ដោយៈ ជា សីហៈ/ភ្នំពេញៈ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ដល់មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ មានរយៈពេលពីរថ្ងៃចាប់ថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។

កម្មវិធីនេះដឹកនាំដោយ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការចូលរួមពី លោក ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារសរុបចំនួន២០នាក់។

នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត នេត បារមី និង បណ្ឌិត រិត សំអុល សាស្ត្រាចារ្យជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ ទីប្រឹក្សា មហាវិទ្យាល័យទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្តីអំពីផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ។

កម្មវិធីផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារដែលកំពុងអនុវត្តការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ អំពីទស្សនៈវិស័យ បេសកកម្ម និងផែនការសកម្មភាពសំខាន់ៗនៃសៀវភៅផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ។ P / N