ដោយៈ ទេព មង្គល​ / ភ្នំពេញៈ ក្រោយពីបានពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ LIVACT® Granule គ្មានលេខបញ្ញិកា ស្រដៀងនឹងឱសថ LIVACT® Granule មានលេខបញ្ជិកា CAM R, 1169 [P-17 ដែលចែក ចាយ ដោយក្រុមហ៊ុន ALKEN PHARMA (Cambodia) LTD នោះ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយ ឬលក់ឱសថ ឈ្មោះ LIVACT® Granules ដែលគ្មានលេខបញ្ជិកានោះជាបន្ទាន់។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនោះ បានឱ្យដឹងថាៈ អនុលោម តាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផល ដែលមានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ជិកា ខាងលើឡើយ ព្រោះឱសថនេះ មិនអាច ធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថ ក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថ ខាងលើនេះ ជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងចែកចាយ ឬលក់ឱសថ ដែលគ្មានលេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕/V-PC