​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នកចូលរួម​បុណ្យ​ហាល់​ឡូ​វីន (Halloween) ជាង ១៥០​នាក់​បាន​ស្លាប់​នៅក្នុង​ការ​ជាន់គ្នា​ក្នុងចំណោម​ហ្វូងមនុស្ស​ច្រើន​បំផុត​របស់​​កូរ៉េខាងត្បូង ការ​រំលឹក​ដ៏​ស្ងប់ស្ងាត់​អំពី​គ្រោះមហន្តរាយ​នេះ​នៅតែ​បន្ត​មាន​នៅ​ថ្ងៃ​អង្គារ​នេះ ពោលគឺ ស្បែកជើង​រាប់រយ​គូ​ដែល​បោះបង់ចោល​ត្រូវបាន​ដាក់​ជា​ជួរ​យ៉ាង​ស្អាត​នៅក្នុង​ទីលាន​វាយ​សី​​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​។​

​ប៉ូលិស​បាន​ប្រមូលផ្តុំ​ស្បែកជើង​កីឡា ស្បែកជើង​កវែង និង​ស្បែកជើង​ម៉ាក Chuck Taylors ដែល​ជា​ផ្នែក​មួយ​នៃ​វត្ថុ​ផ្ទាល់ខ្លួន​ទម្ងន់ ១,៥​តោន​ដែល​បាន​បន្សល់​ទុក​ដោយ​ជនរងគ្រោះ​និង​អ្នក​រស់រាន​​មានជីវិត​ពី​សោកនាដកម្ម​នេះ ដោយ​សង្ឃឹម​ថា​ម្ចាស់​ឬ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​នឹង​មក​យក​វា​វិញ​។​

​ការ​ជាន់​គ្នា​ស្លាប់​នៅក្នុង​សង្កាត់​កម្សាន្ត​ពេល​រាត្រី អ៊ីតេ​វ៉ុន (Itaewon) បាន​កើត​ឡើង​បន្ទាប់ពី​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​ហាល់​ឡូ​វីន​នៅ​យប់​ថ្ងៃ​សៅរ៍​។​ផ្នែក​នៃ​​ហ្វូង​មនុស្ស​បាន​កកកុញ​នៅ​ផ្លូវឌឿងហែម​តូចចង្អៀត​ចុះ​ចំណោត​មួយ​រវាង​មាត់​ហាង​នានា​និង​សណ្ឋាគារ Hamilton Hotel ដ៏​ល្បី​របស់​សង្កាត់​។ ​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​ត្រូវគេ​ឃើញ​សែង​អ្នករបួស​និង​ស្លាប់ ខណៈ​សាកសព​មនុស្ស​រាប់​សិប​នាក់ ដែល​គ្រប​កន្សែង ត្រូវបាន​ដាក់​ជា​ជួរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​នោះ​។​

​ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី​វ័យក្មេង ហើយ​ពួកគេ​ភាគ​ច្រើន​នាក់​បាន​បាត់​ស្បែកជើង ដែល​អ្នកជំនាញ​និយាយថា​ឆ្លុះបញ្ចាំង​ពី​កម្លាំង​នៃ​ការកើនឡើង​ដ៏​ច្រើន​នៃ​ហ្វូង​មនុស្ស​ដែល​ធ្វើឱ្យ​ស្បែកជើង​របូត​​ចេញ​ពី​ជើង​របស់​ពួកគេ​នៅ​ក្នុង​ការ​ជាន់គ្នា​។​

​ស្បែកជើង​ប្រហែល ២៥០ គូ​នៅឯ​កន្លែង​ហាត់ប្រាណ​ខាងលើ​គឺជា​ផ្នែក​មួយ​នៃ​ការប្រមូលផ្តុំ​ដ៏​ធំ​នៃ​វត្ថុ​ដែល​បាន​បោះបង់​ចោល​នៅ​ក្នុង​សង្កាត់​អ៊ីតេ​វ៉ុន បន្ទាប់​ពី​សោកនាដកម្ម​នេះ​។​ក៏​មាន​សម្លៀកបំពាក់​​រាប់រយ​ឈុត រួម​ទាំង​អាវធំ​និង​សម្លៀកបំពាក់​តុបតែង​ជា​តួអង្គ​ភាពយន្ត​នានា ព្រមទាំង​កាបូប ស្មា​ត​ហ្វូន កាស​ប្ល៊ូ​ធូស និង​លិខិតឆ្លងដែន​មួយ​ចំនួន​រួម​ទាំង​លិខិតឆ្លងដែន​មួយ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​​អាម៉េរិក​ផងដែរ​។​

​មន្ត្រីប៉ូលិស​ខណ្ឌ​យ៉ុង​សាន (Yongsan) ដែល​នឹង​រក្សា​កន្លែង​ហាត់ប្រាណ​ឱ្យ​បើក ២៤ ម៉ោង​រហូត​ដល់​ថ្ងៃអាទិត្យ​មិន​បាន​បញ្ជាក់​ភ្លាមៗ​ថា​របស់របរ​ចំនួន​ប៉ុន្មាន​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​របស់​​ពួក​គេ​វិញ​ទេ​៕

​ស្បែកជើង​២៥០​គូ​កំពុង​តម្រៀបជួ​រ​រង់ចាំ​ម្ចាស់​របស់​វា​នៅ​ក្លិប​វាយ​សី​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល

​សម្លៀក​បំពាក់​រាប់រយ​ឈុត រួម​ទាំង​អាវធំ​និង​សម្លៀកបំពាក់​តុបតែង​ជា​តួអង្គ​ភាពយន្ត​នានា ត្រូវ​បាន​ប្រមូល​មក​តម្រៀប​ទុក​រង់ចាំ​ម្ចាស់​មក​ទទួល​