ដោយៈ ប.ខុន / ភ្នំពេញៈ ធាតុអាកាសត្រជាក់ នៅក្នុងរដូវរំហើយ ឆ្នាំ២០២២-២០២៣ ខាងមុខនេះ សម្រាប់តំបន់វាលវែង ក្នុងខេត្តពោធិសាត់ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី អាចចុះត្រជាក់ខ្លាំង ជាងបណ្តាឆ្នាំមុនៗ ដោយសារបាតុភូតឡានីណា ដែលពេលនេះ នៅមានឥទ្ធិពល ដល់ពី ៦០ ទៅ ៦៥ ភាគរយ។ ហើយភ្លៀងរដូវវស្សា ក៏មិនទាន់អស់នៅឡើយដែរ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ អាកាសធាតុត្រជាក់ ចាប់ផ្តើម មកដល់ជាមួយនឹងខ្យល់មូសុងឦសាន មិនទាន់ខ្លាំង ហើយការចុះត្រជាក់ លើកដំបូង នៃរដូវរំហើយ ឆ្នាំ២០២២-២០២៣ នេះ ក៏មិនទាន់ខ្លាំងដែរ គឺមានត្រឹមរង្វង់​កម្រិតពី ១៧ ទៅ ១៨ អង្សាសេ នៅតំបន់វាលវែង ក្នុងខេត្តពោធិសាត់ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ នៅក្នុងរដូវរំហើយ ឆ្នាំ២០២២-២០២៣ នេះ ធាតុអាកាសចុះត្រជាក់ខ្លាំង ជាបណ្តាឆ្នាំមុនៗ ដោយសារបាតុភូត ឡានីណា  ដែលពេលនេះ នៅមានឥទ្ធិពល ដល់ពី​ ៦០ ទៅ ៦៥ ភាគរយ។ ដោយសារ បាតុភូតឡានីណា នៅមានកម្រិតខ្ពស់ នាំឱ្យភ្លៀង រដូវវស្សា ឆ្នាំ២០២២  មិនទាន់អស់ ទាំងស្រុងនៅឡើយទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៨ ខែវិច្ឆិកាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់បក់ មកពីទិសឦសាន ដែលនាំមកនូវ ធាតុអាកាសចុះត្រជាក់ ពេលព្រឹក នៅបណ្តាខេត្តមួយចំនួន ដូចជា មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អអ្សាសេ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាព អប្បបរមា មានពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ​ ៣២ អង្សាសេ។ អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ១៧ ទៅ ២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ធាតុអាកាស អាចចុះត្រជាក់ នៅពេលព្រឹក នៅបណ្តាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អង្សាសេ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច៕/V-PC