​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅក្នុង​ការបង្កើន​វោហា​រិះគន់​សមយុទ្ធ​យោធា​ដែល​កំពុង​ធ្វើ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង កូរ៉េ​ខាងជើង​បាន​ចេញ​ការ​គំរាម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បីអោយ​អាម៉េរិក​​និង​កូរ៉េខាងត្បូង​«​សង​នូវ​តំលៃ​គួរអោយភ័យខ្លាចបំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​» ។​

​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ប្តេជ្ញា​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក និង​ថា​សព្វាវុធ​នេះ​អាច​ប្រើ​ក្នុងស្ថានភាព​សង្គ្រាម​ណាមួយ​

​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ជាថ្មីទៀតរដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាន​ទាមទារ​អោយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា ដោយ​ថា​«​អំពើ​ធ្វេសប្រហែស​និង​បង្ក​រឿង​នេះ​នឹង​លែង​អត់​ឳ​ន​អោយ​​បាន​តទៅទៀត​ហើយ »​នៅ​ពេល​ទាំង​អាម៉េរិក​បាន​សម្តែង​ការព្រួយបារម្ភ​ខ្ពស់​ថា​កូរ៉េ​ខាងជើង​ប្រុងប្រៀប​សាកល្បង​នុយក្លេអ៊ែ​រ​​មួយលើកទៀត​។​

​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បានចាប់ផ្តើម​លំ​ហាត់​យោធា​ទ័ពអាកាស​រួមគ្នា​ធំ​បំផុត​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​រាប់រយ​មក​ពី​ភាគី​ទាំងពីរ​។​ពួក​គេហ្វឹកហាត់​ពេញ​២៤​ម៉ោង​​ក្នុង​មួយ​ថ្ងៃជា​ផ្នែក​នៃ​សមយុទ្ធ​រយៈពេល​មួយ​សប្តាហ៍​។​

​អារិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​កំពុង​កើនឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​បន្តបន្ទាប់​និង​អនុម័ត​ច្បាប់​មួយ​ដែល​អនុញ្ញាត​អោយ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​ដើម្បីជា​ការបង្ការ​ទុកជា​មុន​សំរាប់​ស្ថានការណ៍​មួយ​ចំនួន​ធំ​។​

​ពួក​អ្នកជំនាញការ​នៅ​មាន​មន្ទិល​អំពី​ថា​តើ​កូរ៉េខាងជើង​អាច​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ជា​មុន​បាន​ដែរឬទេ​ក្នុងពេល​ខ្លួន​ប្រឈម​នឹង​កងកម្លាំង​អាម៉េរិក​និង​កូរ៉េ​ខាងត្បូង​ដែល​មាន​ប្រៀប​ជាង​ឆ្ងាយ​។​

​កូរ៉េ​ខាងជើង​បាន​និយាយថា ការសាកល្បង​សព្វាវុធ​កាលពី​ពេល​ថ្មីៗ​របស់ខ្លួន​ជា​ការព្រមាន​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​តោន​និង​សេ​អ៊ូ​ល​អំពី​សមយុទ្ធ​យោធា​បន្តបន្ទាប់​ដែល​ខ្លួន​ចាត់ទុកថា​ជា​ការហាត់​សម​សំរាប់​​ចូល​ឈ្លានពាន​ខ្លួន រួម​ទាំង​សមយុទ្ធ​នៅ​សប្តាហ៍​នេះ​ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​២៤០​គ្រឿង​ផង​។​

​ប៉ាក់ ចុង ចុន​(Pak Jong Chon)​លេខា​បក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​នៅ​កូរ៉េខាងជើង បាន​ហៅ​សមយុទ្ធ​ទ័ពអាកាស​Vigilant Storm​ថា​«​មាន​ចរិត​ឈ្លានពាន​និង​បង្ករឿង​»​។​លោក​បាន​​ចោទប្រកាន់​ក្រសួង​ការពារជាតិ​អាម៉េរិក​ថា​បង្កើតរូបមន្ត​នៃ​ការដួលរលំ​របប​ដឹកនាំ​កូរ៉េខាងជើង​មួយ ជា​កម្មវត្ថុ​គោលនយោបាយ​ធំ​មួយ​នៅក្នុង​របាយការណ៍​យុទ្ធសាស្ត្រ​ការពារ​ជាតិ​អាម៉េរិក​ដែល​ក្រសួង​បាន​​បញ្ចេញ​កាលពីពេល​ថ្មីៗ​។​

​របាយការណ៍​បាន​និយាយថា ការវាយប្រហារ​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ​ណាមួយ​លើ​អាម៉េរិក​ឬ​សម្ពន្ធមិត្ត ព្រមទាំង​ដៃគូ​«​នឹង​នាំ​ដ​ល់ការបញ្ចប់​របប​ដឹកនាំ​កូរ៉េខាងជើង​»​។​

​លោក​ក៏​បាន​រិះគន់​ពួក​មេដឹកនាំ​យោធា​កូរ៉េខាងត្បូង​អំពី​អ្វី​ដែល​លោក​ហៅ​ថា​សម្តី​«​សម្រាម​»​ដែល​គំរាម​កំទេច​កូរ៉េខាងជើង បើសិនជា​ហ៊ាន​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​។​

​សូមបញ្ជាក់​ថា យោធា​កូរ៉េ​ខាងជើង​បាន​ព្រមាន​កូរ៉េខាងជើង​ថា ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​នឹង​«​ដាក់​ប្រទេស​នេះ​នៅលើ​ផ្លូវ​បំផ្លាញ​ខ្លួនឯង​»​។​

​តែ​លោក​ប៉ា​កបាន​និយាយថា​«​បើសិនជា​អាម៉េរិក​និង​កូរ៉េខាងត្បូង​ប្រើ​កំលាំង​ទ័ព​ប្រឆាំង​កូរ៉េ​ខាងជើង​ដោយ​គ្មាន​ញញើត មធ្យោបាយ​ពិសេស​នៃ​កងកម្លាំង​កូរ៉េ​ខាងជើង​នឹង​អនុវត្ត​បេសកកម្ម​យុទ្ធសាស្ត្រ​​របស់​ខ្លួន​ដោយ​គ្មាន​បង្អង់​។​អាម៉េរិក​និង​កូរ៉េខាងត្បូង​នឹង​ត្រូវ​ប្រឈម​ករណី​ដ៏​រន្ធត់​មួយ​និង​បង់​នូវ​តំលៃ​ដ៏​គួរអោយខ្លាច​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​»៕

​សមយុទ្ធ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​ជាង​២០០​គ្រឿង​មក​ពី​ភាគី​ទាំងពីរ​និង​ហ្វឹកហាត់​ពេក​២៤​ម៉ោង​