ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វិញ្ញាសា AK2 នៃប្រភេទកីឡាអេឡិចត្រូនិក (E-Sport) ដែលត្រូវបានដាក់បញ្ចូល ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ស្របពេលវិញ្ញាសានេះ កម្ពុជាមានក្ដីរំពឹង ក្នុងការដណ្ដើមមេដាយ ដោយផ្អែកលើសិទ្ធផលប្រកួត ក្នុងតំបន់រយៈពេលជាង ១០ ឆ្នាំមកនេះ។

ប្រភេទកីឡាអេឡិចត្រូនិក វិញ្ញាសា AK2 ត្រូវបានបែងចែកជា ២ វិញ្ញាសាគឺ វិញ្ញាសាជាក្រុម និងវិញ្ញាសាឯកត្តជន ដែលស្ថិតក្នុងចំណោមវិញ្ញាសាទាំង៩ ត្រូវបានរៀបចំឲ្យប្រកួត នៅកម្ពុជា នៅឆ្នាំក្រោយ សម្រាប់ការបង្ហាញខ្លួន លើកដំបូងនៅស៊ីហ្គេម ដែលជាវិញ្ញាសា ដែលកម្ពុជាមានសក្ដានុពលបំផុត។

បច្ចុប្បន្ន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កំពុងស្ថិតក្នុងការប្រកួតជម្រុះ ដោយបាន ឈានចូលដល់រដូវកាលទី៤ និងជារដូវកាលចុងក្រោយ នៃវគ្គសន្សំពិន្ទុ ដើម្បីស្វែងរក ក្រុមខ្លាំង ដែលមានពិន្ទុលើសគេ ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ តាមគម្រោងការជ្រើស រើស ក្រុមតំណាងកម្ពុជា គឺអាចនឹងរកឃើញ នៅអំឡុងខែមីនា ឆ្នាំ២០២៣ ។

លោក ឈុន ហាំងជ័រ ហៅ ” Sento ” ដែលមានបទពិសោធន៍ច្រើន លើវិញ្ញាសា AK2 បានបង្ហាញចំណាប់អារម្មណ៍ ភា្ជប់ជាមួយក្ដីរំពឹង និងការជឿជាក់លើវិញ្ញាសា ដ៏មានសក្ដានុពលមួយនេះ ដោយផ្អែកលើបទពិសោធន៍ ចូលរួមប្រកួតអន្តរជាតិ តាំងពីឆ្នាំ ២០១២ កម្ពុជា តែងតែធ្វើបានល្អ តាមរយៈការឡើងដល់ វគ្គផ្ដាច់ព្រ័ត្រជារឿយៗ។

លោក Sento បាននិយាយថាៈ វិញ្ញាសា AK2 ដែលជាវិញ្ញាសាមានសក្ដានុពល នៅក្នុងស៊ីហ្គេម ដោយសារកម្ពុជា លេងវិញ្ញាសាប្រហែលជាខ្ទង់ ១០ឆ្នាំ ក្នុងការប្រកួត អន្តរជាតិ គឺកម្ពុជាតែងតែឡើង ដល់វគ្គផ្ដាច់ព្រ័ត្រ។ ហេតុនេះ វិញ្ញាសា AK2 រំពឹងនឹងបាន មេដាយមាស ភាគរយច្រើន ស្ទើរតែ ៨០ ភាគរយ។

លោក ឈុន ហាំងជ័រ ក៏បាននិយាយពីគូប្រកួត ក្នុងតំបន់ ដោយលើកសរសើរពីភាពខ្លាំងរបស់ប្រទេសជិតខាងគឺ ម៉ាឡេស៊ី និងថៃ ដែលអាចចាត់ទុកជាគូប្រជែងធំ។ លោកបាន និយាយថាៈ ” សម្រាប់ខ្ញុំ ប្រទេសដែលអាចដណ្ដើមមេដាយ ជាមួយកម្ពុជាបាន ទី១គឺ ម៉ាឡេស៊ី បន្ទាប់មកទី២ គឺប្រទេសថៃ ពីព្រោះ ម៉ាឡេស៊ី និងថៃ គេមានបទពិសោធន៍ ច្រើនដែរ។ ពួកគេលេងយូរដែរ ហើយម៉្យាងវិញទៀត តែងតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រ គឺប៉ះប្រទេសថៃ ក៏ដូចជាម៉ាឡេស៊ី តែភាគច្រើន គឺកម្ពុជា ជួបម៉ាឡេស៊ីច្រើន”។

វិញ្ញាសា AK2 បានចូលមកកម្ពុជា អំឡុងឆ្នាំ២០១០ ក្រោយមក ក៏មានការប្រកួតជាហូរហែរ រួចបន្ថែមមានការប្រកួតលក្ខណៈអន្តរជាតិ នៅឆ្នាំ២០១២។ អ្វីដែលគួរឲ្យកត់ សម្គាល់ ចាប់តាំងពីការចូលរួមប្រកួតលើឆាកអន្តរជាតិក្រុម AK2 របស់កម្ពុជា តែងតែធ្វើបានលទ្ធផលល្អ ជាបន្តបន្ទាប់ ជាក់ស្ដែងនៅឆ្នាំ២០១៣ ទទួលបានជើងឯករង ពេលប្រកួតនៅប្រទេសថៃ។

ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២២ កម្ពុជា ធ្លាប់ឈ្នះជើងឯក ចំនួន ៣ ដង និងរងជើងឯក ៥ ដង។ លទ្ធផលទាំងនេះ បង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ២០១៣ កម្ពុជា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាប់រហូត (លើកលែងឆ្នាំ២០២១ ពុំមានការប្រកួត ដោយសារវិបត្តិជំងឺកូវីដ-១៩) និងឆ្នាំ២០២២ នេះ ក្រុមកម្ពុជា ទាំងពីរក្រុម ទទួលបាន ជើងឯក និងជើងឯករង ជាការប្រកួតធ្វើឡើង តាមប្រព័ន្ធអនឡាញ៕/V-PC