​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង​បាន​ប្រាប់​មេដឹកនាំ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​​កាលពី​ថ្ងៃ​ចន្ទ ទី ៣១ ខែ​តុលា​ថា ប្រទេស​និង​គណបក្ស​ទាំង​ពីរ​មិន​គួរ “​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ជ្រៀតជ្រែក​” លើ​វឌ្ឍនភាព​របស់​ពួកគេ​ឡើយ​។​

​សារ​គំរាម​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​បាន​កើត​ឡើង​នៅ​គ្រា​កំពុងមាន​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​ចិន​និង​លោក​ខាងលិច ជាពិសេស​ជាមួយ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​កោះ​តៃវ៉ាន់ ជម្លោះ​អ៊ុ​យក្រែន ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ស៊ី​និង​លោក​ង្វៀន ភូ ជុង (Nguyen Phu Trong) ដែល​មិន​ពាក់​ម៉ាស់​ទាំង​ពីរ​នាក់ បាន​ចាប់ដៃ​និង​ឱប​គ្នា​មុនពេល​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​មហាសាល​​ប្រជាជន​នៃ​ទីក្រុង​ប៉េកាំង ដែល​ជា​ការបង្ហាញ​មិនធម្មតា​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក​ស៊ី​និង​មេដឹកនាំ​ផ្សេងទៀត ខណៈ​ចិន​នៅតែ​បន្ត​អនុវត្ត​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​យ៉ាង​តឹងរ៉ឹង​។​

​វា​ជា​ការទទួល​មេដឹកនាំ​បរទេស​លើកដំបូង​ចាប់តាំងពី​លោក​ស៊ី​ទទួលបាន​អាណត្តិ​ទី​បី​មិន​ធ្លាប់​មាន​ពីមុនមក​ក្នុងនាម​ជា​អគ្គលេខាធិការ​បក្ស​នៅ​ឯ​សមាជ​បក្ស​លើក​ទី ២០​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​​ខែតុលា​។​

​យោង​តាម​ទូរទស្សន៍ CCTV លោក​ស៊ី​បាន​និយាយថា “​ការអភិវឌ្ឍ​នៃ​បុព្វហេតុ​វឌ្ឍនភាព​របស់​មនុស្ស​ជាតិ​គឺជា​ដំណើរការ​ដ៏​វែងឆ្ងាយ​និង​លំបាក​ហើយ​ការអភិវឌ្ឍ​នៃ​បណ្តា​ប្រទេស​សង្គមនិយម​កំពុង​​ប្រឈម​មុខ​នឹង​បរិយាកាស​អន្តរជាតិ​ដ៏​ស្មុគស្មាញ​និង​ហានិភ័យ និង​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​”​។​

​លោក​ស៊ី​បាន​បន្ថែមថា “​ភាគី​ចិន​និង​វៀតណាម​គួរតែ​បន្ត​ធ្វើការ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន​និង​វឌ្ឍនភាព​របស់​មនុស្ស​ជាតិ ជំរុញ​ទំនើបភាវូបនីយកម្ម​សង្គមនិយម​ឱ្យ​អស់ពី​សមត្ថភាព​របស់ខ្លួន និង កុំ​បណ្តោយ​ឱ្យ​នរណា​ម្នាក់​ជ្រៀតជ្រែក​ដល់​វឌ្ឍនភាព​របស់​យើង ឬ​អនុញ្ញាត​ឱ្យ​កម្លាំង​ណាមួយ​មក​ធ្វើឱ្យ​រង្គោះរង្គើ​គ្រឹះ​ស្ថាប័ន​នៃ​ការអភិវឌ្ឍ​របស់​យើង​”​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជុង ដែល​មាន​អំណាច​ជាង​ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្ត្រី​របស់​វៀតណាម គឺជា​ការបង្ហាញ​ពី​ការរួបរួម​របស់​រប​ប​កុម្មុយនីស្ត​។​

​វៀតណាម​និង​ចិន​គឺ​ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​កុម្មុយនីស្ត​ចុងក្រោយ​ទាំង​ប្រាំ​ក្នុង​ពិភពលោក រួម​ជាមួយ​គុយបា ឡាវ និង កូរ៉េខាងជើង​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក សេ​បាស សារីហ្វ (Shehbaz Sharif) និង​អធិការបតី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូ​ល ក៏​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​ផង​ដែរ​៕

លោក​ស៊ី (​ស្តាំ​) ស្វាគមន៍​លោក​ជុង នៅ​មហាសាល​ប្រជាជន​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​