​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​បរិវេណ​សាលាខណ្ឌ​ដង្កោ​នៅ​ព្រឹក​ថ្ងៃទី​០១ វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​ខណ្ឌដង្កោ​បានស្នើ និង​សំណូមពរ​ជាច្រើន ពិសេស​អោយជួយ​ជួលជុល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន និង​ការស្នើសុំ​ប្តូរ​ការបង់​លុយ​ថ្លៃ​សម្រាម​ជា​ដុល្លារ​មកជា​លុយ​ខ្មែរ​វិញ ជាដើម​។​

​វេទិកា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

វេទិកា​នេះ​ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណួរ​និង​សំណើរ​ផ្ទាល់មាត់​ចំនួន​៨​នាក់​និង​សំណើរ​ជា​លាយលក្ខណ៍អក្សរ​ចំនួន​៣៦​បញ្ហា ។ ចំពោះ សំណួរ​និង​សំណើរ​ផ្ទាល់មាត់​រួមមាន​៖ ការ​ស្នើអោយ​អាជ្ញាធរ​ជួយ​ស្ថាបនា​ផ្លូវ លូ ត​បណ្តាញ​ទឹកស្អាត បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការស្នើសុំ​ប្តូរ​ការបង់ប្រាក់​ថ្លៃ​សម្រាម​ជា​ដុល្លារ​មកជា​លុយ​ខ្មែរ​វិញ និង​ការសុំ បង្កើត​អនុវិទ្យាល័យ​បន្ថែម​នៅ​សង្កាត់​ព្រៃ​ស​និង​ការស្នើសុំ​តែងតាំង​នាយក​វិទ្យាល័យ​១​រូប​នៅ​វិទ្យាល័យ​ហ៊ុន សែន​ព្រែកកំពឹស ខណៈ​វិទ្យាល័យ​នេះ​មិនមាន​នាយក​សាលា​យូរហើយ​។​

​ចំពោះ​ការលើក​ឡើងជា​សំណើរ​ផ្ទាល់មាត់​ទាំង​៨​នាក់​ខាងលើនេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ រាជធានី​និង​មន្ទីរជំនាញ​ធ្វើការ​បកស្រាយ​បំភ្លឺ​ភ្លាមៗ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ដោយ​រាល់​សំណើរ សំណូមពរ​ខ្លះ​ត្រូវបាន​ដោះស្រាយបាន​លទ្ធផល​ភ្លាមៗ​និង​សំណើរ សំណូមពរ​ខ្លះទៀត​រងចាំ​ប្រជុំ​និង​ពិភាក្សា​ដោះស្រាយ​ជូន​នៅពេល​ក្រោយ​បន្តបន្ទាប់​ទៀត​។​

​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​មានប្រសាសន៍ថា ៖ ការជួលជុល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន នា​ប៉ុន្មាន​ឆ្នាំនេះ ពិត​ជាមាន​បញ្ហា​មួយចំនួន ព្រោះតែ​គម្រោង​ខ្លះ​ត្រូវ​ខកខាន​ឬ​ពន្យា​ពេល​ដោយ​បញ្ហា​សារ​ជម្ងឺ​កូ​វីដ​-១៩ តែ​រាល់​សំណើរ​និង​សំណូមពរ​ខ្លះ​របស់​បងប្អូន មាន​មួយចំនួន​គឺ​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ សង្កាត់​រួចហើយ ។​ចំណែក​សំណើរ​របស់​បងប្អូន​នៅក្រៅ​គម្រោង​យើង​នឹង​យកទៅដាក់​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ខណ្ឌ សង្កាត់​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ពោលគឺ​រាល់​សំណើរ សំណូមពរ​របស់​បង​ប្អូន ត្រូវតែ​ដោះស្រាយ​ជូន​មិនអាច​ទុកចោល​នោះទេ​។​

​ចំពោះ​ការស្នើសុំ​ប្តូរ​ការបង់ប្រាក់​ថ្លៃ​សម្រាម​ជា​ដុល្លារ មកជា​លុយ​ខ្មែរ​វិញ​នោះ លោក​ស៊ុយ សេ​រិ​ទ្ធ បាន​បញ្ជាក់ថា​៖ ក្រុមហ៊ុន ប្រមូល​សំរាម​ទាំង​៣​គឺ​សុទ្ធតែ​ភាគហ៊ុន​ធំ​មកពី​បរទេស ដែល​ក្រុមហ៊ុន​ទាំងនោះ​តម្រូវអោយ​បង់ប្រាក់​ជា​ដុល្លារ ។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សំណើរ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ប្រជុំ ពិភាក្សា​ជាមួយ​ធនាគារជាតិ​បន្តទៀត​ជុំវិញ​បញ្ហា​នេះ​។​

​ចំពោះ​ការ​សំណើរ​សុំ​បង្កើត​អនុវិទ្យាល័យ​បន្ថែម​នៅ​សង្កាត់​ព្រៃ​ស ត្រូវបាន​លោក​ម៉ប់ សារិន បញ្ជាក់ថា​៖ សំណើរ​នេះ​ត្រូវការ​ចាយលុយ​ច្រើនណាស់ ទាំង​ទៅលើ​ការទិញ​ដី សាងសង់​អគារ​ជាដើម ។​តែ​ទោះជា​យ៉ាង​អាជ្ញាធរ​នឹង​ពិនិត្យ​លទ្ធភាព មើលទៅ​លើ​សា​លាម​ឋ​មសិ​ក្សា​នៅក្នុង​សង្កាត់​នេះ ថា​តើ​អាច​យក​មួយចំណែក​ណា​នៃ​សាលាបឋមសិក្សា​នោះ បង្កើតជា​អនុវិទ្យាល័យ​បាន​ឬ​យ៉ាងណា​។​ចំពោះ​ការស្នើសុំ​តែងតាំង​នាយក​វិទ្យាល័យ​១​រូប​នៅ​វិទ្យាល័យ​ហ៊ុន សែន​ព្រែកកំពឹស យើង​នឹង​ពិនិត្យ​ពិភាក្សា​ជ្រើស​ជ្រើស​នៅពេល​ឆាប់ៗ​នេះ​។

​ចំពោះ ការស្នើសុំ​ត​បណ្តាញ​ទឹកស្អាត ខាង​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បញ្ជាក់ដែរថា​៖ ចំពោះ​ការផ្គត់ផ្គង់​ទឹកស្អាត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៅមាន​ការខ្វះខាត​ជាការ​ពិត ព្រោះតែ​រាជធានី​ភ្នំពេញ អភិវឌ្ឍន៍​លឿន​ពេក គម្រោង​យើង​តាម​មិនទាន់​ទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​នឹង​ពិនិត្យ​លទ្ធភាព​ត​បណ្តាញទឹក​ជូន​បងប្អូន ពោលគឺ បើ​មាន​បំពង់​មេ​ហើយ សូម​បងប្អូន​រួសរាន់​ធ្វើសំណើរ​មក​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​អោយបាន​លឿន ដើម្បីអោយ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​ត​ជូន​៕​