​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ត្បិត​ថ្ងៃនេះ​ក្រុម​ខ្លាំង​អង់គ្លេស​ទាំងពីរ Man City និង Chelsea បាន​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់​រួច​ហើយ​ក្តី ក៏​ពួកគេ​នៅ​តែ​ចាំបាច់​ត្រូវការ​ឈ្នះ​ជាដាច់ខាត​ដើម្បី​រក្សា​កិត្តិយស​ក្នុងនាម​ម្ចាស់ផ្ទះ ជាពិសេស Chelsea ដែល​ចង់​សងសឹក ក្រោយ​ចាញ់ Dinamo Zagreb នៅ​ថ្ងៃ​ប្រកួត​បើកឆាក​។

​ការព្យាករណ៍ ៖

– Manchester City vs Sevilla

* Sevilla រកបាន ៨ គ្រាប់​ក្នុងចំណោម ៩ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ក្រុម​ភ្ញៀវ​មិន​ដែល​ឈ្នះ​ក្នុងការ​ធ្វើ​ដំណើរ​ក្រៅ​ទឹកដី ៦ លើក​ចុងក្រោយ​របស់​ពួកគេ​នៅ Champions League​។​
* City បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ ១៣ លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៥៤ គ្រាប់​។​
* Mahrez រកបាន ២ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ក្នុងផ្ទះ ៣ លើក​ចុងក្រោយ​របស់​គេ​។​

​គេ​មិនសូវ​បានកត់សម្គាល់​ទេ​ថា​ឥឡូវនេះ​ទម្រង់​លេង​របស់ City កំពុង​ធ្លាក់ចុះ​សន្សឹមៗ​។ ការចាប់ផ្តើម​ដូច​ទឹកបាក់​ទំនប់​របស់​ពួកគេ​បាន​ថមថយ ដោយ​ឈ្នះ​តែ ២ លើក​ពី​ការប្រកួត ៦ លើក​ចុងក្រោយ​របស់​ពួកគេ​។ ដោយ​ស្មើ ២ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​អឺរ៉ុប​ក្នុង​លទ្ធផល ០-០ ពួកគេ​ចាប់ផ្តើម​ធ្លាក់​សន្ទុះ​ក្នុង Champions League​។​

​ទោះយ៉ាងណា City ដោយ​គ្មាន Erling Haaland នៅតែ​ជា​កម្លាំង​ដែល​ត្រូវ​រាប់បញ្ចូល​។ ក្រុម​មេឃ​ខៀវ​គ្រោង​នឹង​ប្តូរ​កីឡា​ជម្រើស​ផ្សេង​ក្នុង​ទីលាន​ក្រោយ​ធានា​កៅអី​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​សូម្បី​ឈុត​ខ្សោយ​របស់ Man City ក៏​នៅតែ​ខ្លាំង​ពេក​ណាស់​សម្រាប់ Sevilla ។​

Manchester City មាន​កំណត់ត្រា​ដ៏​អស្ចារ្យ​ទល់នឹង Sevilla ក្រោយ​ឈ្នះ​ការប្រកួត Champions League ទាំង​៣​របស់​ពួកគេ​ទល់​នឹង​គូប្រជែង​មួយ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់​។ ក្រុម​ម្ចាស់ផ្ទះ​ក៏​បាន​ឈ្នះ ២៦ លើក​ក្នុងចំណោម ៣២ ប្រកួត​ក្នុងផ្ទះ​របស់​ពួកគេ​នៅក្នុង UCL ចាប់តាំងពី​លោក Pep Guardiola ចូលកាន់​តំណែង​ផងដែរ​។​

​គ្រូបង្វឹក​របស់ City ក៏​មាន​កំណត់ត្រា​អស្ចារ្យ​ផ្ទាល់ខ្លួន​របស់​គាត់​ជាមួយនឹង​ក្រុម Sevilla ផងដែរ ខណៈ​គាត់​បាន​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ១៣ ប្រកួត​របស់​គាត់​ជាមួយនឹង​ពួកគេ​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ ដោយ​ឈ្នះ ៩ ដង​។ ក្នុង​អំឡុងពេល​នោះ ក្រុម​របស់​គាត់​មាន​គ្រាប់​បាល់​ជា​មធ្យម ២,៥ គ្រាប់​ក្នុង​មួយ​ប្រកួត​ទល់​នឹង​ពួកគេ ដោយ​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន ៣៣ គ្រាប់​។​

City កំពុង​លេង​ឈ្នះ ១៣ ប្រកួត​ជាប់ៗ​គ្នា​នៅ​ទឹកដី Etihad ដោយ​ស៊ុត​បញ្ចូល​ទី ៥៤ គ្រាប់​សឹង​មិន​គួរឱ្យ​ជឿ​ក្នុង​អំឡុងពេល​នោះ​។ ពួកគេ​មាន​ជម្រើស​ប្រយុទ្ធ​គ្រប់គ្រាន់​ដើម្បី​កោះហៅ​ឱ្យ​បន្ត​រក្សា​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ​។ Riyad Mahrez មាន​ភាព​លេចធ្លោ​ជាង​គេ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុងចំណោម ៣ ប្រកួត​ចុងក្រោយ​របស់​គេ​នៅ Etihad និង បន្ទាប់​ពី​ស៊ុត​បាន ៧ គ្រាប់​ក្នុង ១១ ប្រកួត​នៅ​អឺរ៉ុប​កាល​ពី​រដូវ​កាល​មុន​។​

Sevilla បាន​ចាញ់​២​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​ពួកគេ​ត្រូវ​បាន​វាយ​សំពង​ក្រោម​ថ្វីដៃ​ទាំង City និង Dortmund ក្នុង​ពូ​ល​នេះ​។ ពួក​គេ​ច្បាស់​ជា​លំបាក​ជាមួយ​ក្រុម Man City ដែល​មាន​កំណត់ត្រា​អស្ចារ្យ​នៅ Etihad ជាពិសេស​ដោយ​ពិចារណា​ថា ក្រុម​ភ្ញៀវ​មិន​ដែល​ឈ្នះ​ក្នុង​ការប្រកួត​ក្រៅ​ដី ៦ លើក​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ក្របខណ្ឌ Champions League ។​

​ការ​ឈ្នះ​ចុងក្រោយ​របស់ Sevilla លើ​ក្រុម​អង់គ្លេស​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ក្រប​ខណ្ឌ Champions League គឺ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០០៧​។ ចាប់តាំងពី​ពេលនោះ​មក Sevilla មិន​ឈ្នះ​សោះ​ក្នុង​ការប្រកួត ៧ លើក​ចុងក្រោយ​នេះ ដោយ​ចាញ់ ៤ ដង​។ អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺថា ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៨​គ្រាប់​ក្នុង​ការប្រកួត​៩​លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​ពួកគេ​គួរតែ​អាច​តដៃ​បាន​ជាមួយ City​។​

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ៤-១​។​

– Chelsea vs Dinamo Zagreb

* Dinamo Zagreb បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត ៣ លើក​ក្នុងចំណោម ៥ ប្រកួត​ក្នុង​ពូ​ល​របស់​ពួកគេ​។​
* Chelsea ត្រូវ​ប្តូរ​កីឡាករ​ជម្រើស​ដំបូង​សម្រាប់​ត្រៀម EPL ចុង​សប្តាហ៍​នេះ ប៉ុន្តែ​ខ្វះ​ជម្រើស​ក្នុង​តំបន់​ការពារ​។​
* ក្រុម​តោ​ខៀវ​បាន​របូត​គ្រាប់​បាល់​នៅ ៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* Chelsea មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចំនួន ១០ លើក​ក្នុង UCL ប៉ុន្តែ​ពួកគេ​បាន​ស្មើ ៤ ដង​ក្នុង​ចំណោម​នោះ​។​

​ដោយហេតុ​ថា Chelsea បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​និង​ធានា​បាន​ចំណាត់ថ្នាក់​លេខ​មួយ​ដោយ​ស្វ័យប្រវត្តិ ក្រុម​របស់​លោក Graham Potter គ្មានអ្វី​ត្រូវ​ប្រឹង​ទេ​សម្រាប់​ថ្ងៃ​ពុធ​នេះ​។ វា​ជា​រឿង​ភ្ញាក់ផ្អើល បន្ទាប់​ពី​តោ​ខៀវ​ចាញ់ ១-០ ក្រោម​ថ្វីដៃ​របស់​ក្រុម Dinamo ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ដែល​នោះ​បាន​ក្លាយជា​ការប្រកួត​ចុងក្រោយ​របស់​លោក Thomas Tuchel ។​

​ទោះយ៉ាងណា ក្រុម​តោ​ខៀវ​ឈានចូល​ការប្រកួត​នេះ​ជាមួយនឹង​ឱកាស​ដាក់​កីឡាករ​ជម្រើស​ថ្មី មុន​ពេល​ការ​ប៉ះ​គ្នា​ដ៏​សំខាន់​ជាមួយនឹង​ក្រុម Arsenal ។ គ្រោះថ្នាក់​តែ​មួយគត់​នៅទីនេះ​គឺ​ថា ក្រុម​ភ្ញៀវ​អាច​នឹង​ប្រឹង​ដណ្តើម​៣​ពិន្ទុ​ដើម្បី​អាច​លេង​នៅ Europa League ។​

​ទោះយ៉ាងណា ការ​ឈ្នះ​ក្រៅ​ដី​ចុងក្រោយ​របស់ Dinamo Zagreb ក្នុង​ក្របខណ្ឌ Champions League បាន​កើត​ឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ដូច្នេះ​ឱកាស​របស់​ពួកគេ​ក្នុងការ​ដណ្តើមបាន​៣​ពិន្ទុ​គឺ​ហាក់​មិន​អាច​ទៅរួច​ទេ​។​

​ខណៈ Chelsea គ្មានអ្វី​ត្រូវ​លេង​ក៏ពិតមែន តែ​លោក Potter ត្រូវតែ​ដោះស្រាយ​បញ្ហា​ខ្សែការពារ​របស់​ក្រុម​គាត់​។ ក្រុម​តោ​ខៀវ​ត្រូវបាន​ផ្តួល ៤-១ ដោយ​ក្រុម Brighton កាលពី​ចុង​សប្តាហ៍ ដែល​ជា​ការប្រកួត​លើក​ទី ៣ ជាប់ៗ​គ្នា​ដែល​ពួកគេ​របូត​គ្រាប់​បាល់​។​

​ក្រុម​តោ​ខៀវ​កំពុង​ខ្វះ​ជម្រើស​ការពារ ដោយ​កីឡាករ Wesley Fofana, Kalidou Koulibaly និង Reece James សុទ្ធតែ​អវត្តមាន​ដោយសារ​របួស​រយៈពេល​វែង​។ ខណៈ​នឹងមាន​ជំនួប​ដ៏​សំខាន់​ជា​មួយ​ក្រុម Arsenal នាពេលខាងមុខ លោក Potter អាច​នឹង​មាន​ភាព​ច្នៃប្រឌិត​ថ្មី​ជាមួយ​នឹង​ការជ្រើសរើស​កីឡាករ​របស់គាត់​នៅ​តំបន់​ការពារ​នៅ​ក្នុង​ការប្រកួត​នេះ​។​

​នោះ​គឺជា​អ្វីដែល Dinamo អាច​ទាញយក​ប្រយោជន៍​បាន ព្រោះ​ពួកគេ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុងចំណោម ៥ ប្រកួត​របស់​ពួកគេ​នៅក្នុង​ពូ​ល​នេះ​ផងដែរ​។ ពីរ​គ្រាប់​ក្នុងចំណោម​នោះ​គឺ​ស៊ុត​ដោយ​កីឡាករ Mislav Orsic ដោយ​១​គ្រាប់​ក្នុងចំណោម​នោះ​គឺជា​គ្រាប់​ជ័យជម្នះ​ក្នុង​រដូវ​កាល​នេះ​ទល់នឹង Chelsea​។ ត្បិត​ដូច្នេះ​ក្តី ក៏​តោ​ខៀវ​នៅតែមាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង Dinamo ហើយ​ជាពិសេស តោ​ខៀវ​នឹង​លេង​ក្នុង​របៀប​សងសឹក​ចំពោះ​បរាជ័យ ១-០ កាល​ពី​ជើង​ទីមួយ​។

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ១-០៕

Chelsea ត្បិត​ត្រូវ​ទុក​ជើង​លេង​ជាមួយ Arsenal ក៏​ត្រូវ​ឆ្លៀត​ពេល​សងសឹក​នឹង Dinamo Zagreb ដែរ