ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍ អេកម៉ិក (ACMECS) លើកទី៥ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម), កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រី ទេសចរណ៍កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងវៀតណាម (CLMV) លើកទី៦ អមដោយកិច្ច សន្ទនាទេសចរណ៍ ACMECS-CLMV លើកទី១ ចាប់ពីថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍ អនុតំបន់ទាំងពីរ។

យោងតាមក្រសួងទេសចរណ៍ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលដឹកនាំដោយកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី CLMV ដឹកនាំដោយឡាវ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះកម្មវិធីបើក នឹងចាប់ផ្តើម ដោយការស្តាប់សារស្វាគមន៍ពិសេស ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោង ៩ៈ០០ព្រឹក តាមទម្រង់វីដេអូថតទុកមុន ដែលមានរយៈពេល ៩នាទី និង៣០វិនាទី។

រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទេសចរណ៍ នៃអនុតំបន់នីមួយៗ នឹងពិភាក្សា និងវាយតម្លៃ ដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការការងារស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ អនុតំបន់របស់ខ្លួន ស្របតាមនិន្នាការទេសចរណ៍ នាពេលបច្ចុប្បន្ន និងអនាគត៕/V