ដោយ: បូកគោ / កំពត: ក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្រុងកំពត និងផ្នែកខ្លះ នៃស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពត បានអំពាវនាវដល់ទេសចរជិតឆ្ងាយ សូមអញ្ជើញមកកម្សាន្តសប្បាយ សម្រាប់ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក អំឡុងថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យបានច្រើនកុះករ។

បញ្ចេញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងឱកាសសម្អាតអនាម័យបរិស្ថានខាងលើ លោក លី អុីសា សមាជិកសម្ព័ន្ធយុវជនមូស្លីម ក្រុងកំពត បានរៀបរាប់ថាៈ ក្នុងនាមយុវជន ក៏ដូចជាពលរដ្ឋខេត្តកំពត លោកពិតជាមានមោទនភាព និងសប្បាយចិត្តយ៉ាងខ្លាំង ខណ:ដែលរដ្ឋបាលខេត្ត រៀបចំពិធីបុណ្យអុំទូកដ៏ធំ ពិសេសបានយកចិត្តទុកដាក់ ក្នុងការរៀបចំកែលម្អសោភ័ណភាព ក្រុង ស្រុក ឱ្យស្រស់បំព្រង។

ចំណែកលោក នាក់ សេន តំណាងពលរដ្ឋខេត្តកំពត ដែលបានចូលរួមសម្អាតអនាម័យ តាមតំបន់ឆ្នេរកោះស្មៅ ជាទីសម្រាប់រៀបចំការប្រណាំងទូក-ង បានបញ្ជាក់ថាៈ លោក ពិតជាពេញចិត្តណាស់ ចំពោះសកម្មភាពដឹកនាំរបស់លោក ម៉ៅ ធនិន ដែលបានធ្វើឱ្យ ខេត្តកំពត កាន់តែមានភាពទាក់ទាញ និងបង្កើនឈ្មោះល្បីរន្ទឺ តាមរយៈគម្រោងអភិវឌ្ឍន៍ នានា។ សម្រាប់ការរៀបចំពិធីប្រណាំងទូក-ង ខ្នាតប្រពៃណី នាពេលខាងមុខនេះ ជាលើកទីមួយ ក្នុងខេត្តកំពត ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋ ពេញចិត្តយ៉ាងខ្លាំង។

លោក នៃ គង់ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថាៈ រដ្ឋបាលខេត្ត បានត្រៀម លក្ខណៈរួចរាល់ ដើម្បីរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលម្ហែកម្សាន្ត ក្នុងពិធីបុណ្យអុំទុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាប៉ុន្មានថ្ងៃខាងមុខ។ ជាមួយនោះ​ រដ្ឋបាលខេត្ត ក៏បានត្រៀមកម្មវិធីប្លែកៗជាច្រើន ដើម្បីផ្តល់ភាពសប្បាយ រីករាយ ជូនអ្នកអញ្ជើញមកចូលរួមផងដែរ។ លោករំពឹងថា ភ្ញៀវទេសចរ នឹងមកលេង បុណ្យអុំទូក នៅខេត្តកំពត ច្រើនជាងបណ្តាខេត្តនានា៕/V-PC