ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ យោងតាមទិន្នន័យមួយ បង្ហាញថា នៅខេត្តបន្ទាយ មានជ័យ ប្រជាពលរដ្ឋជាង ៥ មុឺននាក់ មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ហួស សុពលភាព ដែលបង្កឱ្យប៉ះពាល់ដល់សិទ្ធិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងក្នុងការប្រើប្រាស់ ក្នុងប្រយោជន៍ ច្រើនទៀត ។ ពាក់ព័ន្ធករណីចាំបាច់ចំពោះមុខនេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ បានផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅ ដែលមានអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព ខូច ឬបាត់ ព្រមទាំងយុវជនអាយុគ្រប់ ១៥ ឆ្នាំឡើង សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថាៈ អនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញ បានផ្សព្វផ្សាយដល់អធិការ ស្រុក ក្រុង និងប៉ុស្តិ៍រដ្ឋបាល ធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណ ប័ណ្ណ ហួសសុពលភាព ឬនៅរយៈពេល ៩០ ថ្ងៃទៀត មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឱ្យបានទាន់ពេលបោះឆ្នោត ខាងមុខ នាឆ្នាំ២០២៣ ។

ជាមួយនឹងការអំពាវនាវនេះ សមត្ថកិច្ចនគរបាលជំនាញ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក៏បាននឹងកំពុងមមាញឹកខ្លាំង សម្រុកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនដល់ប្រជាពលរដ្ឋ ដូចក្នុងតួលេខជាង ៥ មុឺននាក់។

លោកបានបន្តថាៈ មានពលរដ្ឋពី ២០០ ទៅ ៥០០ នាក់ ក្នុង១ថ្ងៃៗ ឯណោះ ដែលមាន អត្តសញ្ញាណប័ណ្ណហួសសុពលភាព និងអ្នកមកធ្វើថ្មី ពោលគឺ ត្រូវសម្រុកធ្វើឱ្យបាន អត្តសញ្ញាណប័ណ្ណថ្មី សម្រាប់ប្រើប្រាស់ ទាន់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នាខែកក្កដា នាឆ្នាំ២០២៣ ខាងមុខ ។

លោកបានឱ្យដឹងទៀតថាៈ សម្រាប់ខេត្តបន្ទាយមានជ័យ គិកត្រឹមខែកញ្ញា ឆ្នាំ២០២២​ នេះ សមត្ថកិច្ចជំនាញ បានធ្វើអត្តសញ្ញាណប័ណ្ណ ផ្តល់ជូនពលរដ្ឋ បាន ៣.០០០ នាក់ ដូច្នេះនៅសល់ ៥០.០២០ នាក់ទៀត ដែលសមត្ថកិច្ចកំពុងសម្រុកធ្វើជូនពលរដ្ឋនៅខេត្ត និងតាមស្រុក ក្រុង ទាំង ៩ នៃខេត្ត។

ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី តម្រូវៈ ទី១-ចំពោះអ្នកមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព សូមយកអត្តសញ្ណប័ណ្ណចាស់មកជាមួយ ហើយនឹងត្រូវប្រើទិន្នន័យ ចាស់នោះ ពោលគឺ មិនតម្រួវឱ្យយកឯកសារពាក់ព័ន្ធថ្មីទេ។ ទី២-ចំពោះអ្នកធ្វើ អត្តសញ្ញាណប័ណ្ណថ្មី តម្រូវឱ្យមានសំបុត្រកំណើត និងសៀវភៅគ្រួសារ ។

ចំណែកអ្នកដែលអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ ឬខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលសាម៉ីខ្លួនរស់នៅ ៕ V / N