ដោយៈ សុផល / ភ្នំពេញ៖ ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ចាប់ផ្តើមគិតកម្រៃ ​ពីថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ០៧:០០ ព្រឹក តទៅ។​ ការបង់ប្រាក់ នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។

ឧទាហរណ៍ ចម្ងាយ​ ១៨៧,០៥ គីឡូម៉ែត្រ “ភ្នំពេញ-ក្រុងព្រះសីហនុ​“ បង់ ១២ ដុល្លារ (បានចុះតម្លៃមកត្រឹម ៨០% រួច) សម្រាប់យានយន្ត ដែលត្រូវបង់កម្រៃ Type​ “A” ខាងក្រោម៖​ ១. រថយន្តប្រភេទគ្រួសារ ៧ កៅអី ចុះក្រោម​ ២. រថយន្តផ្ទុកទំនិញ​ក្រោម ២តោន ៣. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡើង មានបិទលតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិត ត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត​ជាក់ស្តែង​ដូចមានក្នុងតារាង ជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿន ផងដែរ។

រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖ – ផ្លាកលេខសម្គាល់យានយន្ត​ – ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព – កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

ទន្ទឹមនឹងដំណើរការបង់សេវា លើការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ នគរបាលចរាចរណ៍ ក៏នឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តការផាកពិន័យផងដែរ ពិសេសចំពោះអ្នកបើកបរលើសល្បឿនកំណត់។

សូមរំលឹកថា សម្រាប់រថយន្តគ្រួសារ​ អាចបើកបរ ក្នុងល្បឿនលឿនបំផុត ១២០ គីឡូម៉ែត្រ/ម៉ោង ខណៈល្បឿនទាបបំផុត ៦០ គីឡូម៉ែត្រ/ម៉ោង ។ ដោយឡែក សម្រាប់រថយន្តកុងតឺន័រ​មានសណ្តោង អាចបើកបរ ក្នុងល្បឿនត្រឹមតែ ៨០ គីឡូម៉ែត្រ/ម៉ោង និងសម្រាប់រថយន្តធំ អត់មានសណ្តោង អាចបើកបរក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង ។ សម្រាប់រថយន្តធុនធំ គឺតម្រូវឱ្យបើកបរ ប្រកាន់ស្តាំជានិច្ច ដោយមិនអាចបើកលើ គន្លងខាងឆ្វេង ប្រើពេលយូរឡើយ៕/V