ដោយៈ គង់ហេង / កំពង់ចាម៖ ក្រុមគ្រួសារកម្មករចម្ការចេក ប្រមាណជិត ៧០ នាក់ ត្រូវបានសង្ស័យពុលថ្នាំសម្លាប់សត្វល្អិត និងស្រា ស បន្ទាប់ពីមានអាការៈ ប្រហាក់ ប្រហែលគ្នា វិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺទ្រូង និងស្រវាំងភ្នែក ហើយក៏បាន ត្រូវបញ្ជួនមកសង្រ្គោះ នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។

ហេតុការណ៍ពុលនេះ បានកើតឡើងក្នុងផ្ទះល្វែងជាកសិដ្ឋាន ដែលខាងក្រុមហ៊ុនឡុង ស្រេង សង់សម្រាប់កម្មករ ចំនួន ២២០ នាក់ ស្នាក់នៅក្នុងចម្ការចេក មួយកន្លែង ស្ថិតក្នុងភូមិ ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានកើតឡើង កាលពីសប្តាហ៍មុន ហើយមកដល់ថ្ងៃទី១ វិច្ឆិកានេះ មានបុរសជាកម្មករចម្ការចេកនេះ ចំនួន បី នាក់ បានស្លាប់។

លោកវេជ្ជបណ្ឌិត យឹម ណាវី ជាប្រធានការិយាល័យសុខាភិបាល ស្រុកស្ទឺងត្រង់ បានឱ្យដឹងថាៈ ជនរងគ្រោះទាំង បីនាក់ រួមមានៈ ១. ឈ្មោះ ឡ លន់ អាយុ ៥៤ ឆ្នាំ បានស្លាប់នៅតាមផ្លូវ ពេលបញ្ជួនពីមន្ទីរពេទ្យបង្អែកស្រុកនេះ ទៅកាន់មន្ទីរពេទ្យ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ តុលា នៃការពុលដំបូង, ទី២. ឈ្មោះ មិល ប៉ុ អាយុ ៤៥ ឆ្នាំ បានស្លាប់ នៅថ្ងៃទី២៦ តុលា និងទី ៣. ឈ្មោះ ស៊ុំ សុខហ៊ីម អាយុ ៤៦ ឆ្នាំ បានស្លាប់ នៅថ្ងៃទី៣១ តុលា គឺពួកគេ បានស្លាប់ នៅតាមផ្លូវ ពេលបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តដូចគ្នា។

លោកប្រធានការិយាល័យសុខាភិបាល ស្រុកស្ទឹងត្រង់ បានឱ្យដឹងទៀតថាៈ គិតមកដល់ ថ្ងៃទី១ វិច្ឆិកា នេះ ទាំងអ្នកស្លាប់ អ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ព្រមទាំងអ្នកជាសះស្បើយ ចំនួនសរុប ៦៩ នាក់។ ពួកគាត់ជាជនរងគ្រោះទាំងអស់ មានអាការៈប្រហាក់ប្រហែលគ្នា គឺវិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺ ណែនទ្រូង ឈឺ ក និងស្រវាំងភ្នែក។

លោកបានបន្តថាៈ ជុំវិញករណីនេះ ខាងក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ខេត្តកំពង់ចាម និងការិយាសុខាភិបាលស្រុកនេះ បានសហការ ចុះស៊ើបអង្កេតស្រាវជ្រាវ ដល់កសិដ្ឋាន កន្លែងជនរងគ្រោះរស់នៅ និងបានសម្រេចដាក់ការសង្ស័យបញ្ហាប្រឈម ចំនួន បី គឺ ស្រា ស ស្ថានភាពជីវភាពអាហារូបត្ថម្ភរបស់គាត់ និងថ្នាំសម្លាប់សត្វល្អិត។

លោកបានបន្ថែមថាៈ នៅព្រឹកថ្ងៃទី១ វិច្ឆិកានេះ យើងបានបញ្ជួនសំណាកស្រាស ដែលខាងកម្មករ បានទទួលទាន មុនពុល មានជាតិមេតាណុល ៩ ភាគរយ ទៅវិភាគ ហើយខាងថ្នាំកម្ចាត់សត្វល្អិត ខាងកសិកម្ម ជាអ្នកវិភាគ គឺរង់ចាំលទ្ធផលវិភាគទាំងពីរ ចេញមក ទើបគណៈកម្មការ ធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា បណ្តាលមកពីស្រា ស ឬថ្នាំកម្ចាត់សត្វល្អិត។

បុរសវ័យ ៤១ ឆ្នាំ ឈ្មោះ ប៊ុន វីន ដែលកំពុងមកកំដរប្រពន្ធ និងកូនប្រុស អាយុជាង ១០ ឆ្នាំ ក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដោយសារពុលដែរនោះ បានប្រាប់ថាៈ គ្រួសារ លោក បានពុលទាំងបី នាក់ ប្រពន្ធ កូនប្រុស កំពុងដេកព្យាបាល ហើយថ្ងៃនេះ ពួកគេ បានធូរស្បើយ អាចងើបញ៉ាំអាហារបានហើយ។

បុរសនេះ ដែលមានទីលំនៅ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានបន្តថាៈ ចំណែករូបលោក បានពុលមុនគេ ក្នុងគ្រួសារ តាំងពីល្ងាចថ្ងៃទី២៧ តុលា គឺចាប់ដំបូងណែនដើមទ្រូង ថប់ដង្ហើម និងស្រវាំងភ្នែក ហើយខាងក្រុមហ៊ុន បានបញ្ជួនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម បានចំនួន ពីរថ្ងៃ បានធូរស្បើយ ចេញមកកំដរប្រពន្ធ និងកូន នៅមន្ទីរពេទ្យស្រុកស្ទឹងត្រង់នេះ៕/V