​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​វិច្ឆិកា​ថា ត្បិត​មាន​មេរៀន​នៃ​វិបត្តិ​មី​ស៊ី​ល​គុយបា​កាលពី ៦០ ឆ្នាំមុន​ក្តី​ក៏​ចិន​នៅតែ​មិន​បង្ហាញ​​ចំណាប់អារម្មណ៍​ក្នុង​ការពិភាក្សា​អំពី​ជំហាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​បង្កឡើង​ដោយ​អាវុធ​នុយក្លេអ៊ែរ បន្ទាប់​ពី​មេដឹកនាំ​ចិន ស៊ី ជីន​ភីង បង្ហើប​តម្រុយ​កាលពី​ខែ​មុន​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​នឹង​ពង្រឹង​យុទ្ធសាស្ត្រ​រារាំង​របស់ខ្លួន​។​

​មន្ទីរ​បញ្ច​កោណ​និយាយថា ចិន​កំពុង​ឆ្លងកាត់​ការពង្រីក​កម្លាំង​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​ខ្លួន ហើយ​កំពុង​ឆ្ពោះទៅ​រក​ការ​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១.០០០ គ្រាប់​នៅ​ឆ្នាំ ២០៣០​។​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​​ប៉េកាំ​ង​បាន​ប្រឆាំង​ការចរចា​ជា​យូរ​មក​ហើយ​អំពី​ការគ្រប់គ្រង​អាវុធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដោយ​លើក​ហេតុផល​ថា សហរដ្ឋ​អាម៉េរិក​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាង​ឆ្ងាយ​រួចទៅហើយ​។​

​លោក អា​ឡិច​សាន់​ត្រា ប៊ែល (Alexandra Bell) ឧបការី​រង​នៃ​ក្រសួងការបរទេស​សម្រាប់​ការគ្រប់គ្រង ការផ្ទៀងផ្ទាត់ និង​ការអនុលោម​តាមច្បាប់ បាន​ប្រាប់​ក្រុមប្រឹក្សា​អា​ត្លង់​ទិក​មួយ​ថា ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាម៉េរិ​កក៏ដោ​យ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​នៅតែ​មិនទាន់​ចាប់ផ្តើម​ការពិភាក្សា​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​លោក​ប៊ែល​បាន​និយាយថា “​ជា​ជំហាន​ដំបូង យើង​ពិតជា​ចង់​សន្ទនា​ជាមួយ​ពួកគេ​អំពី​គោល​លទ្ធិ​ទៅវិញទៅមក អំពី​ការធ្វើទំនាក់ទំនង​គ្រា​មាន​វិបត្តិ ការគ្រប់គ្រង​វិបត្តិ​”​ដោយ​កត់សម្គាល់ថា​​វ៉ាស៊ីនតោន​មាន​កិច្ចពិភាក្សា​បែបនេះ​ជាមួយ​រុស្ស៊ី​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

​លោក​ប៊ែល​បាន​និយាយថា “​យើង​មិន​ស្ថិត​នៅក្នុង​ចន្លោះ​ពេល​ត្រូវ​និយាយ​ជាមួយ​ប៉េកាំង​នៅឡើយ​ទេ​។ ដូច្នេះ​មាន​ការងារ​ត្រូវធ្វើ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា យើង​គិតថា​នឹង​ធ្វើ​ឡើង​ទ្វេភាគី​”​។​

​លោក​ប៊ែល​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ១៩៦២ នៅពេល​ដែល​សហរដ្ឋ​អាម៉េរិក​និង​សហភាពសូវៀត​បាន​ខិត​ជិត​សង្គ្រាម​នុយក្លេអ៊ែរ​ជុំវិញ​វត្ត​មាន​មី​ស៊ី​ល​សូវៀ​ត​នៅ​គុយបា យ៉ាង​ដូច្នេះ​ថា “​ឥឡូវ​នេះ​យើង​ឈាន​ដល់​ខួប​លើក​ទី ៦០ នៃ​វិបត្តិ​មី​ស៊ី​ល​គុយបា​”​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) បាន​និយាយ​កាលពី​ឆ្នាំមុន បន្ទាប់​ពី​ការហៅ​ទូរស័ព្ទ​រវាង​លោក​ស៊ី​និង​លោកបៃ​ដិនថា អ្នក​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដើម្បី “​សម្លឹង​ចាប់ផ្តើម​បន្ត​ការពិភាក្សា​អំពី​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ​”​។​ប៉ុន្តែ​លោក​ស៊ី​បាន​ផ្តល់​សញ្ញា​ក្នុងអំឡុង​សមាជ​បក្ស​កុម្មុយនីស្ត​ក្នុង​ខែ​តុលា​ថា ចិន​នឹង​ពង្រឹង​ការរារាំង​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន ដែល​ជា​ពាក្យ​​តែងតែ​ប្រើ​ដើម្បី​ពណ៌នា​អំពី​អាវុធ​នុយក្លេអ៊ែរ​។​

​លោក រី​ឆាត ច​ន​សុន (Richard Johnson) ឧបការី​រង​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក​ទទួលបន្ទុក​គោលនយោបាយ​នុយក្លេអ៊ែរ​និង​ការប្រឆាំង​អាវុធ​មហា​ប្រល័យ​បាន​ប្រាប់​វេទិការ​ក្រុមប្រឹក្សា​​អា​ត្លង់​ទិកថា សហរដ្ឋ​អាម៉េរិក​កំពុង​សម្លឹង​ចាប់ផ្តើម​ការពិភាក្សា​ជាមួយ​ចិន​លើ “​អ្វីៗ​ជា​មូលដ្ឋាន​” ជា​ជាង​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។​

​លោក​ច​ន​សុន​បាន​បន្ថែមថា ប្រសិនបើ​ប៉េកាំង​មិន​ចង់​ចូលរួម​ពិភាក្សា​ទ្វេភាគី ចិន​អាច “​បង្ហាញ​ពី​តម្លាភាព​ខ្លះ​” អំពី​ការកសាង​នុយក្លេអ៊ែរ​របស់​ខ្លួន​តាម​រយៈ​ទីភ្នាក់ងារ​ថាមពល​អា​តូមិ​ក​អន្តរជាតិ ដោយ​ប្រកាស​ការ​ស្តុក​ទុក​នូវ​សារធាតុប្លា​តូនី​ញ៉ូម​របស់​ខ្លួន​សម្រាប់គោល​បំណង​ស៊ីវិល​។​

​លោក​បាន​បន្តថា “​ចិន​បាន​ឈប់​ធ្វើ​រឿង​បែបនេះ ហើយ​នោះ​ជា​ការព្រួយបារម្ភ​យ៉ាង​ពិតប្រាកដ​”៕