ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិបតី ភាពប្រារព្ធពិធីអបអរសាទរខួប១០ ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលពីតំណាងប្រទេសពាក់ព័ន្ធនៃកិច្ចព្រមព្រៀងព្រមទាំងអ្នកធ្វើធុរកិច្ចជាច្រើនរូបផ្សេងទៀត។

ក្រសួងពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ាន (ERIA) និង លេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) បានសហការគ្នារៀបចំវេទិកាជាន់ខ្ពស់ស្តីពីខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប (RCEP) នេះឡើង។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប(RCEP)និងការសម្ពោធសៀវភៅទី២របស់វិទ្យាស្ថានERIA ស្តីពីកិច្ចព្រមព្រៀង​អាសិប ក្រោមមូលបទ«ថាមវន្តនៃតំបន់អាស៊ីបូព៌ានិងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់»ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេ ល ២ថ្ងៃពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្ដល់សុន្ទរកថាគន្លឹះនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀអាសិប(RCEP)ប្រកបដោ យប្រសិទ្ធភាពខ្ពស់ ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិបកាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ ២០២២ នេះបន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំក្រោមគោលការណ៍ណែនាំ​កំណត់ដោយសេចក្តីថ្លែងការណ៍រួមស្តីពីការបើកការចរចាកិច្ច ព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថានៅក្នុងវេទិកានេះផងដែរលោកសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura)ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA)នឹងប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនូវសៀវភៅ​ចំនួនពី​រ​ក្បាលរបស់វិទ្យាស្ថាន ERIA។ក្នុងនោះមានដូចជាទី១.ថាមវន្តនៃតំបន់​អាស៊ីបូព៌ានិងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់និងទី២. ផែនការអភិវឌ្ឍតំបន់អាស៊ីគ្រប់ជ្រុងជ្រោយ(CADP)៣.០ ៖ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងនិរន្តរភាព។

ជាមួយគ្នានេះវេទិកាជាន់ខ្ពស់ស្តីពីខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិបនេះក៏នឹងមានកិច្ចពិភាក្សាកម្រិតខ្ពស់មួយ,កិច្ចពិភាក្សាកម្រិតតួអង្គពាក់ព័ន្ធមួយ ,ព្រមទាំងកិច្ចពិភាក្សាបច្ចេកទេសមួយទៀតដែលនឹងបកស្រាយលម្អិតអំពីជំពូកសំខាន់ៗនៅក្រោមកិច្ចព្រមព្រៀងនេះ ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញនាពេលថ្មីៗថាការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់(RCEP)មានចំនួនសរុបជិត​ ៣៣០០ លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២កើនឡើង១០ ភាគរយធៀបនឹងឆ្នាំមុន ។ ក្នុងនោះប្រទេសកម្ពុជាបាន នាំចេញទំនិញ​ច្រើនជាងគេទៅកាន់ប្រទេសវៀតណាម ចិន និង ជប៉ុន។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ ប្រទេសនិងដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕