ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា នេះថាៈ ប្រជាកសិករ ក្នុងខេត្តកំពង់ធំ ចាប់ផ្តើមធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញ បន្ទាប់ពីរងការខូចខាត ក្នុងអំឡុងពេលទឹកជំនន់ កន្លងមកនេះ ក្រោយពេលទទួលបានស្រូវពូជ ពីរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ និងចែកដោយផ្ទាល់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៩៥៩ តោន ចែកទាំង ៩ ស្រុក ក្រុង នៃខេត្តកំពង់ធំ។

ទន្ទឹមនឹងនោះ ក្រោយពេលទឹកស្រក ប្រជាកសិករ នៅស្រុកតាំងគោក ចាប់ផ្តើមសស្រាក់ សស្រាំ ធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញចំនួន ៦០ ហិកតាហើយ បន្ទាប់ពីរងនូវ ការខូចខាតដោយទឹកជំនន់ ជាក់ស្តែង បងប្អូនប្រជាកសិករ ចាប់ផ្តើមធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

ជាមួយគ្នានោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឲ្យដឹងថាៈ អាជ្ញាធរឃុំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ធ្វើការទប់ទឹក ដើម្បីប្រើប្រាស់ ចៀសវាងកាយទំនប់ ឬភ្លឺស្រែ ដើម្បីចាប់ត្រី ជាហេតុនាំឲ្យទឹកហូរពីស្រែខ្វះទឹកប្រើប្រាស់ ព្រោះរដូវនេះ ទឹកភ្លៀងមិនសំបូរទៀតទេ។ ប្រជាកសិករគ្រប់រូប ត្រូវខិតខំធ្វើស្រែប្រដេញ ទឹក និងស្តារឡើងវិញ កុំទុកស្រែឱ្យនៅទំនេរ។ ដីស្រែជាច្រើនហិកតាដែលបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ជនដោយទឹកភ្លៀង មានការរងការខូចខាត នៅតំបន់ទំនាប កន្លងមកនេះ។

ក្នុងឱកាសនោះ គេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប មានការសប្បាយ រីករាយ ដោយការយកចិត្តទុកដាក់ គិតគូរសុខទុក្ខរបស់អាជ្ញាធរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានផ្តល់ពូជស្រូវ ដើម្បីធ្វើការស្តារឡើងវិញ នូវស្រែដែល បានខូចខាត៕/V-PC