ដោយៈ ប​.​ខុន / ភ្នំពេញៈ បន្ទាប់ពី​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ​មេគង្គ នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា រួចមក ក្រុមការងារ​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្តទៅ​ធ្វើការ​ទប់ស្កាត់​ច្រាំង​បាក់ នៅ​ឃុំ​រការ​ខ្នុរ ឃុំ​ក្រូចឆ្មា ខ្ពប​អា​ទាវ និង​នៅ​កោះ​ខែល បន្តទៀត ។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដែល​ត្រូវបាន​លោក​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាត់​ឱ្យ​ដឹកនាំ​ក្រុមការងារ ចុះ​ទប់ស្កាត់​ការបាក់​រាល ដាល​ច្រាំងទន្លេ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​ថាៈ បន្ទាប់ពី បញ្ចប់​ការងារ​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ​មេគង្គ នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រុមការងារ​របស់លោក នឹង​បន្តទៅ​ធ្វើការ​ទប់ស្កាត់ ការបាក់​ច្រាំង នៅ​ឃ្មុំ​រការ​ខ្នុរ ឃុំ​ក្រូចឆ្មា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​ ​ខ្ពប​អា​ទាវ និង​នៅ​កោះ​ខែល បន្តទៀត​។​

​មន្ត្រី​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ការងារ​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​មេគង្គ ប្រវែង ៦០ ម៉ែត្រ នៅ​ភូមិ​ពាម​ក្រៅ អាច​នឹង​បញ្ចប់​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃស្អែក​ទី​២ ខែវិច្ឆិកា​។ ច្រាំងទន្លេ​នេះ បើ​មិនបាន​ចុះ​ធ្វើការ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​ទេ គឺអាច​ត្រូវ​បាក់ស្រុត ធ្លាក់ចូល​ទន្លេ អស់​វែង​ជាង​នេះ ។ នៅពេលនេះ លែងមាន​ការបាក់ រាលដាល​ហើយ តែ​ការដ្ឋាន​នេះ មិនទាន់​រួចរាល់​ទាំងស្រុង​ទេ ដោយសារ​ទឹកទន្លេ នៅ​ខ្ពស់ ត្រូវធ្វើ​ការកែលម្អ​បន្ថែមទៀត នៅ​រដូវប្រាំង ខាងមុខ​។​

​លោក ម៉ៅ ហាក់ បានបញ្ជាក់​ថាៈ ការងារ​ដែល​នឹង​ត្រូវធ្វើ នៅ​ឃុំ​រការ​ខ្នុរ ឃ្មុំ​ក្រូចឆ្មា នៅ​ខ្ពប​អា​ទាវ និង​នៅ​កោះ​ខែល ជាការ​ងារ​ចាស់ ត្រូវធ្វើ​បន្ត​ពី​ឆ្នាំមុន មិនមែនជា​ទីតាំង ច្រាំង​បាក់​ថ្មី​នោះទេ​។ កន្លែង​ច្រាំងទន្លេ ដែល​បានធ្វើការ​ទប់ស្កាត់ ការបាក់​រួច កាលពី​ឆ្នាំមុនៗ មិនឃើញ​មានការ​ស្រុត ជាថ្មី​នោះទេ​៕/V​.mara