បេក្ខជន បេក្ខនារីទាំង ៦ ដែលជាម្ចាស់ជយលាភី បានបង្ហាញពីភាពរីករាយរៀងៗខ្លួន ក្រោយពីពួកគេ មានឱកាសក្ដោបតំណែង ពីកម្មវិធីប្រកួតសម្រស់លើកដំបូង ដែលរៀបចំ ឡើងដោយ ទឹកផ្លែឈើ Freshy និងជាការកម្មវិធីរៀបចំដោយស្នាដៃកូនខ្មែរផ្ទាល់។

លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars បានបង្ហាញពីភាពរីក រាយ និងនឹកស្មានមិនដល់ ក្រោយពីការរៀបចំ កម្មវិធីកំពូលសម្រស់ Miss & Mister Freshy លើកដំបូងទទួលបានផ្លែផ្លា និងជោគជ័យ។

លោកបានបន្តថាៈ ម្ចាស់ជយលាភីទាំង ៣ គូ ក្រោយជាប់ភ្លាម និងមានសកម្មភាព ការងារភ្លាម ដូចជាការហែកឋិនរួមគ្នា ទៅកាន់ ៧ វត្ត និងសកម្មភាពការងារសង្គម តាមសហគមន៍នានា ជារៀងរាល់ខែ ព្រមទាំងការដើរទស្សនារមណីដ្ឋានទេសចរណ៍ ជាច្រើន ក្នុងប្រទេសកម្ពុជា មុននឹងបេក្ខភាពខ្លះ ត្រូវត្រៀមខ្លួន ដើម្បីចេញទៅប្រកួត ប្រជែង នៅក្រៅប្រទេស។

លោកបានបង្ហាញពីជំនឿជាក់ថាៈ តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាល ថែមទៀត នាពេលខាងមុខ ម្ចាស់ជយលាភី ដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិ នឹងទទួលបានផ្លែផ្កា ជាក់ជាមិនខាង។
ការរំពឹងបែបនេះ ក៏ព្រោះតែមានបេក្ខភាពជាច្រើននាក់ មកហើយ លោកបានបញ្ចូនទៅ ប្រកួតលើឆាកអន្តរជាតិ ដោយការត្រឡប់មកវិញ ជាមួយសមិទ្ធផលនានា ដែលជាទីគាប់ចិត្ត។

សូមបញ្ជាក់ថា ម្ចាស់ជយលាភីទាំង ៦ រូប ពីកម្មវិធី Miss & Mister Freshy 2022 ក្រៅពីផ្ដើមសកម្មភាពការងារភ្លាមៗ ជាមួយ CIM Stars និងទឹកផ្លែឈើ Freshy ពួកគេក៏មានភារកិច្ចជាច្រើនទៀត ដើម្បីធ្វើផងដែរដូចជា ការងារសង្គម និងពង្រឹងសមត្ថភាពថែមទៀត ដើម្បីការប្រកូតប្រជែង លើឆាកអន្តរជាតិខាងមុខ និងការប្រកួតប្រជែង ផ្សេងៗទៀត៕/V-PC