ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៦ វិច្ឆិកា នេះ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឈានដល់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។

ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលបានចំណាត់ថ្នាក់លេខ១ក្នុងពូលនោះ ត្រូវតស៊ូជាមួយអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ដែលបានលេខ២ ក្នុងពូលមួយទៀត។

ការប្រកួតក្នុងពូល កន្លងមក ៣ ប្រកួត បូរ៉ា បានទទួលជ័យជំនះ ទាំង ៣ ប្រកួតចំពោះ វ៉ាន់ វឿន វិញ ៣ ប្រកួតរបស់គេ ឈ្នះបាន ២ ប្រកួត និងចាញ់មួយប្រកួត ។ វ៉ាន់ វឿន ជាអ្នកប្រដាល់ ដែលខ្សោយជើងក្រោម រីឯជង្គង់ និងកែងរបស់គេ អស្ចារ្យណាស់។ សម្រាប់ បូរ៉ា វិញ ទោះបីមុខរបស់គេ មិនសូវរឹងមែន តែផ្លែជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់ គឺមិនស្រួលទប់ទល់នោះឡើយ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ កូនរាហ៊ូមាស ខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ដែលឈរក្នុងតំណែងលេខ១ ក្នុងពូលនោះ ត្រូវជួបជាមួយអ្នកប្រដាល់ សូត្រ វាសនា ក្លិបបក្សីស្លាបដែក ដែលឈរក្នុងតំណែងលេខ២ ក្នុងពូល។

វ៉ាន់ថង កំពស់របស់គេ ស្ទើរជាង វាសនា បន្តិច តែទាំងការវាយលុក និងការពាររបស់គេ ល្អ ពិសេសគេមានភាពអំណត់ខ្ពស់ទៀតផង។ វាសនា ជង្គង់រហ័សមែន តែពោះរបស់គេ ជ្រាយប្រសិនបើត្រូវមួយជង្គង់ ឬកែងនោះ គេបាត់បង់លទ្ធភាពប្រកួតតែម្ដង។ តែសម្រាប់ វគ្គនេះ ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នា។

អ្នកឈ្នះ នឹងប្រជែងបានកៅអី នៅវគ្គផ្ដាច់ព្រ័ត្រ ចំពោះអ្នកចាញ់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ ឈុត សេរីវ៉ាន់ថង, ឃុន បូរ៉ា, វ៉ាន់ វឿន និង សូត្រ វាសនា នរណាឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។

ចំពោះការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិវិញនោះ អ្នកប្រដាល់ ខាំ កូនខ្លា ក្លិបមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយអ្នកប្រដាល់វៀតណាម Bui Tran Tan Tak ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

ជើងខ្លាំង លន បញ្ញា ក្លិបកងយោធពលខេមរភូមិន្ទ ជួបប្រកួតជាមួយ អ្នកប្រដាល់ឆ្លងដែនមកពីវៀតណាម ឈ្មោះ Pham Ngoc ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។

ចំពោះការប្រកួតជាមួយអ្នកប្រដាល់រួមជាតិវិញនោះ មិត្ត រមលី ក្លិបមេថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយអ្នកប្រដាល់ សី កុសល មកពីក្លិបសរសីគុនខ្មែរ ខេត្តកណ្ដាល៕/V-PC