ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ក្មេងប្រុសជំទង់ម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយដែលបានកើតឡើងកាលពីម៉ោងជាង៦យប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២២នៅចំណុចខាងជើងបឹងរាំងនៃភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង រវាងកាណូតបាឡាស្មាច់ពីរគ្រឿងបើកច្រាស់ទិសគ្នាហើយបានបុកគ្នាពេញទំហឹង។

អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ ជឿន បានឱ្យដឹងនៅថ្ងៃទី១វិច្ឆិកានេះថាជនរងគ្រោះដល់ ជីវិតឈ្មោះ ឈុំ តុលា អាយុ ១៥ ឆ្នាំមានទីលំនៅភូមិត្អួរលំ ឃុំកំពង់ហាវ ។

អធិការនគបាលស្រុកកំពង់លែងបានបញ្ជាក់អំពីរឿងរ៉ាវដែលបណ្តាលឱ្យកើតហេតុការណ៍អាក្រក់នេះថាមុនពេលកើតហេតុ​ជនរងគ្រោះបានបើកកាណូតបាឡាស្មាច់ចេញពីមាត់កំពង់នៅចំណុចផ្លូវបទ១កែងជ្រុងរបងសាលាស្រុកកំពង់លែងខាងលិចក្នុងគោលបំណងឆ្ពោះទៅភូមិស្ទឹងសណ្ដែក ឃុំកំពង់ហាវ។លុះពេលបើកមកដល់ចំណុចកើតហេតុក៏ បានប៉ះទង្គិចជាមួយកាណូតបាឡាស្មាច់មួយគ្រឿងផ្សេងទៀតដែលបើកបរដោយឈ្មោះលឹម វាសនា ជាងអាយុ២០ឆ្នាំ មានទីលំនៅភូមិថ្លៃងពណ៌ឃុំត្រងិលស្រុកកំពង់លែង។កាណូតទាំងពីរមានដំណើរច្រាស់ទិសគ្នា។បន្ទាប់ពីបុកគ្នាបណ្ដាលឱ្យឈ្មោះ ឆុំ តុលា រងរបួសផ្នែកក្បាលនិងបានធ្លាក់ចូលទៅក្នុងទឹកបណ្ដាលឱ្យលង់ទឹកស្លាប់តែម្ដង។

ចំណែកឈ្មោះ លឹម វាសនា បានបើកកាណូតរត់គេចក្រោយពេលកើតហេតុ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះបានស្រង់ជន​រងគ្រោះចេញពីក្នុងទឹកប្រគល់សាកសពឱ្យគ្រួសារសព។

ជនបង្កកំពុងរត់គេចខ្លួន។សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស្វែងរកជនបង្កយកមកចាត់ការតាមច្បាប់ ៕សរន