​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​សរុប​ជាង​ដប់​គ្រាប់​ចេញពី​ឆ្នេរ​ខាងលិច​របស់​ខ្លួន​នាំអោយ​កូរ៉េខាងត្បូង​ចេញ​ការព្រមាន​អំពី​​ការវាយប្រហារ​តាម​អាកាស​ដ៏​កម្រ​។​

​នាយសេនាធិការ​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ចំនួន​ជាង​ដប់​គ្រាប់​ឆ្ពោះ​ទៅ​សមុទ្រ​ខាងកើត​(​សមុទ្រ​ជប៉ុន​)»​។​

​ការព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​មួយ​ត្រូវ​បាន​តាម​ប្រកាស​តាម​ទូរទស្សន៍​សំរាប់​កោះ អ៊ុល​លឿង​ដូ​(Ulleungdo)​និង​បាន​ប្រាប់​អ្នកស្រុក​អោយ​ភៀសខ្លួន​ទៅកាន់​លេនដ្ឋាន​ក្រោម​ដី​ក្បែរៗ​។​

​យោធា​បាន​និយាយថា កាំជ្រួច​កូរ៉េខាងជើង​មួយ​បាន​ធ្លាក់​នៅក្នុង​ដែនទឹក​អន្តរជាតិ​ខាងត្បូង​ខ្សែ​បន្ទាត់​ព្រំដែន​ខាងជើង​។​

​ស្របពេល​ជាមួយ​គ្នា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​-​យ៉ូល បាន​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​ពិភាក្សា​អំពី​ការបាញ់​កាំជ្រួច​នេះ​ដែល​អ្នកវិភាគ​បាន​និយាយថា​ជា​«​ការ​គំរាម​និង​​គឃ្លើន​បំផុត​»​មួយ​ក្នុងចំណោម​ការបាញ់​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ជប៉ុន​ក៏​បាន​បញ្ជាក់​អំពី​ការបាញ់​កាំជ្រួច​ផ្លោង​នេះ ដោយ​កង​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​បាន​ព្រមាន​នាវា​អោយ​ប្រុងប្រយ័ត្ន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ក្នុងពេល​ជាមួយគ្នា​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នៅពេល​ភាព​តានតឹង​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ ខ្ញុំ​នឹង​បើក​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​​ក្នុងពេល​ឆាប់ៗ​»​។​

​ការបាញ់​កាំជ្រួច​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កើតឡើង​ចំពេល​អាម៉េរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ ឈ្មោះថា​Vigilant Storm​ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​២៤០​គ្រឿង​​មក​ពី​ភាគី​ទាំងសងខាង​។​

​ប៉ាក់ ចុង ចុន​(Pak Jong Chon)​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ពលករ​កូរ៉េ បាន​និយាយថា សមយុទ្ធ​នេះ​មាន​ចរិត​«​ឈ្លានពាន​និង​បង្ករឿង​»​។​លោក​ថា​ឈ្មោះ​សមយុទ្ធ​នេះ​នាំអោយ​គេ​នឹក​ដល់​ប្រតិបត្តិការ​ព្យុះ​​សមុទ្រ​ខ្សាច់​(Operation Desert Storm) ជា​ការវាយលុក​ដឹកនាំ​ដោយ​អាម៉េរិក​ចូល​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​១៩៩០-៩១ ហើយ​«​បើ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ប៉ុនប៉ង​ប្រើ​កម្លាំង​ទ័ព​លើ​សាធារណរដ្ឋ​​ប្រជាមានិត​កូរ៉េ​(DPRK)​ដោយ​មិន​ញញើត មធ្យោបាយ​ពិសេស​នៃ​កងកម្លាំង​ប្រដាប់អាវុធ​DPRK​នឹង​អនុវត្ត​បេសកកម្ម​យុទ្ធសាស្ត្រ​(​នុយក្លេអ៊ែ​រ​)​របស់​គេ​ដោយ​គ្មាន​បង្អង់​…»​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កាំជ្រួច​មួយ​កាលពី​ថ្ងៃ​ពុធ​បាន​ធ្លាក់​នៅ​ចម្ងាយ​តែ​៥៧​គីឡូម៉ែត្រ​ខាងកើត​ដីគោក​របស់​កូរ៉េខាងត្បូង​។​

​ការបាញ់​សាកល្បង​កាលពី​ថ្ងៃ​ពុធ​កើត​ឡើង​ក្រោយ​កូរ៉េខាងជើង​បាញ់​កាំជ្រួច​បន្តបន្ទាប់ រួម​មាន​អ្វី​ដែល​កូរ៉េខាងជើង​ហៅ​ថា​សមយុទ្ធ​នុយក្លេអ៊ែរ​កល​យុទ្ធ ចំ​ពេល​អាម៉េរិក​បាន​ព្រមាន​ថា​រដ្ឋ​កុំម្មុយនីស្ត​​ឯកោ​នេះ​ប្រុង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​៕

​ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញ​រូបភាព​បាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​

​កូរ៉េខាងត្បូង​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ជាង​ដប់​គ្រាប់​ចេញពី​ឆ្នេរ​ខាងលិច​របស់ខ្លួន​