ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “ ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់ គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិ។ ឈរលើស្មារតីនេះ និងអនុលោមតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជិតស្និទ្ធជាមួយ គ្រប់បណ្តាប្រទេសជាមិត្ត ដោយឈរលើផលប្រយោជន៍រួម។ ក្នុងន័យនេះ គោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ ” ។ នេះជាការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារស្នាក់នៅ ២ ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថាៈ ឈរលើមូលដ្ឋាន នៃខឿនការពារជាតិរបស់ប្រជាជន សម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរ ភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិលដែលជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងកងយោធ ពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃខឿនការពារជាតិ ហើយតាមរយៈយន្តការនេះ ស្ថាប័ន-អង្គភាពស៊ីវិល បានជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយ ដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ច ការពារជាតិ មាតុភូមិរបស់កងទ័ព។ មួយវិញទៀត នេះក៏ជាសក្ខីភាពនៃចំណងសាមគ្គី ភាពស្អិតរមួត និងមិនអាចកាត់ផ្តាច់បាន រវាងកងទ័ព និងប្រជាជន តាំងពីដើមរៀងមក។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក បានអបអរសាទរ ចំពោះតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើន លើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការអនុវត្ត បានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព នូវរាល់ផែនការ, បទបញ្ជា និងសេចក្តីណែនាំផ្សេងៗរបស់យោធភូមិភាគទី៣ ក៏ដូចជា គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ៥ របស់ខេត្តព្រះសីហនុ បានល្អប្រសើរ។

ទន្ទឹមនឹងការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ បានសហការចូលរួមយ៉ាងសកម្ម ជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រហូតសម្រេចបានលទ្ធផល ជោគជ័យ គួរជាទីមោទនៈ៕/V