ដោយៈ​សុផល​/ភ្នំពេញ​៖​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ម្ចាស់​ភាគហ៊ុន រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន​ស័​ម្ព​ន្ធ​ទូរទស្សន៍​កម្ពុជា ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ថ្ងៃទី​១​ខែវិច្ឆិកា ២០២២ រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ស័​ម្ព​ន្ធ​ទូរទស្សន៍​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ឯកសារ “​លក្ខន្តិកៈ​ក្រុមហ៊ុន​” ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​រាជរដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អន្តរក្រសួង​មកពី ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស័​ម្ព​ន្ធ​ទូរទស្សន៍​កម្ពុជា ដែលជា​ការវិនិយោគទុន​រួម រវាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំៗ​ចំនួន​៣ គឺ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប របស់លោក​ជំទាវ ហ៊ុន ម៉ា​ណា​និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប របស់លោក​ឧកញ៉ា អ៊ឹង ឆៃ​ងួន អ្នកវិនិយោគទុន​ជាតិ​-​វ​អន្តរជាតិ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឯកសារ ”​លក្ខន្តិកៈ​ក្រុមហ៊ុន​” នេះ សម្រេច​ចំនួន​សមាសភាព​ក្រុមប្រឹក្សាភិបាល៧​រូប ដែល​១​រូប តំណាង​មកពី​រាជរដ្ឋាភិបាលនិង​៦​រូប​ទៀត​តំណាង​មកពី​ក្រុម ហ៊ុន​ស័​ម្ព​ន្ធ​ទូរទស្សន៍​កម្ពុជា ហើយ លោកជំទាវ ហ៊ុន ម៉ា​ណា ត្រូវបាន​ជ្រើសតាំង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង​។

 

​សូមបញ្ជាក់ថា ក្រុមហ៊ុន “​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​” នឹង​ផ្ដល់ជូន​សេវាកម្ម​ទូរទស្សន៍​ឌីជីថល ដែលមាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និង​ជម្រើស​ច្រើន​ប្រភេទ​ដ៏​សម្បូរបែប​ប្រកប ដោយ​គុណភាព​ខ្ពស់ សំដៅ​លើកស្ទួយ​ការផ្ដល់ ព័ត៌មាន ចំណេះដឹង ការកម្សាន្តនិង​ទស្សនី​ភាព​ដល់​ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ឈានទៅ​សម្រេច​ឲ្យ​បាន​តាម​អនុសាសន៍​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយ​ជារួម និង​និយាយ​ដោយឡែក ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​យក​ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការដាក់​ឲ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណា​ឡូ​ក​ឯកជន​ទាំងអស់ មកប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា និង​បន្ត​ការផ្សាយ​ព្រម​គ្នា ជា​ប្រព័ន្ធ​អាណា​ឡូ​ក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុននឹង​ដល់​ដំណាច់ឆ្នាំ​២០២៥​ដែលជា​កាលបរិច្ឆេទ​ស​ម្រា​ប់​បិទ​ការផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណា​ឡូ​ក​ជា​ស្ថាពរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នីមួយៗ​បាន​បម្រើ​ទស្សនី​យ​អារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និង​សិល្បៈ​កម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈ​ពេល ២៥ ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ផ្អែកលើ​បទពិសោធន៍ ជំនាញ​និង​ធនធានមនុស្ស​ក្រុមហ៊ុន​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នឹង​អភិវឌ្ឍ​ឧស្សាហក​ម្សោ​ត​ទស្សន៍​និង​ផ្សព្វផ្សាយ​ឲ្យ​ទទួលបាន​ជោគជ័យ​។​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន BTV និង​វិទ្យុ​បាយ័ន​។​ក្រុមហ៊ុន​ទូរទស្សន៍ CBS រួមមាន​ប៉ុស្តិ៍​ទូរទស្សន៍ CTN, CTN International, CNC, MyTV​។ ចំណែក​ក្រុមហ៊ុន Digital Sky រួមមាន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ចំនួន ៣ ដូចជា (១)​ថ្នាល​ទូរទស្សន៍​ឌីជីថល​ប្រព័ន្ធ DVB-T (២)​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្កាយរណប​ប្រព័ន្ធ DTH (៣)​ថ្នាល​ទូរទស្សន៍​ឌីជីថល​តាម​ទូរស័ព្ទដៃ​ប្រព័ន្ធ OTT​។​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស វិទ្យុ​ហង្ស​មាស​និង​រស្មី​ហង្ស​មាស​, ផលិតកម្ម​WE, Pleng Records, ក្រុមហ៊ុន​ពិធីការ និង​សារព័ត៌មាន​២៤​ម៉ោង​៕Ph