​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការព្យាករណ៍​ដំបូង​បានបង្ហាញ​ថា គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu)​បាន​នាំមុខ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទី​១​វិច្ឆិកា ប៉ុន្តែ​មិន​មាន​ការធានា​ថា អតីតយុទ្ធជន​ស្តាំនិយម​រូបនេះ​អាច​បង្កើត​រដ្ឋាភិបាល​បានទេ​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា លោក​ណេ​តាន់​យ៉ា​ហ៊ូ ដែល​ជា​នាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរ​បំផុត​របស់​អ៊ីស្រាអែល អាច​ដណ្តើម​បាន​សំឡេង​ភាគច្រើន​ដ៏​ប្រផុតប្រផើយ​និង វិលត្រឡប់​មក​វិញ​ជាមួយ​នឹង​ការគាំទ្រ​ដែល​រំពឹង​ទុក​ពី​បណ្តា​គណបក្ស​ជ្វី​ហ្វ​និយម​និងប​ក្ស​ស្តាំនិយម​។​

​ទោះយ៉ាងណា សំឡេង​សរុប​អាច​ផ្លាស់ប្តូរ​នៅពេល​ដែល​លទ្ធផល​ផ្លូវការ​ចេញ​មក​ហើយ​អ្នកណា​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​បង្កើត​រដ្ឋាភិបាល​នឹង​ត្រូវការ​ការគាំទ្រ​ពី​គណបក្ស​តូចៗ​ជាច្រើន​ដើម្បី​ដណ្តើម​​យក​សំឡេង​ភាគច្រើន​ចំនួន ៦១ អាសនៈ​នៅក្នុង​សភា​ដែល​មាន ១២០ អាសនៈ​។​

​ប្រសិនបើ​ការព្យាករណ៍​លើកដំបូង​ពិតជា​ត្រឹមត្រូវ នោះ​វា​នឹង​បញ្ចប់​រជ្ជកាល​ខ្លី​នៃ​សម្ពន្ធភាព​របស់​គណបក្ស​ចំនួន​ប្រាំបី​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​ចាំផ្ទះ​កណ្តាល​និយម លោក យែ​រ ឡា​ភី​ដ (Yair Lapid) ដែល​អាច​បណ្តេញ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​កាលពី​ឆ្នាំមុន មុន​ពេល​ខ្លួន​ត្រូវ​ដួលរលំ​។​

​គម្លាត​ហាក់​ស្តួច​ស្តើង​ដូច​ការរំពឹងទុក​នៅក្នុង​ប្រទេស​ដែល​បែកបាក់​គ្នា​យ៉ាង​ជូរចត់​មួយ​នេះ ដែល​រៀបចំ​ការបោះឆ្នោត​លើក​ទី​ប្រាំ​របស់​ខ្លួន​ក្នុង​រយៈពេល​តិច​ជាង​បួន​ឆ្នាំ​ប៉ុន្តែ​សញ្ញា​ដំបូង​គឺ​វិជ្ជមាន​​សម្រាប់​មេដឹកនាំ​អាយុ ៧៣ ឆ្នាំ​នៃ​គណបក្ស​លីឃុត (Likud) ។​

​ការព្យាករណ៍​ពី​បណ្តាញ​អ៊ីស្រាអែល​ចំនួន​បី​បានដាក់​បក្ស​លីឃុត​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ស្ថិត​នៅលើ​ផ្លូវ​សម្រាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​រង្វង់ ៣០ ឬ ៣១ អាសនៈ​នៅ​រដ្ឋសភា​។​

​ការព្យាករណ៍​បឋម​បានបង្ហាញ​ថា ចំនួន​នោះ រួមជាមួយ​នឹង​ចំនួន​ដែល​បាន​ព្យាករណ៍​សម្រាប់​សម្ពន្ធភាព​សាសនា​ស៊ី​យ៉ូន (Zionism) ស្តាំនិយម​ជ្រុល និង​បណ្តា​គណបក្ស​ជ្វី​ហ្វ​និយម​ជ្រុល បាន​ផ្តល់​ឱ្យ​ប្លុក​ដែល​គាំទ្រ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ចន្លោះ​ពី ៦១ ឬ ៦២ អាសនៈ​។​

​ប៉ុន្តែ​ការបោះឆ្នោត​កាលពី​មុន​របស់​អ៊ីស្រាអែល​បានបង្ហាញ​ថា ការប្រែប្រួល​បន្តិចបន្តួច​នៅពេល​ដែល​ការបោះឆ្នោត​ត្រូវ​បាន​រាប់​ជា​ផ្លូវការ​អាច​ផ្លាស់ប្តូរ​ទស្សនវិស័យ​យ៉ាង​ខ្លាំងក្លា​៕

​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នាំមុខ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទី​១​វិច្ឆិកា