​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន Twitter ថ្មី លោក អេ​ឡុន ម៉ាស បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​វិច្ឆិកា​ថា បណ្តាញ​សង្គម​នេះ​នឹង​គិតលុយ ៨​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ផ្ទៀងផ្ទាត់​គណនី​​របស់​អ្នកប្រើប្រាស់ ដោយ​លើក​ហេតុផល​ថា ផែនការ​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ “​ម្ចាស់​បច្ចុប្បន្ន​និង​អ្នក​ជួល​” របស់​វេទិកា​បណ្តាញ​សង្គម​នេះ និង​បង្កើត​លំហូរ​ប្រាក់​ចំណូល​ថ្មី​សម្រាប់​ក្រុមហ៊ុន​។​

​ការប្រកាស​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បុរស​មាន​បំផុត​ក្នុង​ពិភពលោក​បាន​គ្រប់គ្រង​តែម្នាក់ឯង​លើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ក្នុង​កិច្ចព្រមព្រៀង​ទិញ​ដ៏​ចម្រូងចម្រាស ៤៤ ពាន់​លាន​ដុល្លារ​។​

​លោក​បាន​សរសេរ​នៅលើ Twitter ដោយ​យោង​ទៅលើ​សញ្ញា​ធី​ក​ពណ៌​ខៀវ​ដ៏​ល្បីល្បាញ​របស់​វេទិកា​នេះ​ដែល​ផ្តល់​សញ្ញា​ថា​ជា​គណនី​ដែល​បាន​ផ្ទៀងផ្ទាត់​និង​ពិតប្រាកដ យ៉ាង​ដូច្នេះ​ថា​”​ផ្តល់​អំណាច​ដល់​​ប្រជាពលរដ្ឋ​! សញ្ញា​ធី​ក​ពណ៌​ខៀវ​មួយ​តម្លៃ ៨ ដុល្លារ​/​ខែ​”​។​

​លោក​ម៉ា​ស​បាន​បន្ថែម​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សារ Twitter ដើម​របស់​គាត់​ថា តម្លៃ​នៃ​ផែនការ​ថ្មី​នឹង​ត្រូវ​កែសម្រួល​ដោយ “​សមាមាត្រ​នៃ​អំណាច​ទិញ​តាម​ប្រទេស​” ហើយ​នឹង​រួមបញ្ចូល​ផងដែរ​នូវ “​អាទិភាព​” ក្នុង​ការឆ្លើយតប​និង​ការស្វែងរក​សារ​បង្ហោះ ដែល​គាត់​ហៅថា “​មាន​សារៈសំខាន់​ដើម្បី​កម្ចាត់​សារ​ឥត​បានការ​/​សារ​បោកប្រាស់​”​។​

​លោក​បាន​និយាយថា វា​ក៏​នឹង​មាន​ការពង្រីក​សមត្ថ​ភាព​វីដេអូ ការផ្សាយ​ពាណិជ្ជក​ម្មតិ​ច​ជាង​មុន និង​លទ្ធភាព​សម្រាប់​អ្នក​ប្រើប្រាស់​ដើម្បី​ទទួលបាន​”​ការ​ចុច​មើល​វេបសាយ​បង់​លុយ​ដែល​គេ​បិទ​​សម្រាប់​អ្នក​បោះពុម្ពផ្សាយ​ដែល​មាន​បំណង​ធ្វើការ​ជាមួយ​យើង​”​។​

​លោក​ម៉ាស​បានសរសេរថា “​នេះ​ក៏​នឹង​ផ្តល់ឱ្យ Twitter នូវ​លំហូរ​ប្រាក់ចំណូល​ដើម្បី​ផ្តល់​រង្វាន់​ដល់​អ្នក​បង្កើត​មាតិកា​ផងដែរ​”៕

​ក្រោយ​ចូលកាន់​តំណែង​CEO​របស់ Twitter លោក​ម៉ាស​ប្រកាស​គិតលុយ​៨​ដុល្លារ​ក្នុង​មួយ​ខែ​ពី​គណនី​មាន​សញ្ញា​ធី​ក​ពណ៌​ខៀវ