ដោយៈ ជា សីហៈ/ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា បានអះអាងថា បន្ទាប់ពីការជួសជុល តួប៉មចំនួន៩ នៅពេលនេះ ប្រាសាទមេបុណ្យខាងលិចបានកំពុងបង្ហាញខ្លួនជាថ្មីទៅដល់អ្នកទេសចរណ៍នានាដែលមកកាន់ខេត្តសៀមរាប។

ប្រភពដដែលបានបន្តថា តួប៉មនៅប្រាសាទនេះ មានចំនួន ១២ ហើយអ្នកជំនាញទើបតែបានជួសជុល តួប៉ម៩ ដែលរងការខូចខាត។

អាជ្ញាធរជាតិអប្សរាបានអះអាងថា ដំណើរការជួសជុលនេះគឺធ្វើឡើងក្រោមការ សហការជាមួយនិងស្ថានទូតបារាំង អស់រយៈពេល៣ឆ្នាំមកនេះ។

ប្រាសាទមេបុណ្យខាងលិចនេះ ជាប្រាសាទមួយដែលកសាងឡើងនាពាក់កណ្ដាលសតវត្សរ៍ទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៤៩-១០៦៦) ។ ប្រាសាទនេះមានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។

ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយខាងលើ យ៉ាងធំនៅកណ្ដាលប្រាសាទ។ ព្រះកាយព្រះវិស្ណុមួយកំណាត់ខាងលើនេះ ធ្វើអំពីសំរឹទ្ធ មានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់ព្រះកាយដែលគេប្រទះឃើញនេះ មានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ។

ព្រះបដិមានេះជាភស្ដុតាងសិល្បៈធំជាងគេ ដែលធ្វើពីលោហៈនៅក្នុងតំបន់អង្គរ ហើយប្រសិនបើនៅមានរូបរាងពេញទម្រង់ប្រហែលជាមានប្រវែងជាង ៤ ម៉ែត្រ។ បច្ចុប្បន្ន ព្រះបដិមានេះតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ៕/PC