​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អាម៉េរិក​បានបញ្ជាក់​ថា អា​រ៉ាប៊ីសាអូឌីត​បានចែក​រំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​មន្ត្រី​អាម៉េរិក​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​អាច​កំពុង​រៀបចំ​សម្រាប់​ការ​​វាយប្រហារ​ដែល​ជិត​មក​ដល់​លើ​ព្រះរាជាណាចក្រ​មួយ​នេះ​។​

​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ការវាយប្រហារ​លើ​អា​រ៉ាប៊ីសាអូឌីត​បានកើត​ឡើង ខណៈ​រដ្ឋបាល​លោកបៃ​ដិន​រិះគន់​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ចំពោះ​ការបង្ក្រាប​របស់​ខ្លួន​លើ​ការតវ៉ា​រីក​រាលដាល និង​ថ្កោលទោស​ចំពោះ​ការបញ្ជូនដ្រូ​ន​រាប់រយ​គ្រឿងក៏ដូច​ជា​ជំនួយ​បច្ចេកទេស​ទៅ​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន​។​

​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​មាន​ការព្រួយបារម្ភ​អំពី​រូបភាព​គំរាមកំហែង ហើយ​យើង​នៅ​តែ​ទាក់ទង​គ្នា​ជានិច្ច​តាមរយៈ​បណ្តាញ​យោធា​និង​ចារ​​កម្ម​ជាមួយ​អា​រ៉ាប៊ីសាអូឌីត​។ យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​សកម្មភាព​ការពារ​ផលប្រយោជន៍​និង​ដៃគូ​របស់​យើង​នៅក្នុង​តំបន់​នោះ​ឡើយ​”​។​

​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ដែល​បាន​បញ្ជាក់​ពី​ការចែករំលែក​ព័ត៌មាន​សម្ងាត់​នេះ​បាន​ពណ៌នា​ថា​វា​ជា​ការគំរាមកំហែង​ដ៏​គួរឱ្យ​ជឿជាក់​នៃ​ការវាយប្រហារ “​ឆាប់ៗ​នេះ​ឬ​ក្នុង​រយៈពេល ៤៨ ម៉ោង​”​។​គ្មាន​​ស្ថានទូត​ឬ​ស្ថាន​កុងស៊ុល​អាម៉េរិក​ណាមួយ​ក្នុង​តំបន់​បានចេញ​សេចក្តីជូនដំណឹង​ឬ​ការណែនាំ​ដល់​ជនជាតិ​អាម៉េរិក​ក្នុងប្រទេស​អា​រ៉ាប៊ីសាអូឌីតឬ​កន្លែង​ផ្សេងទៀត​នៅ​មជ្ឈិមបូព៌ា​ដោយ​ផ្អែក​លើ​ព័ត៌​​មាន​ចារកម្ម​សម្ងាត់​នេះ​នោះ​ទេ​។ មន្ត្រី​ទាំងនោះ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​អត្ថាធិប្បាយ​និង​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​។​

​នៅពេល​សួរ​អំពី​របាយការណ៍​នៃ​ការ​ស៊ើបការណ៍​សម្ងាត់​ដែល​បាន​ចែករំលែក​ដោយ​អា​រ៉ាប៊ីសាអូឌីត ឧត្តមសេនីយ៍ឯក ផាត់ រ៉ា​យ​ឌឺ (Pat Ryder) អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​បាន​និយាយថា មន្ត្រី​យោធា​អាម៉េរិក “​មាន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​គំរាមកំហែង​នៅក្នុង​តំបន់​”​។​

​លោក​រ៉ា​យ​ឌឺ​បាន​និយាយថា “​យើង​កំពុង​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​ដៃគូ​អា​រ៉ាប៊ីសាអូឌីត​របស់​យើង​ទាក់ទង​នឹង​ព័ត៌មាន​អ្វី​ដែល​ពួកគេ​ប្រហែលជា​ត្រូវ​ផ្តល់ជូន​នៅ​ចំពោះមុខ​រឿង​នោះ​”​។​

“​ប៉ុន្តែ​អ្វី​ដែល​យើង​បាន​និយាយ​ពី​មុន ហើយ​ខ្ញុំ​នឹង​និយាយ​ឡើងវិញ​នោះ​គឺថា យើង​នឹង​រក្សា​សិទ្ធិ​ទប់ទល់​និង​ការពារ​ខ្លួន​យើង មិន​ថា​កងកម្លាំង​របស់​យើង​កំពុង​បម្រើការ​នៅ​កន្លែង​ណា មិន​ថា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​កន្លែង​ផ្សេង​ទៀត​នោះ​ឡើយ​”៕

ដ្រូ​ន​អ៊ីរ៉ង់​កំពុង​បាញ់​សាកល្បង​នៅលើ​សមុទ្រ