ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់​ថា កងប្រតិបត្តិការរុករកដែលគ្រោងបង្កើតថ្មីដែលជាកងរុករករាវក្នុងសមុទ្រ ទន្លេ បឹងបួរ នោះគឺត្រូវការថវិកា ប្រមាណជិត ៥០ម៉ឺនដុល្លារ ដើម្បីឱ្យកងពលអន្តរាគមន៍របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការនឹងរៀបចំកង ប្រតិបត្តិការនេះបានដើម្បីបម្រើដោះស្រាយបញ្ហាជូនប្រជាជនក៏ដូចជាក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន ។លោកបានអំពាវនាវដល់បណ្តាអង្គការដៃគូទាំងជាតិ និងអន្តរជាតិព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋានបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលឧបត្ថម្ភសម្ភារថវិកាទៅតាមលទ្ធភាពដើម្បីរួមចំណែកដោះស្រាយបញ្ហានានាដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយនានា។

រូបថត៖លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម បន្ទាប់ពីចប់ពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣តុលា ២០២២​ក្រោមមូលបទ«រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ» កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា ដោយមានការស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមចំណែកដោះស្រាយដើម្បីពង្រឹងកងប្រតិបត្តិការរុករកនេះ ដើម្បីជួយសង្គ្រោះប្រជាជន ហើយសប្បុរសជនបានចូលរួមចំណែកយ៉ាងសកម្មរហូតបានថវិកាជាង ២០ម៉ឺនដុល្លារហើយ។ កងប្រតិបត្តិការរុករកដែលគ្រោងបង្កើតកងប្រតិបត្តិការថ្មីដែលជាកងរុករករាវក្នុងសមុទ្រទន្លេ បឹងបួរគឺត្រូវការថវិកាប្រមាណជិត៥០ម៉ឺនដុល្លារដើម្បីបង្កើតកងប្រតិបត្តិការរុករកដើម្បីឱ្យកងពលអន្តរាគមន៍របស់ក្រសួងការពារជាតិនិងអគ្គបញ្ជាការនឹងរៀបចំកងនេះដើម្បីបម្រើដោះស្រាយបញ្ហាជូនប្រជាជនក៏ដូចជាក្នុងនាមសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា នៅឆ្នាំ២០២២ នេះ ទឹកមិនឡើងធ្ងន់ធ្ងរប៉ុន្មានទេដោយសារទឹកភ្លៀងរ៉ាំរ៉ៃ ជាប់ គឺភ្លៀងរហូតមិនឈប់ដែលធ្វើឱ្យប៉ះពាល់ទៅដល់ហេដ្ឋារចនាមសម្ព័ន្ធ ធ្វើឲ្យប៉ះពាល់ស្រូវរបស់ប្រជាជនច្រើនដង។ …ហើយកម្រិតខូចទូទាំងប្រទេសប្រមាណ២០ខេត្ត ក្រុង មានទៅដល់ប្រមាណប្រាំពីរម៉ឺនហិកតា ។ ក្រៅពីនេះក៏មានការខូចខាតដែលយើងស្តារមិនបានវិញក៏ច្រើន ក៏ប៉ុន្តែយើងនឹងពិនិត្យលទ្ធភាពអាចឲ្យេពូជដំណាំផ្សេងៗ ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានផ្តល់នូវស្បៀងបម្រុងដូចជា អង្ករ និងឃីតផ្សេងៗ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តក្រុង។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា អ្នកដែលងាយរងគ្រោះ និងក្រោមបន្ទាត់ក្រីក្រប្រភេទ ១ និងប្រភេទ ២ រដ្ឋាភិបាលក៏នឹងជួយបំពេញបន្ថែមនៅការខ្វះខាតដែលមិនទាន់អាចដោះស្រាយអំពីបញ្ហាបង្កបង្កើនផលបាន៕សរន

រូបថតៈកងប្រតិបត្តិការរុករកសាកសពសិស្សានុសិស្សលិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកកាលពីយប់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២