ដោយៈ ភ្នំខៀវ / បាត់ដំបង: ព្រះសង្ឃគង់ក្នុងវត្តបវេល ដែលកើតមានអាការៈថប់ដង្ហើម និងក្តៅខ្លួនយ៉ាងខ្លាំង កើនដល់ ២១ អង្គ ហើយនៅព្រឹកនេះ គ្រូពេទ្យ បានរកឃើញមាន ៤ អង្គ កើតជំងឺគ្រុនឈាម ក្រៅពីនេះ កំពុងពិនិត្យបន្ត។

មន្ត្រីសង្ឃដែលទទួលខុសត្រូវ ក្នុងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានមាន សង្ឃដីកាថាៈ សាមណេរដែលកើតមានបញ្ហាសុខភាពថប់ដង្ហើម និងក្តៅខ្លួនខ្លាំង នៅម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២២ នេះ កើនឡើងដល់ចំនួន ២១ អង្គហើយ។ នៅព្រឹកនេះ ក្រោយការតាមដានពិនិត្យអាការៈជំងឺ ក្រុមគ្រូពេទ្យ បានរកឃើញព្រះសង្ឃ ជាសាមណេរ ចំនួន ៤ ព្រះអង្គ កើតជំងឺគ្រុនឈាម ក្រៅពីនេះ មួយចំនួនបានរលាកបំពង់ក និងអង្គខ្លះទៀត កំពុងពន្លឿនការពិនិត្យបន្ថែម។

ប្រភពដដែល បានបញ្ជាក់ថាៈ ក្នុងចំណោមព្រះសង្ឃ ដែលមានបញ្ហាសុខភាពទាំង ២១ អង្គនោះ មានសាមណេរ ដែលមានព្រះជន្មក្រោម ១៥ ឆ្នាំ ចំនួន ៨ អង្គ និងព្រះសង្ឃ មានព្រះជន្មលើស ១៥ ឆ្នាំ ចំនួន ១៣ អង្គ។

សាមណេរដែលកើតមានបញ្ហាសុខភាព ខុសពីប្រក្រតី ចំនួន ២១ អង្គ ក្នុងចំណោម ១៥០ អង្គ ដែលបច្ចុប្បន្ន កំពុងគង់នៅក្នុងវត្តខ្នាចរមាស ស្រុកបវេល សុទ្ធសឹងជា ព្រះសង្ឃ ដែលនិមន្តមកពីបណ្តាខេត្តផ្សេងៗ មានមកពីខេត្តក្រចេះ កំពង់ចាម កំពង់ស្ពឺ កំពង់ធំ និងខេត្តសៀមរាប ផងដែរ ដើម្បីគង់បន្តការសិក្សាសាលាពុទ្ធិក (បាលី)៕/V-PC