ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញ: ការដ្ឋានសំណង់មិនមានអនុញ្ញាតមួយកន្លែង ស្ថិតនៅដីឡូត៍ លេខ១២ ផ្លូវលេខ១១៣ កែវផ្លូវ៣០០ ភូមិ២ ខណ្ឌបឹងកេងកង ដែលអាងអ្នកមាន ឥទ្ធិពលនៅពីក្រោយ ដែលបានបង្កភាពក្តៅក្រហាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់នោះ ដូចជាយកគ្រឿងចក្រ បិទផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្លាក់ថ្ម និងរបស់ របរផ្សេងៗ ធ្លាក់មកលើផ្លូវ និងផ្ទះប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរខណ្ឌ ចុះផ្អាកការដ្ឋាន នោះ ជាបណ្តោះអាសន្ន។ ខណៈអាជ្ញាធរ ចុះផ្អាកការដ្ឋានសំណង់នេះ ក៏មានអ្នកមាន ឥទ្ធិពលខ្លះ អន្តរាគមន៍ផងដែរ។

លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងលកេងកង បានដឹកនាំមន្ត្រីការិយាល័យ ភូមិបាល និងមន្ត្រីសង្កាត់បឹងកេងកង២ ចុះផ្អាកការដ្ឋានសំណង់ មិនមានច្បាប់អនុញ្ញាត ស្ថិតនៅដីឡូត៍លេខ១២ ផ្លូវលេខ១១៣ កែវផ្លូវ៣០០ ភូមិ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានធ្វើការណែនាំម្ចាស់ការដ្ឋាន និងបាន យកគ្រឿងចក្រ ដែលបិទផ្លូវលេខ៣០០ មករក្សាទុកនៅសាលាខណ្ឌ។

អភិបាលរងខណ្ឌបឹងកេងកង បានបន្តថាៈ បើតាមការរាយការណ៍ពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា សំណង់នេះ កន្លងមក ធ្លាប់មានធ្លាក់ថ្ម និងរបស់របរផ្សេងៗ ធ្លាក់មកលើផ្លូវ និងផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះ ច្រើនលើកច្រើនសារមកហើយ ហើយ ប្រជាពលរដ្ឋ បានរាយការណ៍ ទៅសាលាសង្កាត់ ជាញឹកញាប់ផងដែរ។ ផ្លូវសាធារណ: គឺសម្រាប់ឲ្យប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ហើយក៏គ្មានបុគ្គលណាម្នាក់ មានសិទ្ធិយក គ្រឿងចក្រ មកបិទផ្លូវបែបនេះបានទេ។

លោកអភិបាលរង បានបញ្ជាក់ថាៈ ករណីខាងលើនេះ អាជ្ញាធរ បានណែនាំឲ្យម្ចាស់ ការដ្ឋាន ត្រូវយកគ្រឿងចក្រ ចេញម្តងមកហើយ តែមិនស្តាប់ និងរឹងរូស ទើបលោកបាន ដឹកនាំកម្លាំង ចុះមកធ្វើការផ្អាកគ្រឿងចក្រ ជាបណ្ដោះអាសន្នសិន។ តែប្រសិនជាផ្អាក ហើយ ការដ្ឋានមួយនេះ នៅតែបន្តធ្វើទៀត រដ្ឋបាលខណ្ឌ នឹងធ្វើការរឹបអូសសម្ភារៈ ទាំងអស់នោះ យកទៅរក្សាទុកនៅសាលាខណ្ឌ ដោយមិនទទួលខុសត្រូវលើការខូចខាត របស់របរសម្ភារៈទាំងនោះឡើយ។

អភិបាលរងខណ្ឌបឹងកេងកង បានបញ្ជាក់ទៀតថាៈ ការដ្ឋានសាងសង់នេះ បន្ទាប់ពី អាជ្ញាធរបានផ្អាកហើយ និងតម្រូវឲ្យម្ចាស់ការដ្ឋានធ្វើការជួសជុលលូ ដែលខ្លួនបានធ្វើឲ្យ បែកបាក់ ទាំងប៉ុន្មាន ត្រូវដាក់ឲ្យវិញ ហើយបានណែនាំម្ចាស់ការដ្ឋាន ត្រូវរៀបចំ សំណាញ់ហ៊ុមព័ទ្ធកន្លែងការដ្ឋាន កុំឲ្យធ្លាក់របស់របរផ្សេងៗមកទៀត អាចធ្វើឲ្យប៉ះពាល់ អ្នកជិតខាងទៀត។ ម្ចាស់ការដ្ឋាន ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យធ្វើការ សាងសង់បន្ត៕/V-PC