​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ រថភ្លើង​ក្រោម​ដី​ពណ៌​ទឹកក្រូច (OLMT) ដែល​សាងសង់ឡើង​ក្រោម​ក្របខណ្ឌ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន (CPEC)​នៅ​ទីក្រុង​ឡាហ័​រ (Lahore) ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​លោកស្រី មេ​ហាក់ អ៊ី​ដ្រេ​ស (Mehak Idrees) ដែល​ធ្វើដំណើរ​ជាច្រើន​ជើង​នៅលើ​រថភ្លើង​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​លោកស្រី​អ៊ី​ដ្រេ​ស​គឺជា​ម្តាយ​ដែល​មាន​កូន​ពីរ​នាក់ ហើយ​ធ្លាប់​ចំណាយ​ប្រាក់​ជាង ៣៥.០០០ រូពី​ប៉ា​គី​ស្ថាន (​ប្រហែល ១៥៨,១ ដុល្លារ​) ក្នុង​មួយខែ​សម្រាប់​ការធ្វើដំណើរ​។ ឥឡូវនេះ លោកស្រី​ចំណាយ​ត្រឹមតែ ១០.០០០ រូពី​សម្រាប់​ការធ្វើដំណើរ បន្ទាប់​ពី​ជិះ​រថភ្លើង​ក្រោម​ដី​។​

​លោកស្រី​អ៊ី​ដ្រេ​ស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួថា “​ក្នុងនាម​ជា​ស្ត្រី​ធ្វើការ​ម្នាក់ ខ្ញុំ​ត្រូវការ​ធ្វើ​ដំណើរ​ជាច្រើន​ជើង​នៅក្នុង​ទីក្រុង ហើយ​រថភ្លើង OLMT​បាន​នាំ​ខ្ញុំ​ទៅ​ការិយាល័យ​របស់​ខ្ញុំ​ទាន់​​ពេលវេលា​ជា​រៀងរាល់​ព្រឹក ហើយ​នាំ​ខ្ញុំ​ត្រឡប់​ទៅ​រក​កូន​របស់​ខ្ញុំ​វិញ​ភ្លាមៗ​បន្ទាប់​ពី​ធ្វើការ​។​វា​តែងតែ​ទាន់ពេលវេលា​និង​ផ្តល់​នូវ​ផាសុកភាព​និង​បរិយាកាស​សុវត្ថិភាព​បំផុត​សម្រាប់​ស្ត្រី​ដោយសារតែ​បន្ទប់​​ដាច់​ដោយឡែក​របស់​វា ដែល​យើង​អាច​អង្គុយ​បាន​យ៉ាង​ងាយស្រួល​”​។​

​លោកស្រី​បាន​និយាយថា បុគ្គលិក​នៅ​លើ​រថភ្លើង​ក៏​មាន​ការហ្វឹកហ្វឺន​យ៉ាង​ល្អ​ដែរ ហើយ​តែងតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​។​

​ក្នុងនាម​ជា​គម្រោង​ប្រមូល​ផល​ដំបូង​របស់ CPEC គម្រោង​ខ្សែ​រថភ្លើង​ពណ៌​ទឹកក្រូច​ត្រូវបាន​សាងសង់​រួមគ្នា​ដោយ​ក្រុមហ៊ុន China Railway Group Corporation និង China North Industries Corporation ហើយ​វា​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នៅក្នុង​ទី​រួម​ខេត្ត​នៃ​ខេត្ត​ពុន​ចាប (Punjab)​ដែល​ធ្វើឱ្យ​វា​ក្លាយជា​សេវា​រថភ្លើង​ឆ្លងកាត់​ទី​​ក្រុង​លឿន​បំផុត​មិន​ធ្លាប់​មាន​ជា​លើកដំបូង​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​

​និយាយ​ទៅកាន់​ស៊ីនហួ លោក លី ចិន (Li Chen) អ្នកគ្រប់គ្រង​ទូទៅ​នៃ​គម្រោង​ប្រតិបត្តិការ​និង​ថែទាំ​ខ្សែ​រថភ្លើង​ពណ៌​ទឹកក្រូច​ប៉ា​គី​ស្ថាន បាន​និយាយថា គម្រោង​នេះ​បាន​បង្កើត​ឱកាស​ការងារ​ជាង ៩០.០០០ សម្រាប់​អ្នកស្រុក​ក្នុងដំណាក់កាល​សាងសង់​និង​ប្រតិបត្តិការ​នៃ​គម្រោង​។​

​លោក​លី​បាន​និយាយថា “​យើង​បាន​បណ្តុះបណ្តាល​ក្រុម​ទី​មួយ​នៃ​ក្រុម​អ្នកស្រុក​ដ៏​ពូកែ ដែល​អាច​ដំណើរការ​ខ្សែ​រថភ្លើង​ក្រោម​ដី​ទាំងនេះ​ដោយ​ឯករាជ្យ​…​ឥឡូវនេះ ប្រតិបត្តិការ ការថែទាំ​និង​ការងារ​បញ្ជា​​ខ្សែ​រថភ្លើង​ទាំងអស់ កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកស្រុក ដែល​ជា​សមិទ្ធិផល​ដ៏​គួរឱ្យកត់សម្គាល់​” ដោយ​បន្ថែម​ថា​អត្រា​ទៀងទាត់​ពេលវេលា​នៃ​ខ្សែ​រថភ្លើង​ពណ៌​ទឹកក្រូច​គឺ ៩៩,៩៩ ភាគរយ​។​

​ជា​មធ្យម​មាន​មនុស្ស ១២០.០០០ នាក់​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​ពណ៌​ទឹកក្រូច​ជា​រៀងរាល់ថ្ងៃ ដែល​មាន​ស្ថានីយ​ចំនួន ២៦ និង គ្របដណ្តប់​លើ​ផ្លូវ​ប្រវែង ២៧ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​តំបន់​ដែល​ប្រជាជន​វណ្ណៈ​កណ្តាល​ភាគច្រើន​រស់នៅក្នុង​ទីក្រុង​៕

​ប្រតិបត្តិការ ការថែទាំ និង​ការងារ​បញ្ជា​ខ្សែ​រថភ្លើង​ទាំងអស់ កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រជាជន​ប៉ា​គី​ស្ថាន​