ដោយៈ ទេព មង្គល / ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ ក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជ ធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្រ្តី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។

កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់ សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ អាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ជាង ១.០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ៕ V / N